ក្រុងញូវដែលីៈ ក្រុមហ៊ុនបច្ចេកវិទ្យាផលិតទូរស័ព្ទចល័ត OnePlus របស់ប្រទេស ចិន បានចាប់ផ្តើមនាំចេញទូរស័ព្ទដៃទំនើបដែលផលិតនៅប្រទេសឥណ្ឌាទៅកាន់ទីផ្សារលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមកាសែតឥណ្ឌាដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍។
កាសែតប្រចាំថ្ងៃ Economic Times បានដកស្រង់សម្តីរបស់លោក Carl Pei សហស្ថាបនិករបស់ក្រុមហ៊ុន OnePlus ខណៈពេលដែលលោកថ្លែងថា៖ «ឆ្នាំ ២០១៩ ជាឆ្នាំល្អបំផុតរហូតមកដល់ពេលនេះ (នៅឥណ្ឌា)។ ដោយសារហេដ្ឋារចនាសម្ព័ន្ធឥណ្ឌាមានភាពចាស់ទុំ ហើយប្រព័ន្ធអេកូឡូស៊ីសម្រាប់ផលិតកម្មកើនឡើងពិតជាមានលទ្ធភាពដើម្បីបន្តការវិនិយោគនៅទីនេះ»។
លោក Pei បានថ្លែងថា៖ «ក្រុមហ៊ុន OnePlus បានបង្កើតបណ្តាញ SMT គ្រប់គ្រាន់សម្រាប់បរិមាណដែលត្រូវបានព្យាកររបស់ខ្លួននៅឆ្នាំនេះ ហើយបានចាប់ផ្តើមនាំចេញទូរស័ព្ទ OnePlus 7 Pro ដែលផលិតនៅឥណ្ឌាទៅកាន់ ទីផ្សាររបស់ប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងដែរ»។
លោកក៏បានឲ្យដឹងផងដែរថា បើគុណភាពមានកម្រិតខ្ពស់គ្រប់គ្រាន់ ហើយថ្លៃដើមល្អនៅពេលនោះវាសមហេតុផលដែលយកឥណ្ឌាធ្វើជាមជ្ឈមណ្ឌលនាំចេញមួយ។
OnePlus កំពុងនាំមុខគេក្នុងទីផ្សារទូរស័ព្ទតម្លៃថ្លៃខ្ពស់ជាង ៤២៨ ដុល្លារ ដោយមានចំណែកទីផ្សារ ៤៣ ភាគរយ បន្ទាប់មកក្រុមហ៊ុន Samsung និង Apple៕ People''s Daily/KC