ភ្នំពេញៈ ក្រុមហ៊ុន​អភិវឌ្ឍន៍ «​រថភ្លើង​លើ​អាកាស​» របស់​ចិន បាន​ឲ្យ​ដឹង​ថា ខ្លួន​សង្ឃឹមថា នឹង​អាច​បង្ហាញ​គម្រោង​រថភ្លើង​លើ​អាកាស​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ចិន ECNS​។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Zhongtang Sky Train Group មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Chengdu ក្នុង​ខេត្ត Sichuan ដែល​មាន​ជំនាញ​ផ្នែក​ត​ភ្ជាប់​បច្ចេកវិទ្យា​ផ្លូវដែក បាន​ទទួល​ស្វាគមន៍​ប្រតិភូ​មួយ​ក្រុម​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្តាហ៍​នេះ​។

ក្រុមហ៊ុន​នេះ ក៏​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ស្តីពី​ការ​តភ្ជាប់​បច្ចេកវិទ្យា «​រថភ្លើង​លើ​អាកាស​» ទៅ​ដល់​គណៈប្រតិភូ​កម្ពុជា​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​។

សេចក្តី​រាយការណ៍​ដដែល​មិន​បាន​បង្ហាញ​ឈ្មោះ​ស្ថាប័ន​នៃ​ប្រតិភូ​កម្ពុជា ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​នេះ​ទេ​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា តំណាង​ក្រុមហ៊ុន​ធ្លាប់​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​មុន ហើយ​ថា ដំណើរ​ទស្សនកិច្ច​របស់​ភាគី​កម្ពុជា​នៅ​ពេល​នេះ នឹង​ជំរុញ​ការ​វិវឌ្ឍ​កាន់​តែ​ច្រើន​។

យោង​តាម​ផែនការ​នេះ «​រថភ្លើង​លើ​អាកាស​» ​នឹង​រត់​លើ​ផ្លូវ​ប្រវែង ​១០​ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្ថានីយ​រថភ្លើង​កណ្តាល​ក្រុង​ទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ គម្រោង​ផ្សេង​ទៀត រួមមាន មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិ​ភ្នំពេញ សណ្ឋាគារ​ផ្កាយ​ ៥ និង​ផ្សារ​ទំនើប​នានា ក៏​នឹង​ត្រូវ​សាងសង់​ស្រប​តាម​ខ្សែ​ផ្លូវ រថភ្លើង​នេះ​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ខាង​លើ​។

កន្លង​មក​គេ​ដឹង​ថា គម្រោង​សាងសង់ ផ្លូវ​រថភ្លើង​លើ​អាកាស ពី​កណ្តាល​ក្រុង​ភ្នំពេញ ទៅ​ព្រលាន​យន្តហោះ​ភ្នំពេញ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កំពុង​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​ជប៉ុន​ដើម្បី​អភិវឌ្ឍ​គម្រោង​នេះ​៕ BP