
លោក ម៉ុម សារឿន (ឆ្វេង) ចុះ MoU ជាមួយលោក Wang Antony។ សហការី
ភ្នំពេញៈ ផលិតផលកសិកម្មមួយចំនួនក្នុងខេត្តស្ទឹងត្រែងត្រូវបានរំពឹងថា នឹងមានទីផ្សារកាន់តែល្អ បន្ទាប់ពីអាជ្ញាធរខេត្តបានចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយនឹងក្រុមហ៊ុនធំមួយរបស់ចិន ដើម្បីបង្កើនសក្តានុពលដាំដុះ និងអាចឈានទៅបង្កើតរោងចក្រកែច្នៃសម្រាប់នាំចេញនៅពេលខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង។
លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងបានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃព្រហស្បតិ៍ថា ផលិតផលកសិកម្មមួយចំនួនក្នុងខេត្តស្ទឹងត្រែងនឹងអាចមានទីផ្សារកាន់តែល្អ បន្ទាប់ពីខេត្តបានចុះអនុស្សរណៈជាមួយក្រុមហ៊ុនមកពីប្រទេសចិន ហ៊ុន ទី ខូអិលធីឌី។ លោកបន្តថា ហ៊ុន ទី ជាក្រុមហ៊ុនធំមានអ្នកបច្ចេកទេស និងមានទីផ្សារនៅក្រៅប្រទេសច្រើន ហេតុនេះលោកសង្ឃឹមថា កសិករនឹងទទួលបានអត្ថប្រយោជន៍ច្រើនពី MoU នេះ។
លោកនិយាយថា៖ «នៅពេលដែលមានក្រុមហ៊ុនមួយធានាប្រមូលទិញផលិតផលកសិកម្មច្បាស់លាស់ យើងរំពឹងថា បរិមាណផលិត និងគុណភាពផលិតផលកសិកម្មរបស់យើងនឹងស្ទុះកើនមួយកម្រិតទៀត ហើយនៅពេលនោះប្រាក់ចំណូលរបស់ប្រជាជនក្នុងតំបន់ក៏កើនឡើងដែរ»។
លោកប្រាប់ទៀតថា ក្រុមការងារដែលមានតំណាងពីក្រុមហ៊ុន ហ៊ុន ទី និងអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការសិក្សា និងរៀបចំផែនការរួមដែលមានរយៈពេល ៥ ឆ្នាំ ដើម្បីលើកកម្ពស់ការដាំដុះដំណាំមួយចំនួន តាមរយៈការបណ្តុះបណ្តាលប្រជាកសិករពីវិធីសាស្ត្រដាំដុះការផ្តល់ពូជ និងប្រមូលទិញ។
ផែនការវិនិយោគដំបូងរបស់ក្រុមហ៊ុនអាចមានត្រឹមការប្រមូលទិញផលិតផលកសិកម្មមួយចំនួនដូចជា ស្វាយកែវរមៀត ស្វាយចន្ទី និងដំឡូងមី។ នៅពេលក្រុមហ៊ុនពិនិត្យឃើញថាផលិតផលទាំងអស់នោះមានគុណភាពល្អ និងមានបរិមាណច្រើនគ្រប់គ្រាន់ ក្រុមហ៊ុនអាចនឹងបើករោងចក្រកែច្នៃផងដែរ។ នេះបើតាមលោក ម៉ែន គុង។
នៅក្នុងពិធីចុះ MoU កាលពីថ្ងៃចន្ទលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានឱ្យដឹងថា នេះជាការធ្វើកិច្ចសហប្រតិបត្តិការវិនិយោគលើដំណាំកសិកម្មរវាងខេត្តស្ទឹងត្រែងជាមួយក្រុមហ៊ុនវិនិយោគដើម្បីបង្កើតសក្តានុពលដាំដុះក្នុងខេត្ត។ លោកបន្តថា៖ «MoU នេះក៏ដើរស្របជាមួយគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល ៥ ឆ្នាំដែលខេត្តបានដាក់ចេញផងដែរ»។
លោក Wang Antony ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ៊ុន ទី ក៏បានឱ្យដឹងដែរថា អនុស្សរណៈនេះបញ្ជាក់ឱ្យឃើញពីការពង្រឹកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរដ្ឋក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈវិស័យកសិកម្ម និងការបង្កើតការងារថ្មីសម្រាប់ប្រជាកសិករនៅក្នុងតំបន់។ ក្រុមហ៊ុនមិនត្រឹមតែវិនិយោគលើការដាំដុះដំណាំកសិកម្មមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏អាចនឹងវិនិយោគលើការសាងសង់រោងចក្រកែច្នៃផលិតផលកសិកម្មផងដែរ។
លោកថ្លែងថា៖ «ក្រុមហ៊ុននឹងធ្វើការវិនិយោគលើការកែច្នៃផលកសិកម្មឱ្យមានគុណភាព សុវត្ថិភាព និងអនាម័យ ដើម្បីនាំយកទៅទីផ្សារប្រទេសនានាលើពិភពលោក»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន បានស្វាគមន៍ចំពោះការចុះអនុស្សរណៈនេះ ដោយលោកប្រាប់ថា ហ៊ុន ទី គឺជាក្រុមហ៊ុនធំ និងកំពុងមានប្រតិបត្តិការជាច្រើនកន្លែងនៅកម្ពុជាទាក់ទងនឹងការកែច្នៃ វេចខ្ចប់ និងនាំចេញ។ ក្រុមហ៊ុននេះមានឃ្លាំង និងទូកកធំៗ ដើម្បីកែច្នៃ និងវេចខ្ចប់សម្រាប់នាំចេញទៅក្រៅប្រទេស។
លោកថ្លែងថា៖ «MoU នេះនឹងជួយធ្វើឱ្យការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារបរទេសកើនឡើងខ្ពស់នៅពេលអនាគត»។
ទោះយ៉ាងណាលោក សាខុន ប្រាប់ថា ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅក្រៅប្រទេសក៏ជួបប្រទះនឹងបញ្ហាប្រឈមច្រើនដែរមានដូចជា តម្លៃអគ្គិសនី និងតម្លៃដឹកជញ្ជូនខ្ពស់ ខណៈហេដ្ឋារចនាសម្ព័ន្ធក៏នៅមានភាពទន់ខ្សោយផងដែរ។
របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យដឹងថា ការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅទីផ្សារអន្តរជាតិចាប់ពីខែមករា ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០ មាន ៣ ០៣៩ ០៣០ តោន គឺប្រហាក់ប្រហែលរយៈពេល ៩ ខែ ឆ្នាំ ២០១៩ ដែលមាន ៣ ០៦៥ ៥៥៥ តោន៕ LA