ភ្នំពេញ: ក្រុមហ៊ុន​ចិន​ចំនួន​ ២ ​គ្រោង​នឹង​ធ្វើការ​វិនិយោគ​លើ​រោងចក្រ​ដំឡើង​រថយន្ត និង​រោងចក្រ​កែច្នៃ​ផលិត​ជីសរីរាង្គ​នៅ​កម្ពុជា​។ នេះ​បើតាម​តំណាង​គណៈប្រតិភូ​មកពី​ខេត្ត​សាងតុង​ប្រទេស​​ ចិន ដែល​បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​កាលពី​សប្តាហ៍​មុន​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជកម្ម គណៈប្រតិភូ​មកពី​ខេត្ត​សាងតុង​ប្រទេស ​ចិន ​ដែល​ដឹកនាំ​ដោយ​លោក វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត និង​ជា​អភិបាលរង​ខេត្ត​សានតុង​បាន​ជួប​ជាមួយ​លោក ប៉ាន សូរស័ក្តិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​ពី​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។

នៅក្នុង​ជំនួប​នោះ​លោក វ៉ាង ស៊ូជាន បាន​ដឹកនាំ​គណៈប្រតិភូ​តំណាង​ក្រុមហ៊ុន​មកពី​ខេត្ត​សានតុង​ចំនួន ​២០ ដើម្បី​ពិភាក្សា​ពី​ធុរកិច្ច និង​ការវិនិយោគ​នៅ​កម្ពុជា​។ ​លោក​បាន​ឲ្យ​ដឹងថា​ មាន​ក្រុមហ៊ុន​ចិន​ចំនួន​ ២ បានបង្ហាញ​ចំណាប់​ក្នុង​ការវិនិយោគ​លើ​រោងចក្រ​ដំឡើង​រថយន្ត​នៅ​កម្ពុជា​គឺ​ក្រុមហ៊ុន Fu Lai Chun Group ខណៈ​ក្រុមហ៊ុន​មួយ​ទៀត​គឺ​ក្រុមហ៊ុន Guomei Linqor Group គ្រោង​នឹងធ្វើ​ការវិនិយោគ​លើ​ការកែច្នៃ​ជីសរីរាង្គ។ លោក​ថ្លែងថា​៖ «​ខ្ញុំ​នឹង​បន្ត​ផ្សព្វផ្សាយ និង​ទាក់ទាញ​វិនិយោគ​មកពី​ខេត្ត​សានតុង​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​ច្រើន​បន្ថែម​ទៀត​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក ប៉ាន សូរស័ក្តិ បាន​ស្នើឲ្យ​លោក វ៉ាង ស៊ូជាន ជួយ​កៀរគរ​វិនិយោគិន​ចិន​មក​វិនិយោគ​បន្ថែមទៀត​លើ​វិស័យ​ផ្សេងៗ​ផងដែរ ដូចជា កែច្នៃ​ផលិតផល​កសិកម្ម​សម្រាប់​នាំចេញ ។ លោក​ថ្លែងថា​៖ «​កម្ពុជា​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​កសិកម្ម ដូចជា ស្វាយ ចេក មៀន ដំឡូងមី និង​ស្រូវ​ដែល​កម្ពុជា​កំពុង​​ខ្វះ​រោងចក្រ​កែច្នៃ និង​វេចខ្ចប់​»​។

មិនអាច​ទាក់ទង​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ទំហំ​វិនិយោគ និង​កាលបរិច្ឆេទ​នៃ​ការ​មក​វិនិយោគ​ពិតប្រាកដ​របស់​ក្រុមហ៊ុន​ទាំងនោះ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

បើ​តាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​កាលពី​ឆ្នាំ ២០១៨ សម្រេច​បាន ៦ ០៤០ ​លាន​ដុល្លារ​កើនឡើង​ ១៣,៨ ​ភាគរយ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៧​។ ប្រទេស​ទាំង​ ២ ​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​ដល់​ ៦ ០០០ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។

កាលពី​ឆ្នាំ​ ២០១១ រោងចក្រ​ដំឡើង​រថយន្ត Hyundai នៅ​ខេត្តកោះកុង​ត្រូវ​បាន​បើក​ដំណើរ​ក្រោម​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន KH Motors និងក្រុមហ៊ុន លីយ៉ុងផាត់​ (​ខេមបូឌា)៕ LA