ភ្នំពេញៈ ​ក្រុមហ៊ុន​ចិន ​Henan ​Yuguang International ​Economic and Technical Cooperation បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​ក្នុង​ការ​វិនិយោគ​​លើ​ឃ្លាំង​ស្ដុក ​និង​សម្ងួត​ស្រូវ​ ដ៏​ធំ​មួយ​នៅ​​កម្ពុជា​ ជា​គម្រោង​ដែល​ត្រូវ​បាន​ស្វាគមន៍​ដោយ​រដ្ឋាភិបាល ​និង​ឧស្សាហ​កម្ម​ស្រូវ​អង្ករ​របស់​ប្រទេស​នេះ​។​

ក្នុង​អំឡុង​​កិច្ច​ប្រជុំ​ជា​មួយ​​លោក​ ប៉ាន​ សូរស័កិ្ដ​ រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជ​កម្ម ​កាល​ពី​ថ្ងៃ​សុក្រ​ ​ក្រុម​ប្រឹក្សា​ភិបាល​របស់​​ក្រុមហ៊ុន​​នេះ​ បាន​បង្ហាញ​ផែន​ការ​សាងសង់​ឃ្លាំង​ស្ដុក​ស្រូវ ​ដែល​មាន​​សម្ថភាព​ស្តុក​ស្រូវ​បាន​ ១ លាន​តោន​។ ប្រសិន​បើ​គម្រោង​នេះ​​ក្លាយ​ជា​​ការ​ពិត ​ឃ្លាំង​ស្ដុក​នេះ​​មាន​សមត្ថ​ភាព​សម្ងួត​ស្រូវ ១០០ ​០០០ ​តោន​​ក្នុង​ ១ ​ថ្ងៃ ដែល​​នឹង​លើក​កម្ពស់​​ការ​នាំ​ចេញ​​អង្ករ​ចំនួន ​៥០០ ​០០០​តោន​ក្នុង​ ១ ​ឆ្នាំ​។​

ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ស្វាគមន៍​គម្រោង​នេះ​ ដោយ​លើក​ឡើង​ថា វា​នឹង​បង្កើន​ការ​នាំចេញ​អង្ករ​កម្ពុជា​ និង​កាត់​បន្ថយ​លំហូរ​ចេញ​ស្រូវ​ទៅ​ប្រទេស​​​​ជិត​ខាង​ ខណៈ​សហព័ន្ធ​​ស្រូវ​អង្ករ​កម្ពុជា (CRF) ​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ឃ្លាំង​ស្ដុក​ និង​ឡ​សម្ងួត​ស្រូវ ​ជា​​តម្រូវ​ការ​សម្រាប់​ឧស្សាហ​កម្ម​ស្រូវ​អង្ករ​កម្ពុជា​។​​

រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជ​កម្ម បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​នេះ​ធ្វើ​ការងារ​ជា​មួយ​អង្គការ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ ហ្រ្គីន​ ត្រេដ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ដើម្បី​សិក្សា​បន្ថែម​លើ​ផែន​ការ​នេះ ព្រម​ទាំង​តម្លៃ​ការ​សាង​សង់​ផង​ដែរ​។​​

លោក ​ហ៊ុន ​ឡាក់ ​អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​ទោះ​បី​បច្ចប្បន្ន​វិស័យ​នេះ​មាន​​ស្ដុក​ស្រូវ​​​និង​ឡ​សម្ងួត​រួច​ហើយ​ក្តី ប៉ុន្តែ​វា​នៅ​តែ​មិន​គ្រប់គ្រាន់ ​ខណៈ​​ការ​ផលិត​បន្ត​ការ​កើន​ឡើង​។​

លោក ហ៊ុន ​ឡាក់ ​បច្ចុប្បន្ន​វិស័យ​នេះអាច​ផលិត​ស្រូវ​បាន​រហូត​​ដល់ ៩​ លាន​​តោន​ក្នុង​ ១ ​​ឆ្នាំ​។​ ​លោក​ថ្លែង​ថា​៖ «​វា​ជា​​ឱកាស​ល្អ​បំផុត​សម្រាប់​​ក្រុម​​វិនិយោគិន​ ខណៈ​ឃ្លាំង​ស្ដុក​ស្រូវ​របស់​យើង​ នៅ​តែ​​មិន​ឆ្លើយ​តប​​តាម​តម្រូវ​ការ​»​។

លោក​​បន្ត​ថា​៖ «​ឃ្លាំង​ស្ដុក​ស្រូវ​គួរ​តែ​​មាន​យន្តការ​ច្បាស់​លាស់​សម្រាប់​ការ​បម្រើ​កសិករ​ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ ដើម្បី​ទទួល​​អត្ថ​ប្រយោជន៍​រួម​គ្នា​»​។ ​លោក​បញ្ជាក់​ថា ឃ្លាំង​ស្ដុក​ស្រូវ​ គួរ​តែ​ផ្ដល់​ជម្រើស​កាន់​តែ​ប្រសើរ​​សម្រាប់​រោង​ម៉ាស៊ីន​ កិន​ស្រូវ​តូច​ៗ ដូច​ជា​តម្លៃ​ជួល​ឃ្លាំង​ ឬ​ការ​សម្ងួត​ស្រូវ​ជា​ដើម​​។​

ស្ថិត​ក្រោម​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ (RDB) ឧស្សាហ​កម្ម​ស្រូវ​​អង្ករ​ ទទួល​បាន​មូល​និធិ ​១៥ លាន​ដុល្លារ​សម្រាប់​ការ​សាងសង់​ឃ្លាំង​ស្ដុក​​ស្រូវ​នៅ​ខេត្ត​កំពង់​ធំ​ ព្រៃវែង និង​តាកែវ​ ឃ្លាំង​ស្ដុក​នី​មួយ​ៗ​ មាន​សមត្ថភាព​​ស្ដុក​ស្រូវ ៥០​០ ​០០០ ​តោន ​និង​អាច​សម្ងួត​ស្រូវ​​​​​ ១ ​៥០០ តោន​ប្រចាំ​ថ្ងៃ​​។​

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​នេះ ​ក្រសួង​​កសិកម្ម​បាន​ដាក់​ឲ្យ ដំ​ណើរការ​ឃ្លាំង​ស្ដុក​ស្រូវ ​ដែល​បាន​ផ្ដល់​មូល​និធិ​ដោយ​រដ្ឋាភិបាល​របស់​​ប្រទេស​ កូរ៉េ​ នៅ​ក្នុង​ស្រុក​បាធាយ ​ខេត្ត​កំពង់ចាម ​មាន​តម្លៃ​ ២,​៨ លា​ន​ដុល្លារ​ អាច​សម្ងួត​ស្រូវ​ ៨០ ​តោន ក្នុង​ ១ ​ថ្ងៃ និង​ស្ដុក​ស្រូវ​បាន​ ៦០០ ​តោន៕​LA