ភ្នំពេញ: ក្រុមហ៊ុន​រុករក​ប្រេង​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​កាលពី​ចុងឆ្នាំ​ ២០១៩ បានទទួល​អាជ្ញាប័ណ្ណ​រយៈពេល​ ៣ ​ឆ្នាំ ដើម្បី​សិក្សា​ស្វែងរក​ប្រេងកាត​នៅក្នុង​ប្លុក​ D ក្នុង​ឈូង​សមុទ្រ​ថៃ​នៃ​ដែនសមុទ្រ​កម្ពុជា​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​។

លោក​ ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រសួង​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការសិក្សា​ស្វែងរក​ប្រេងកាត​ជាមួយ​ក្រុមហ៊ុន Cambodian Resources Energy Development Co., Ltd កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៩​។

លោក​បន្តថា ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សិក្សា​ស្វែងរក​ប្រេងកាត​ក្នុង​ប្លុក D ក្នុង​ដែនសមុទ្រ​កម្ពុជា​នៅ​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​ពួកគាត់​នឹង​ចាប់​សិក្សា​នៅ​ឆ្នាំនេះ​ទៅលើ​ទិន្នន័យ​ពី​ឯកសារ​ផ្សេងៗ​ដើម្បី​ធ្វើការ​វាយតម្លៃ​ជំហាន​ដំបូង ហើយ​ជំហាន​បន្តបន្ទាប់​ទៀត​​ពួកគេ​អាច​នឹង​ធ្វើការ​សិក្សា​ស្វែងរក​ប្រេងកាត​នៅ​ប្លុក D ក្នុង​ដែនសមុទ្រ​»​។ លោក​បាន​បន្តថា​៖ «​ប្រសិនបើ​គាត់​រកឃើញ​ថា មាន​សក្តានុពល​ប្រេង​ដែល​ផ្តល់​សក្តានុពល​សេដ្ឋកិច្ច ពួកគេ​នឹង​ឈាន​ទៅ​ធ្វើការ​អភិវឌ្ឍ ដើម្បី​ផលិត​ប្រេង​។ ខ្ញុំ​គិតថា វា​នឹង​ត្រូវការ​ពេល​យូរ​ឆ្នាំ​ទៀត​»​។

លោក​បញ្ជាក់ថា ក្រសួង​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ​មក​វិនិយោគ​លើ​វិស័យ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​។ លោក​បាន​បន្ថែមថា ៖ «​ការផ្តល់​កិច្ចព្រមព្រៀង​ប្រេងកាត​នេះ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​សកម្មភាព​សិក្សា​ស្រាវជ្រាវ​ស្វែងរក ដើម្បី​ឈាន​ទៅ​រក​ឲ្យ​ឃើញ​ពី​សក្តានុពល​ធនធាន​ប្រេងកាត​បន្ថែមទៀត​។ ប្រសិន​បើ​គាត់​រកឃើញ​ពី​សក្តានុពល​ប្រេង​វា​ជាការ​ជោគជ័យ​របស់​ពួកយើង​។ ការងារ​របស់​យើង​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មាន​ក្រុមហ៊ុន​មក​ច្រើន​មក​បណ្តាក់​ទុនវិនិយោគ ដើម្បី​សិក្សា​ស្វែងរក​ធនធាន​ប្រេងកាត​ដែល​កំពុងមាន​សក្តានុពល​នេះ​»​។

តំបន់​ប្រេង​ប្លុក D មាន​ផ្ទៃក្រឡា ៥ ៥០០ គីឡូម៉ែត្រ​ក្រឡា​នៅក្នុង​ឈូង​សមុទ្រ​ថៃ​ដែល​ក្រសួង​ធ្លាប់​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ក្នុងស្រុក CPHL Cambodia​។ ប៉ុន្តែ​ត្រូវបាន​រដ្ឋាភិបាល​ដកយក​អាជ្ញាប័ណ្ណ​មកវិញ​កាលពី​ខែមីនា ឆ្នាំ ២០១៦ ដោយសារ​ក្រុមហ៊ុន​នេះ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​។

បើ​តាម​លោក ជៀប សួរ កម្ពុជា​បែងចែក​តំបន់​រុករក​ប្រេងកាត​ចំនួន ៦ ​ប្លុក​នៅ​ដែនសមុទ្រ និង ១៩ ​ប្លុក​នៅ​ដែនគោក​។ លោក​អះអាង​ថា ក្រសួង​ក៏​កំពុងធ្វើការ​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​កាណាដា EnerCam Co ដើម្បី​សិក្សា​ស្វែងរក​ប្រេង​នៅក្នុង​ប្លុក VIII ផងដែរ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​រំពឹងថា​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​ប្រេង​នៅ​ប្លុក​នេះ​ជាមួយ​ក្រុមហ៊ុន​ឆាប់ៗ​នេះ​ដែល​បច្ចុប្បន្ន យើង​កំពុង​ធ្វើការ​ពន្លឿន​ការងារ​របស់​យើង​រួមគ្នា​»​។

ក្រុមហ៊ុន KrisEnergy ដែលមាន​មូលដ្ឋាន​នៅ​សិង្ហបុរី​គឺ​បច្ចុប្បន្ន​កំពុង​ធ្វើការ​អភិវឌ្ឍ​គម្រោង​ប្រេង​អប្សរា​ក្នុង​ប្លុក​ A ក្នុង​ដែនសមុទ្រ​កម្ពុជា​ដែល​ក្រុមហ៊ុន​មាន​គោលដៅ​ផលិត​តំណក់​ប្រេង​លើកដំបូង​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២០ ​នេះ​។ ​ក្រុមហ៊ុន​រំពឹងថា​នឹង​ទទួល​បាន​ប្រេង ៧ ៥០០ ​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​៕LA