ភ្នំពេញ: ខេត្តបាត់ដំបង​កំពុង​ទាក់ទាញ​វិនិយោគិន​ចិន​សម្រាប់​គម្រោង​វិនិយោគ​ថ្មី​មួយ​ដោយ​បង្កើត​មជ្ឈមណ្ឌល​វប្បធម៌​ និង​ទេសចរណ៍ ស្រប​ពេល​ខេត្ត​នេះ​ធ្លាប់​ត្រូវបាន​សិក្សា​ពី​លទ្ធភាព​ដើម្បី​ស្នើ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ចំពោះ​សំណង់​អគារ​ខ្លះ​បន្សល់​ពី​សម័យ​បារាំង​។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង​ខេត្ត​បាត់ដំបង​បាន​អះអាងថា តំណាង​ក្រុមហ៊ុន Angkor Culture Investment and Development Group នាពេល​ថ្មីៗ​នេះ​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង​ដើម្បី​បង្ហាញ​ពី​បំណង​វិនិយោគ​លើ​ការបង្កើត​មជ្ឈមណ្ឌល​វប្បធម៌ និង​ទេសចរណ៍​នៅ​ខេត្ត​នេះ​។

លោក ប៊ុនរិទ្ធិ បាន​ឲ្យ​ដឹងថា លោក Wang Yin Phing តំណាង​ក្រុមហ៊ុន​នេះ​បាន​ជួបពិភាក្សា​ជាមួយ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ដើម្បី​ពិភាក្សា​លើ​គម្រោង​នេះ ខណៈ​ក្រុមហ៊ុន​ចិន​ក៏មាន​ការវិនិយោគ​លើ​មជ្ឈមណ្ឌល​វប្បធម៌ និង​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ដែល​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​យល់ព្រម​រួចហើយ​។

លោក​បន្តថា ក្នុង​ជំនួប​នេះ​ក្រៅពី​ការជជែក​លើ​គម្រោង​ដែល​ក្រុមហ៊ុន​ចង់​បង្កើត​អភិបាលខេត្ត​បាត់ដំបង​ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​នេះ សម្លឹងមើល​សក្តានុពល​សម្រាប់​បង្កើត​ឱកាស​វិនិយោគ​លើ​វិស័យ​កសិកម្ម​ពិសេស​លើ​ការកែច្នៃ​ស្រូវ​អង្ករ​ដ៏ល្បីល្បាញ​ក្នុង​ខេត្ត​នេះ​។

ក្រៅពី​នោះ​លោក​អភិបាល​ក៏បាន​ស្នើឲ្យ​ក្រុមហ៊ុន​នេះ​សិក្សា​ពី​លទ្ធភាព​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​មាន​សណ្ឋាគារ​ជាដើម ដើម្បី​រួមចំណែក​ការអភិវឌ្ឍ​បាត់ដំបង​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​។

លោក​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បាន​សន្យា​ថា ខ្លួន​នឹងសិក្សា​ពី​សក្តានុពល​ខេត្ត​នេះ​ដើម្បី​ឈាន​ដល់​ការបោះ​ទុនវិនិយោគ​លើ​គម្រោង​នេះ​ក្នុង​អនាគត​។

លោក​និយាយថា​៖ «​គេ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សក្តានុពល​របស់​ខេត្ត​យើង ហើយ​ពួកគាត់​កំពុង​ពិចារណា​ថា តើ​សក្តានុពល​អ្វី​ក្នុង​ខេត្ត​នេះ គួរ​បោះទុន​វិនិយោគ​មុន​?»​។

យោងតាម​របាយកាណ៍​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន និង​រោងចក្រ​សហគ្រាស​ចំនួន ៦១៩ កំពុង​ប្រតិបត្តិការ​រួមមាន រោង​ម៉ាស៊ីនកិនស្រូវ រោងចក្រ​កែច្នៃ​ដំឡូងមី ពោត រោងចក្រ​ស៊ីម៉ងត៍ រោងចក្រ​ផលិត​ថ្នាំពេទ្យ រោងចក្រ​ផលិត​ក្រដាស និង​រោងចក្រ​ផលិត​ស្បែកជើង​ជាដើម​។

ជាមួយ​គ្នា​នេះ​ខេត្ត​នេះ​ទទួល​បាន​ភ្ញៀវទេសចរ ៦៦៨ ៣៣២ នាក់​កាលពី​ឆ្នាំ ២០១៩ កើនឡើង ៨,១២ ភាគរយ ធៀប​ឆ្នាំ​ ២០១៨ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ ១០០ ៧៤៤ ​នាក់ ហើយ​សំណង់​អគារ​បុរាណ​ក្នុង​ខេត្ត​នេះ​ជា​គោលដៅ​អភិរក្ស​៕