
លោកស្រី ម៉ែន សំអន និងលោក ថោង ខុន (កណ្តាល) ចូលរួមកាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សជាច្រើនពាន់នាក់ដែលភាគច្រើនជាជនជាតិចិនបានចូលរួមក្នុងពិធីសម្ពោធគម្រោងទីក្រុងពាណិជ្ជកម្ម និងលំនៅឋាន Wisney World ដ៏ធំដែលមានតម្លៃជាង ១ ពាន់លានដុល្លារនៅកោះពេជ្រកាលពីម្សិលមិញ។
ពិធីនេះក៏មានទាំងការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាផងដែរ។
គម្រោងដែលត្រូវបានគេអះអាងថាជាការវិនិយោគរួមរវាងក្រុមហ៊ុនចិន AMC International និងក្រុមហ៊ុនម៉ាឡេស៊ី SV International (SV) និងសាងសង់ទីក្រុង Wisney World នៅខេត្តព្រះសីហនុលើផ្ទៃដីទំហំ ៦៥ ហិកតានៅក្បែរមាត់សមុទ្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនទាំង ២ សុទ្ធតែបានអះអាងថាខ្លួនកំពុងប្រតិបត្តិការលើសណ្ឋាគារ និងកាស៊ីណូនៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
គម្រោង Wisney World ប្រតិបត្តិការស្ថិតក្រោមក្រុមហ៊ុនថ្មី Wisney Resort City Development Co., Ltd ដែលរួមមានរមណីយដ្ឋានកម្សាន្តទឹក សណ្ឋាគារ កាស៊ីណូ ផ្សារទំនើប សួនច្បារ ឧទ្យានលម្ហែកាយ ឧទ្យានវប្បធម៌ និងព្រះវិហារជាដើម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន។
ទោះបីយ៉ាងនេះក្តីក្រុមហ៊ុនដែលវិនិយោគលើគម្រោងរាប់ពាន់លានដុល្លារនេះមិនត្រូវបានស្វែងរកឃើញដោយ Google នោះទេ ខណៈគេហទំព័ររបស់ក្រុមហ៊ុន SV មិនបានបង្ហាញពីព័ត៌មានអ្វីទាំងអស់។
ក្នុងពិធីសម្ពោធកាលពីថ្ងៃម្សិលមិញមានការចូលរួមពីលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោកស្រី ម៉ែន សំអន បានឲ្យដឹងថាបច្ចុប្បន្ននេះខេត្តព្រះសីហនុបានក្លាយជាតំបន់មាត់សមុទ្រដ៏មានប្រជាប្រិយដោយបានទាក់ទាញនូវក្រុមហ៊ុនវិនិយោគលំដាប់អន្តរជាតិជាច្រើនឲ្យចូលមកវិនិយោគនៅទីនោះ។
លោកស្រីបានបន្តថាជាមួយនឹងទុនវិនិយោគសរុបជាង ១ ពាន់លានដុល្លារ គម្រោងនេះនឹងទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកឲ្យទៅទស្សនាខេត្តព្រះសីហនុបានកាន់តែច្រើនបន្ថែមទៀត។ លោកស្រីថ្លែងថា៖ «ការសម្រេចចិត្តបើករមណីយដ្ឋាននៅទីនោះពិតជាជម្រើសដ៏ត្រឹមត្រូវ ព្រោះបច្ចុប្បន្នខេត្តព្រះសីហនុត្រូវបានគេចាត់ទុកថាជាតារារះនៅទិសនិរតីរបស់កម្ពុជា»។
លោកស្រីបានបន្តថា៖ «ខ្ញុំសង្ឃឹមថា Wisney World ពិតជាអាចជួយបំពេញកង្វះខាតកន្លែងកម្សាន្ត និងស្នាក់នៅរបស់ភ្ញៀវទេសចរនៅខេត្តព្រះសីហនុបានយ៉ាងច្រើន»។
យោងតាមតួលេខក្រសួងទេសចរណ៍ភ្ញៀវទេសចរចិន ១,២ លាននាក់បានមកកម្ពុជាកាលពីឆ្នាំមុនដែលស្មើនឹងជាង ២១ ភាគរយក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុប ៥,៦ លាននាក់។
ភាគច្រើននៃការវិនិយោគលើផ្នែកទេសចរណ៍របស់វិនិយោគិនចិនត្រូវបានមើលឃើញនៅក្នុងក្រុងព្រះសីហនុដែលជាតំបន់ឆ្នេរសមុទ្រដ៏ពេញនិយមរបស់ប្រទេសកម្ពុជា។
ទោះយ៉ាងនេះក្តីអាជ្ញាធរខេត្តអះអាងថាមិនបានដឹងពីគម្រោងដែលមានតម្លៃជាង ១ ពាន់លានដុល្លារនេះទេ។
អភិបាលខេត្តព្រះសីហនុលោក យន្ត មីន កាលពីថ្ងៃម្សិលមិញបាននិយាយថា លោកមិនបានដឹងពីគម្រោងដ៏ធំដែលស្ថិតក្នុងខេត្តព្រះសីហនុនេះទេ។ លោកគ្រាន់តែបញ្ជាក់ថា៖ «ខ្ញុំមិនបានដឹងពីគម្រោងនេះឡើយ»។
លោក សន សៀប នាយកក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត បានប្រាប់ថាលោកមិនបានដឹងពីគម្រោងដ៏ធំនេះទេ តែលោកបាននិយាយថាក្រុងព្រះសីហនុកំពុងមានសក្តានុពលខ្លាំងលើគ្រប់វិស័យ។
លោកបញ្ជាក់ថា៖ «ខ្ញុំដឹងថាក្រុមហ៊ុនមកពីប្រទេសចិនតែងតែមានលុយច្រើនសម្រាប់សាងសង់អ្វីមួយ។ ខ្ញុំមិនហ៊ានអះអាងថា យ៉ាងម៉េចចំពោះគម្រោងដ៏ធំបែបនេះទេ តែគម្រោងដែលមានតម្លៃថ្លៃបែបនេះទាល់តែមានទីផ្សារអន្តរជាតិគាំទ្រទើបអាចទទួលជោគជ័យ»។
រាជរដ្ឋាភិបាលស្វាគមន៍កំណើនការចំណាយលើការអភិវឌ្ឍនៅតំបន់ឆ្នេរ ខណៈដែលម្ចាស់អាជីវកម្មក្នុងស្រុកជាច្រើនអះអាងថាការវិនិយោគរបស់ចិន បានធ្វើឲ្យឱកាសរបស់ពួកគេកាន់តែរួមតូចដោយបានបង្ខំឲ្យប្រជាជនក្នុងស្រុកស្ថិតនៅក្រៅកំណើនសេដ្ឋកិច្ចដ៏មានសក្ដានុពលនេះ ៕LA