
សកម្មភាពកម្មករកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅភ្នំពេញកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងមុនពីក្រុមហ៊ុនធំៗដែលផលិតសម្លៀកបំពាក់ និងកាបូបផ្សេងៗ ក្នុងការដាក់ទីតាំងផលិតកម្មដើម្បីនាំចេញទៅអាមេរិក ដោយសារក្រុមហ៊ុនទាំងនោះកំពុងងាកចេញពីប្រទេសចិនដោយសារបន្ទុកពន្ធដែលរដ្ឋាភិបាលអាមេរិកបានដំឡើង។ នេះបើយោងតាមការអះអាងរបស់អ្នកជំនាញ និងសេចក្តីរាយការណ៍មួយចំនួន។
ក្រុមហ៊ុនមួយចំនួនបានបង្ហាញគម្រោងផ្លាស់ប្តូរទីតាំងរោងចក្ររបស់គេពីចិន ហើយប្តូរទៅវិនិយោគនៅកម្ពុជាជំនួសវិញរួចទៅហើយតាមបណ្តាញព័ត៌មានអន្តរជាតិធំៗ ដោយសារថាពួកគេមិនត្រឹមតែប្រឈមនឹងថ្លៃពាណិជ្ជកម្មដែលខ្ពស់ស្រាប់ប៉ុណ្ណោះទេ តែថែមទាំងប្រឈមនឹងបន្ទុកថ្មីទាក់ទងនឹងការដំឡើងអត្រាពន្ធនាំចូលទៅអាមេរិកទៀតផង។
លោក Shaun Rein នាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន China Market Research Group មានមូលដ្ឋាននៅទីក្រុង ស៊ាងហៃ បានប្រាប់ភ្នំពេញប៉ុស្ដិ៍តាមអីុមែលថា៖ «ពីមុនប្រជាជនគិតថា នេះនឹងជាសង្គ្រាមពាណិជ្ជកម្មរយៈពេលខ្លីនៅពេលនេះពួកគេដឹងថា វាយូរជាងការរំពឹងទុក»។
លោកបន្តថា៖ «ច្បាស់ណាស់ ប្រទេសកម្ពុជានឹងមើលឃើញរោងចក្រកាន់តែច្រើនរកទីតាំងថ្មីចេញពីប្រទេសចិន នៅពេលនេះពាណិជ្ជករដឹងថាលោក ត្រាំ និយាយពិតប្រាកដអំពីការទទួលបានកំណើនរបស់ប្រទេសចិន។ រោងចក្ររបស់ចិន ត្រូវបានស្វាគមន៍កាន់តែច្រើននៅកម្ពុជាជាងវៀតណាម»។
ប្រទេសចិន បានធ្លាក់ទៅក្នុងជម្លោះពាណិជ្ជកម្មជាមួយអាមេរិករយៈពេលជាច្រើនខែ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហូតពន្ធ ២៥ ភាគរយលើទំនិញចិនដែលមានតម្លៃ ៥០ ពាន់លានដុល្លារ។
ថ្មីៗនេះលោក ត្រាំ បានគំរាមថា នឹងបង្កើនការហូតពន្ធលើទំនិញចិនដែលមានតម្លៃរហូតដល់ ២០០ ពាន់លានដុល្លារពី ១០ ទៅ ២៥ ភាគរយ។ បញ្ជីផលិតផលដែលរងផលប៉ះពាល់ រួមមានកាបូប ទំនិញធ្វើដំណើរ និងឧបករណ៍អេឡិចត្រូនិក។
ផ្ទុយពីចិន ផលិតផលទាក់ទងនឹងទំនិញធ្វើដំណើរផលិតនៅកម្ពុជាត្រូវបានអនុញ្ញាតឲ្យរួចពន្ធទៅទីផ្សារអាមេរិក។
យោងតាមរបាយការណ៍កាលពីខែមុនរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្រុមហ៊ុនសម្លៀកបំពាក់ដូចជា Steven Madden នឹងផ្លាស់ប្តូរការផលិតកាបូបរបស់ខ្លួន ចេញពីប្រទេសចិនមកកម្ពុជា។
ខណៈក្រុមហ៊ុនផលិតស្បែកជើង និងឧបករណ៍អេឡិចត្រូនិក នឹងបញ្ជាទិញកាបូបពីកម្ពុជាបន្ថែម ១៥ ភាគរយនៅឆ្នាំនេះ ហើយអគ្គនាយកក្រុមហ៊ុននេះរំពឹងថានឹងកើន ២ ដងក្នុងឆ្នាំ២០១៩។
Onward Holdings ជាក្រុមហ៊ុនសម្លៀកបំពាក់របស់ប្រទេស ជប៉ុន ក៏បញ្ចេញផែនការបង្កើនខ្សែចង្វាក់ផលិតនៅកម្ពុជាផងដែរ។ ខណៈបច្ចុប្បន្នការផលិតតាមកិច្ចសន្យា ៦០ ភាគរយរបស់ក្រុមហ៊ុន Onward កំពុងស្ថិតក្នុងប្រទេស ចិន ហើយតិចជាង ១០ ភាគរយកំពុងស្ថិតនៅកម្ពុជា។
លោក Michinobu Yasumoto ប្រធាន Onward Holdings បានប្រាប់កាសែត Nikkei Asian Review ថា៖ «យើងនឹងស្វែងរកការផលិតនៅទីតាំងថ្មី ដែលកម្ពុជាស័ក្តិសមជាងប្រទេសចិន»។
លោក ម៉ី កល្យាណ ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានឲ្យដឹងថា ផលិតផលកាបូប នឹងត្រូវការកម្លាំងពលកម្មមានជំនាញកាន់តែខ្ពស់ធៀបនឹងសម្លៀកបំពាក់ និងស្បែកជើង ប៉ុន្តែលោកជឿជាក់ថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រូបយកការផលិតថ្មីៗនេះ។
លោកថ្លែងថា៖ «មានឱកាសថ្មីសម្រាប់ពួកយើង ប៉ុន្តែបញ្ហាគឺថា តើយើងបង្កើនប្រាក់ចំណេញបានពីឱកាសថ្មីនេះដូចម្ដេច?»។
ក្នុងជំនួបជាមួយក្រុមហ៊ុនចិនធំៗចំនួន ៦ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ ចិន និងអាស៊ាន នៅទីក្រុងណាននីងកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាមួយមេដឹកនាំរបស់ក្រុមហ៊ុនធំៗនោះដើម្បីបង្ហាញអំពីការវិនិយោគនៅកម្ពុជា និងបញ្ចុះបញ្ចូលពួកគេឲ្យបន្តពង្រីកការវិនិយោគរបស់ពួកគេនៅកម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ៕LA