ភ្នំពេញ៖ China Good Cars Holding Ltd ដែលជាក្រុមហ៊ុនមកពីប្រទេសចិន កំពុងសម្លឹងរកទីតាំង ដើម្បីវិនិយោគលើការសាងសង់ស្ថានីយចំណតរថយន្តធុនធំដ៏ទំនើបនៅលើកំណាត់ផ្លូវជាតិលេខ ៦ និងតំបន់រង្វង់មូលកួរស្រូវ ដែលជាច្រកចេញចូលដ៏សំខាន់របស់រាជធានីភ្នំពេញ។
ការបង្ហើបពីគម្រោងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងតំណាងក្រុមហ៊ុនជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ នៅទីស្តីការសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ក្នុងជំនួបនោះ តំណាងក្រុមហ៊ុនបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការវិនិយោគលើ ការកសាងចំណតរថយន្តធំបំផុតនៅតំបន់ជាយក្រុង។
លោកថ្លែងថា៖ «ចំពោះទីតាំង គឺមិនទាន់បានកំណត់អ្វីជាក់លាក់ទេ។ ការលើកឡើងនោះ គឺគ្រាន់តែជាការយល់ឃើញថា តំបន់នោះជាច្រកចេញចូលសំខាន់ ខណៈចំណតរថយន្តធំដូចនេះ គេត្រូវការទីតាំងនៅជាយក្រុង ហើយពេលនេះក្រុមហ៊ុនកំពុងសិក្សា»។
លោកបានបន្តថា សាលារាជធានីភ្នំពេញគាំទ្រពេញទំហឹងចំពោះគំនិតនេះ ព្រោះភ្នំពេញបច្ចុប្បន្នកំពុងប្រឈមនឹងកង្វះចំណតរថយន្តធុនធំយ៉ាងច្រើន។ លោកនិយាយថា៖ «យើងស្វាគមន៍ និងគាំទ្រគម្រោងនេះ ព្រោះវានឹងជួយលើកកម្ពស់មុខមាត់ភ្នំពេញ ហើយក៏នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋនៅទីនេះ និងបង្កើតចរន្តសេដ្ឋកិច្ចល្អផងដែរ»។
លោកស្រី ចាន់ សុទ្ធា តំណាងក្រុមហ៊ុន China Good Cars Holding Ltd ឲ្យដឹងថា ក្រុមហ៊ុនមានបំណងចង់វិនិយោគលើចំណតរថយន្តចំនួន ៣ ទីតំាងផ្សេងៗគ្នានៅជាយភ្នំពេញ ដែលមានទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រក្រសួងព័ត៌មានកាលពីថ្ងៃអង្គារ។
លោកស្រីនិយាយថា៖ «ក្រុមហ៊ុនបានទៅពិនិត្យទីតាំងរួចហើយ គឺនៅតំបន់រង្វង់មូលកួរស្រូវជាប់នឹងព្រំប្រទល់ខេត្តកណ្តាល និងនៅលើកំណាត់ផ្លូវជាតិលេខ ៦ ហើយក្រុមហ៊ុនកំពុងស្វែងរកទីតាំង ១ កន្លែងទៀត»។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា យានយន្តចុះបញ្ជីបានកើនឡើង ១៣ ភាគរយកាលពីឆ្នាំ ២០១៩ ធៀបនឹងឆ្នាំ ២០១៨។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបាននិយាយថា បើក្រុមហ៊ុនធ្វើការវិនិយោគលើចំណតរថយន្តធុនធំ វានឹងជួយសម្រួលឲ្យការដឹកជញ្ជូនទំនិញកាន់តែល្អប្រសើរ ខណៈបច្ចុប្បន្នវិស័យដឹកជញ្ជូនកំពុងប្រឈមនឹងកង្វះចំណតរថយន្តដឹកទំនិញធំៗយ៉ាងខ្លាំង។
លោកថ្លែងថា៖ «ខ្ញុំគាំទ្រគម្រោងនេះ ព្រោះវាចំាបាច់សម្រាប់ម្ចាស់រថយន្តដឹកទំនិញធុនធំមានចំណតត្រឹមត្រូវ ហើយវាក៏នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ»៕ LA