ភ្នំពេញ: ក្រុមហ៊ុន Cam MJ Agricultural Park Co., Ltd ដែលជា​ការវិនិយោគ​របស់​វិនិយោគិន​ជនជាតិ​ចិន​គ្រោង​នឹង​ដំឡើង​ម៉ាស៊ីន​សម្លាប់​សមាសភាព​ចង្រៃ​លើ​ផ្លែឈើ​ស្រស់​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ចិន បន្ទាប់ពី​ប្រទេស​កម្ពុជា​ ទទួល​បាន​សិទ្ធិ​នាំចេញ​ផ្លែស្វាយ​ស្រស់​ជា​ផ្លូវការ​ទៅកាន់​ទីផ្សារ​ដ៏ធំ​នៅ​អាស៊ី​មួយ​នេះ​ចំនួន ៥០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

បច្ចុប្បន្ននេះ​មាន​តែ​រោងចក្រ​របស់​ក្រុមហ៊ុន Hyundai Mao Legacy Co.,Ltd ១ ​គត់​ ដែល​មាន​ស្តង់ដា​លាង​សម្អាត និង​សម្លាប់​សមាសភាព​ចង្រៃ​តាម​ស្តង់ដា​សម្រាប់​នាំចេញ​។ រោងចក្រ​នេះ​មាន​សមត្ថភាព​សម្លាប់​សមាសភាព​ចង្រៃ​បាន​ប្រមាណ ១៥ តោន​ប៉ុណ្ណោះ​ក្នុង ១ ​ថ្ងៃ​ដែល​បរិមាណ​នេះ​នឹង​មិនទាន់​អាចបំពេញ​តាម​តម្រូវការ​សម្រាប់​នាំចេញ​នៅឡើយ​។

លោក ឈុន ដារ៉ូ ប្រធាន​ផ្នែក​រដ្ឋបាល​របស់​ក្រុមហ៊ុន Cam MJ Agricultural Park ដែលជា​រោងចក្រ​កែច្នៃ​នាំចេញ​ផលិតផល​ពី​ផ្លែស្វាយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​របស់លោក​កំពុង​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ដំឡើង​ម៉ាស៊ីន​សម្លាប់​សមាសភាព​ចង្រៃ​លើ​ផ្លែស្វាយ ដោយ​ទឹក​ក្តៅ​ចំនួន ២ ​គ្រឿង​។ លោក​ថ្លែងថា​៖ «​យើង​កំពុង​បញ្ជា​ទិញ​ម៉ាស៊ីន​សម្អាត​ផ្លែស្វាយ​ពី​បរទេស ខណៈ​ពេលនេះ​សំណង់​អគារ​បាន​សង់​រួចហើយ គឺ​នៅ​រង់ចាំតែ​នាំចូល​ម៉ាស៊ីន​មក​ដំឡើង​តែប៉ុណ្ណោះ​»​។

លោក ដារ៉ូ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​លោក​មាន​រោងចក្រ​ចំនួន ២ គឺ​រោងចក្រ​កែច្នៃ​តំណាប់​ស្វាយ​ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ១០០ ​ហិកតា​ ក្នុងស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ និង​រោងចក្រ​ដែល​គ្រោង​នឹង​ដំឡើង​ម៉ាស៊ីន​សម្លាប់​សមាសធាតុ​ចង្រៃ​លើ​ផ្លែស្វាយ និង​វេចខ្ចប់​នៅលើ​ផ្ទែ​ដី ២៤ ​ហិកតា ក្នុងស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

លោក​និយាយ​ថា​៖ «​តាម​ផែនការ​យើង​គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​វេចខ្ចប់ និង​ម៉ាស៊ីន​សម្លាប់​សមាសភាព​ចង្រៃ​លើ​ផ្លែស្វាយ​នៅ​ចុង​ឆ្នាំនេះ​។ យើង​សប្បាយរីករាយ​នៅពេល​ប្រទេស​ចិន​ឲ្យ​យើង​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ទីផ្សារ​គាត់ ដែល​នេះ​នឹង​ជួយ​ជំរុញ​ការផលិត​របស់​ក្រុមហ៊ុន​យើង​បន្ថែមទៀត​»​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុង​ពេល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​នេះ​កាលពី​សប្តាហ៍​មុន​បាន​ស្នើឲ្យ​ក្រុមហ៊ុន​ពន្លឿន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​វេចខ្ចប់ និង​ដំឡើង​ម៉ាស៊ីន​កម្ចាត់​សមាសភាព​ចង្រៃ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើបាន ហើយ​ក៏​បាន​ស្នើឲ្យ​ក្រុមហ៊ុន​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​ស្រប​តាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ​របស់​ចិន​។

លោក​បន្តថា​៖ «​យើង​នឹង​អញ្ជើញ​មន្ត្រី​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​មក​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ដោយផ្ទាល់​របស់​ក្រុមហ៊ុន​ដើម្បី​ឲ្យ​ត្រូវ​តាម​ស្ដង់ដា​ចិន​តែម្តង​។ យើង​ក៏​ស្នើ​ឲ្យ​ក្រុមហ៊ុន​ចុះកិច្ចសន្យា​ជាមួយ​ម្ចាស់​ចម្ការ​ស្វាយ​ក្នុង​ការទទួល​ទិញ​ផ្លែស្វាយ​ពី​ពួកគាត់​»​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​សប្តាហ៍​មុន​លោក ងិន ឆាយ បាន​និយាយថា ការវិនិយោគ​ទៅលើ​ម៉ាស៊ីន​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ទឹក​ក្តៅ (Hot Water Treatment) ​នឹងត្រូវ​ចំណាយ​ទុន​យ៉ាងតិច ៥០ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​គ្រឿង ដោយ​មិន​គិតពី​តម្លៃ​សំណង់ និង​តម្លៃ​ដី​។

កាលពី​ថ្មីៗ​នេះ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្លូវការ​ជាមួយ​ប្រទេស​ចិន ដើម្បី​ជាការ​បើកផ្លូវ​ឲ្យ​មាន​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ៥០ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំទៅ​ប្រទេស​ចិន​។

របាយកាណ៍​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៥ ​ខែ ឆ្នាំ ​២០២០ នេះ​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់ ៤៤ ០៩៩ ​តោន​កើនឡើង ១៤ ៨៨៥ ​តោន​ស្មើនឹង ៥០,៩៥ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ របាយការណ៍​នេះ​ឲ្យ​ដឹង​ទៀតថា កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ៥៨ ១៦២ តោន​ទៅ​កាន់​ប្រទេស​ចំនួន ៥ រួមមាន ថៃ វៀតណាម សិង្ហ​បុរី បារាំង រុស្ស៊ី និង​ទីក្រុង​ហុងកុង​។

របាយការណ៍​ក្រសួង​កសិកម្ម​ឲ្យ​ដឹងថា គិត​ត្រឹម​ចុងឆ្នាំ ២០១៩ នៅ​កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ស្វាយ ១២៥ ៣១៩ ហិកតា ​ក្នុង​នោះ​ផ្ទៃដី​ប្រមូលផល​មាន ៩១ ៣៩៨ ​ហិកតា​៕LA