ភ្នំពេញៈ ក្រុមហ៊ុន​ឥដ្ឋ ក្បឿង និង​ផលិតផល​សេរ៉ាមិច​មួយចំនួន​នៅ​ប្រទេស​ ចិន​ គ្រោង​នឹង​វិនិយោគ​លើ​ឧស្សាហកម្ម​នេះ​នៅ​កម្ពុជា ដើម្បី​ចាប់យក​ការរីកចម្រើន​ខ្លាំង​នៅពេល​បច្ចុប្បន្ន​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ប្រធាន​សមាគម​ឧស្សាហកម្ម​ឥដ្ឋ និង​ក្បឿង​របស់​ប្រទេស​ ចិន​។

អ្នកស្រី Xu Yanming ប្រធាន​សមាគម​ឥដ្ឋ និង​ក្បឿង​ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន​មួយក្រុម​មក​ទស្សនកិច្ច​នៅ​កម្ពុជា បាន​លើក​ឡើង​ពី​ផែនការ​វិនិយោគ​នេះ​ក្នុងអំឡុង​កិច្ចប្រជុំ​ជាមួយ​លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៅក្នុង​ក្រសួង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។

អ្នកស្រី​បាន​ឲ្យ​ដឹងថា មាន​ក្រុមហ៊ុន​ចិន​ជាច្រើន​ដែល​មាន​បទពិសោធ​ខ្លាំង​លើ​ឧស្សាហកម្ម​ឥដ្ឋ ក្បឿង និង​ផលិតផល​សេរ៉ាមិច​មើលឃើញ​សក្ដានុពល​របស់​ឧស្សាហកម្ម​នេះ​នៅ​កម្ពុជា ខណៈ​វិស័យ​សំណង់​របស់​ប្រទេស​នេះ​កំពុង​រីកចម្រើន​។ ក្រុមហ៊ុន​ទាំងនេះ​កំពុង​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​សម្រាប់​ការវិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា​។

អ្នកស្រី​ថ្លែងថា​៖ «​ក្រុមហ៊ុន​ចិន​មាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​ការវិនិយោគ​នៅ​កម្ពុជា ខណៈ​សមាគម​ឥដ្ឋ និង​ក្បឿង​ចិន​មាន​ផលិតផល​ឥដ្ឋ និង​ក្បឿង​ល្បីល្បាញ​ច្រើន​របស់​ចិន ដែល​កំពុង​ផលិត​សម្រាប់​ការនាំ​ចេញទៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​។ ដូច្នេះ​កម្ពុជា​នឹង​ក្លាយជា​កន្លែង​ដ៏ល្អ​មួយ​សម្រាប់​ពួកគេ​ក្នុង​ការបង្កើត​រោងចក្រ​ផលិត​នៅទីនេះ​»​។

ទន្ទឹមនឹង​នេះ​លោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹងថា​ច្បាប់​ស្តីពី​ការវិនិយោគ​ដែល​មាន​ភាព​អំណោយផល​របស់​កម្ពុជា និង​ការអភិវឌ្ឍ​យ៉ាងរហ័ស​នៃ​វិស័យ​សំណង់​នឹង​មាន​សក្ដានុពល និង​ឱកាស​ដ៏ធំធេង​សម្រាប់​ក្រុមហ៊ុន​ទាំងនោះ​ក្នុង​ការវិនិយោគ​លើ​ការផលិត​សម្ភារ​ណាមួយ​ដើម្បី​ផ្គត់ផ្គង់​ដល់​វិស័យនេះ​។

លោក ចម ប្រសិទ្ធ បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ទោះបី​ជា​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន និង​រោងចក្រ​ជាច្រើន​កំពុង​ផលិត​ឥដ្ឋ ក្បឿង និង​ផលិតផល​សេរ៉ាមិច​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ក៏ដោយ ក៏​ប្រទេស​នេះ​នៅតែ​នាំចូល​យ៉ាង​ច្រើន​ជាង​រៀងរាល់​ឆ្នាំ​ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​យ៉ាង​រហ័ស​នៃ​តម្រូវការ​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​សមាជិក​សមាគម​ចង់​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ផលិត​ផលិតផល​មាន​គុណភាព​ខ្ពស់​នោះ​នឹង​ជា​រឿង​ល្អ ហើយ​នឹង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​»​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​ចង់​វិនិយោគ​នៅក្នុង​ឧស្សាហកម្ម​នេះ​ឲ្យ​ដាក់​ពាក្យសុំ​ការវិនិយោគ​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​មើល​ថា​តើ​អ្វីដែល​ពួកគេ​នឹង​ទទួល​បាន​ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធ​។

រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ការ​វិនិយោគ​មូលធន​ប្រហែល ៩,៣ ​ពាន់​លាន​ដុល្លារ​នៅក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​ ២០១៩ ដែល​កើនឡើង​ខ្លាំង​ជិត ៨០ ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដោយ​ភាគច្រើន​នៃ​កំណើន​នេះ​បាន​មកពី​ការសាងសង់​នៅ​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​យោងតាម​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUC)៕ LA