ភ្នំពេញៈ​ ក្រុមហ៊ុន Guangbo​ Group​ របស់​ចិន​បាន​បង្ហាញ​ផែនការ​​វិនិយោគ​លើ​ផលិតផល​សម្ភារ​ការិយាល័យ ​និង​កីឡា ​នៅ​​កម្ពុជា។​

ការ​បង្ហាញ​ពី​ផែនការ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ប្រធាន​របស់​ក្រុមហ៊ុន​នេះ​បាន​ជួប​ជាមួយ​​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​កាល​ពី​ដើម​សប្ដាហ៍​នេះ​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​​ដឹង​ថា ​លោក ​Wang ​Liping ​ប្រធាន​ក្រុមហ៊ុន​ Guang ​Bo ​Group​ បាន​ជួប​ជា​មួយ​លោក​ ប៉ាន​ សូរស័កិ្ដ ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជា ​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​​ចេញ​ផ្សាយ​ផែនការ​​គម្រោង​នេះ ​និង​ស្វែងរក​ព័ត៌មាន​វិនិយោគ​ទាក់ទង​នឹង​ផែនការ​សាងសង់​រោងចក្រ​សម្រាប់​ការ​ផលិត​​សម្ភារ​ការិយាល័យ​ផ្នែក​អប់រំ​ និង​កីឡា​នៅ​ក្នុង​ប្រទេស​ ​កម្ពុជា​។​

លោក​ Wang ​Liping ​បាន​ថ្លែង​​ថា​៖ «​យើង​សន្យា​ថា ​នឹង​ពង្រីក​ការ​វិនិយោគ​ដល់​ប្រទេស​ ​កម្ពុជា ​ក្នុង​ការ​ជំរុញ​​​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​ស្ថិត​ក្រោម​ខ្សែ​ក្រវាត់ ​និង​​ផ្លូវ ​ដើម្បី​បង្កើត​ការងារ ​និង​ប្រាក់​ចំណូល​​សម្រាប់​​ប្រជាជន​កម្ពុជា​»។​

លោក ​Wang ​មិន​បាន​ពន្យល់​លម្អិត​បន្ថែម​លើ​ពេលវេលា​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​​នេះ​ទេ​។ ​​ក្រុមហ៊ុន​ Guangbo ​Group ​វិនិយោគ​លើ​ផលិតផល​ជា​ច្រើន​ទាក់ទង​នឹង​​ផលិតផល​សម្ភារ​ការិយាល័យ ​ផលិតផល​ក្រដាស​ព្រីន ​និង​ផលិតផល​​ប្លាស្ទិក ​នៅ​ក្នុង​​ប្រទេស ​ចិន​ ​និង​លក់​វា​នៅ​ទីផ្សារ​ក្នុង​ស្រុក និង​បរទេស​ផង​ដែរ​​។​

កាល​ពី​ខែ​មុន ​ក្រុមហ៊ុន ​Guangbo Group បាន​សម្ពោធ​​ការ​ផលិត​ថ្មី​មួយ​នៅ​ក្នុង​​ប្រទេស ​វៀតណាម ដែលជា​រោងចក្រ​នៅ​ក្រៅ​​ប្រទេស​លើក​ដំបូង​​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​​​។

លោក ​ប៉ាន ​សូរស័ក្ដិ ​បាន​បង្ហាញ​ការ​គាំទ្រ​របស់​លោក ​សម្រាប់​គម្រោង​វិនិយោគ​នេះ​ ដោយ​លើក​ឡើង​ថា ​ប្រទេស ​កម្ពុជា ​​​មាន​​សក្ដានុពល​វិនិយោគ​ដ៏​ធំ​ និង​​ស្ថិត​ក្នុង​ទីតាំង​ភូមិសាស្ដ្រ​ល្អ​​មួយ។ លោក​​បន្ថែម​ថា ​កម្ពុជា​​​មាន​គោល​នយោបាយ​ល្អ​មួយ​សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ​) និង​ការ​លើក​ទឹក​ចិត្ត​ផ្សេង​ទៀត​ពី​រដ្ឋាភិបាល​ដល់​ក្រុម​វិនិយោគិន​បរទេស​។​ ​

លោក​ថ្លែង​ថា​៖ «​​ប្រទេស ​កម្ពុជា ​មាន ​SEZ ​ចំនួន​ ១៩​ កំពុង​ប្រតិបត្តិការ​ ដើម្បី​​ផ្ដល់​ដល់​​ក្រុម​វិនិយោគិន​ប្រតិបត្តិការ​រយៈពេល ​៩ ឆ្នាំ ​ដោយ​​​លើក​លែង​ពន្ធ​លើ​ប្រាក់​ចំណូល​​»។ ​​

លោក​បន្ថែម​ថា​ វិនិយោគិន​បរទេស​អាច​គ្រប់គ្រង​​​អាជីវកម្ម​ ​១០០ ​ភាគរយ​ និង​អាច​នាំចេញ​​ទៅ​ទីផ្សារ​នៅ​ក្នុង​តំបន់​អាស៊ាន ទីផ្សារ​អាមេរិក ​និង​​អឺរ៉ុប​ជាមួយ​នឹង​ផែនការ​អនុគ្រោះ​​ពន្ធ​ពាណិជ្ជកម្ម​ផង​ដែរ​​៕LA