សៀមរាប: តំណាង​ក្រុមហ៊ុន Mizuda Waste Management Co., Ltd មកពី​ប្រទេស​ចិន​បានបង្ហាញ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​លើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ការដុត​សំរាម​ដល់​ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​ ខណៈ​មន្ត្រីខេត្ត​នេះ​បាន​អះអាង​ពី​ការគាំទ្រ​ចំពោះ​ផែនការ​វិនិយោគ​នាពេល​អនាគត​។

ក្នុង​ជំនួប​កាលពី​ថ្ងៃ​អង្គារ​លោក Zhang Xiaozhong តំណាង​ក្រុមហ៊ុន​ចិន Mizuda Waste Management Co., Ltd ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Mizuda Group ​ដែលមាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ Huzhou ខេត្ត Zhejiang បាន​បង្ហាញថា រោងចក្រ​ថាមពល​អគ្គិសនី​ដែល​ក្រុមហ៊ុន​ខ្លួន​គ្រោង​វិនិយោគ​នោះ​នឹង​មាន​តម្រូវការ​សំរាម​ប្រមាណ ២១ ម៉ឺន​តោន​ ក្នុង​ ១ ​ឆ្នាំ​ សម្រាប់​ដុត​បំប្លែង​ជា​ថាមពល​អគ្គិសនី​ដែល​អាច​បង្កើត​ថាមពល​បាន​ ១២ ​មេហ្កាវ៉ាត់ ឬ​ប្រហែល ១០ ភាគរយ​នៃ​តម្រូវការ​អគ្គិសនី​សរុប​នៅក្នុង​ខេត្តសៀមរាប​។

ការសិក្សា​បាន​រកឃើញ​ថា ក្រុង​សៀមរាប​នឹង​មាន​សំរាម​ប្រមាណ​ ៦០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​នៅ​ឆ្នាំ​ ២០២២ ដែល​ប្រហាក់ប្រហែល​នឹង​ក្រុមហ៊ុន​ត្រូវការ និង​ឆ្នាំ​ ២០៣៥ បរិមាណ​សំរាម​នឹង​កើន​ដល់​ ១ ០០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​។

លោក Zhang ត្រូវបាន​ដកស្រង់​សម្តី​ផ្សព្វផ្សាយ​ដោយ​មន្ត្រី​សាលាខេត្ត​សៀមរាប​ដោយ​និយាយ​ថា​៖ «​ភាគី​ទាំង​ ២ ​បាន​ទទួល​ស្គាល់​អំពី​បច្ចេកទេស និង​អត្ថប្រយោជន៍​នៃប្រតិបត្តិការ​របស់​រោងចក្រ​ដុត​សំរាម​មួយ​នេះ ដែល​វា​មាន​គុណភាព​សម្អាត​បរិស្ថាន​ល្អ ហើយ​ផ្តល់​អគ្គិសនី​ប្រើប្រាស់​ថែមទៀត​»​។

មន្ត្រី​សាលាខេត្ត​សៀមរាប​ជាច្រើន​មិនអាច​សុំ​ព័ត៌មាន​លម្អិត​បន្ថែម​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​អំពី​ទំហំ​ទុនវិនិយោគ ទីតាំង និង​កាលបរិច្ឆេទ​វិនិយោគ​។

ប៉ុន្តែ​ក្នុងជំនួប​ជាមួយ​លោក Zhang លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានបង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​គម្រោង​នេះ ដោយ​អះអាង​ពី​ប្រសិទ្ធភាព​នៃ​កិច្ចការពារ​បរិស្ថាន​។

លោក​បាន​លើកឡើង​ថា អាជ្ញាធរខេត្ត​នឹងសិក្សា​បន្ថែមទៀត​ពី​ការប្រមូល​សំរាម ការកំណត់​តម្លៃ​លក់​ថាមពល​អគ្គិសនី ការកំណត់​ទីតាំង​សាងសង់​រោងចក្រ​ជាដើម​។

លោក​ថា​៖ «​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នេះ​នឹង​ក្លាយជា​ឧបករណ៍​រក្សា​ការពារ​បរិស្ថាន ដំបូង​គេ​នៅ​កម្ពុជា​»​។

លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កន្លងមក​ថា ទោះបី​ការវិនិយោគ​លើ​រោងចក្រ​ផលិត​ថាមពល​ពី​ការដុត​សំរាម​មានតម្លៃ​ផលិត​ខ្ពស់ រដ្ឋាភិបាល​នៅតែ​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​លើ​គម្រោង​នេះ ព្រោះ​កម្ពុជា​នឹង​ប្រឈម​កង្វះខាត​កន្លែង​ចាក់សំរាម​ក្នុងពេល​អនាគត​។

លោក​ថ្លែងថា​៖ «​កន្លងមក​ក៏មាន​ក្រុមហ៊ុន​ជាច្រើន​ធ្លាប់បាន​សិក្សា​ពី​លទ្ធភាព​ក្នុងការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី​ពី​ការដុត​សំរាម​នេះដែរ ប៉ុន្តែ​វា​ត្រូវបាន​គេ​ទុកចោល​ជា​បន្តបន្ទាប់ ដោយសារ​តែ​តម្លៃ​ផលិតកម្ម​ខ្ពស់​ធៀប​នឹង​ប្រភព​ថាមពល​ផ្សេងទៀត​ដែល​ធ្វើឲ្យ​រដ្ឋ​ពិបាក​ក្នុង​ការទិញ​យក​មក​ដាក់​បញ្ចូល​ទៅក្នុង​បណ្តាញ​ជាតិ​»៕ LA