ភ្នំពេញ​: ក្រុមហ៊ុន​ចិន​ China Machine-Building International Corporation (CMIC) ដែល​​​ជា​ផ្នែក​​មួយ​របស់​ក្រុមហ៊ុន​ CNEG ​​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Sinomach ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ​SNTP ​ស្តីពី​​គម្រោង​ថាមពល​អគ្គិសនី​នៅ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។

លោក​ Lu Wenjun ប្រធាន​ក្រុមហ៊ុន​​ CNEG បាន​ឲ្យ​ដឹង​ថា ការ​ចុះ​កិច្ច​ព្រមព្រៀង​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន​​នៅ​ទីក្រុង​ប៉េកាំង​ ស្តីពី​គ្រោង​អនុស្ថានីយ និង​​បណ្តាញ​បញ្ជូន​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ។

លោក​បាន​សន្យា​ថា ​ក្រុមហ៊ុន​នឹង​បំពាក់​​បច្ចេកវិទ្យា ​និង​រៀបចំ​ឲ្យ​បាន​​ល្អ​បំផុត​ក្នុង​គម្រោង​នេះ ឲ្យ​ដូច​ទៅ​​នឹង​​គ្រោង​​មុន​ដែរ ​ដើម្បី​ធានា​​​ដំណើរការ​ឲ្យ​​​រលូន។ លោក​ថ្លែង​ថា៖ «​គម្រោង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ខ្វះខាត​ថាមពល​អគ្គិសនី​ក្នុង​ស្រុក ​និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​»។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គម្រោង​នេះ​នឹង​រួម​បញ្ជូន​ទាំង​ការ​​សាងសង់​អនុស្ថានីយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ចំនួន ​២ មាន​បណ្តាញ​បញ្ជូន​ប្រវែង​ ​២៧ ​គីឡូម៉ែត្រ ​សម្រាប់​ថាមពល​ ២៣០ ​គីឡូ​វ៉ុល និង​ ១១៥​ គីឡូ​វ៉ុល​​។

ទោះបី​យ៉ាង​ណា ​ក្រុមហ៊ុន​នេះ​មិន​បាន​​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​នៃ​ការ​ចាប់​ផ្តើម​គ្រោង​ តម្លៃ​ និង​ទីកន្លែង​ជាក់​លាក់​​នៃ​ស្ថានីយ​នោះ​ទេ​។

លំហូរ​វិនិយោគិន​ចិន​យ៉ាង​គំហុក​នៅ​​ខេត្ត​ព្រះសីហនុ​នៅ ​២ ទៅ ៣ ​ឆ្នាំ​ចុង​ក្រោយ​​នេះ​ បាន​ជំរុញ​ឲ្យ​តម្រូវ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ច្រើន​។

លោក​ វិចទ័រ ​ហ្សូនា​ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ គ្រោង​នេះ​នឹង​ជួយ​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ​ដែល​កំពុង​ខ្វះខាត​។ លោក​បាន​ថ្លែង​ថា៖ «​គ្រោង​​នេះ​នឹង​ជួយ​បំពេញ​តាម​តម្រូវ​ការ​របស់​អ្នក​វិនិយោគ សម្រាប់​ការ​កំណើន​សំណង់​អគារ​ ដូច​ជា​ធនាគារ​ សណ្ឋានាគារ ជា​ដើម​»។

បើ​តាម​ ​លោក​ ហ្សូនា​ គម្រោង​នេះ​នឹង​បញ្ជូន​បណ្តាញ​ថាមពល​អគ្គិសនី​ពី​រោងចក្រ​ថាមពល​​ធ្យូង​ថ្ម​នៅ​ស្រុក​ស្ទឹងហាវ។ ​

លោក​បន្ត​ថា​៖ «អនុស្ថានីយ​នេះ ​នឹង​បញ្ជូន​បណ្តាញ​ថាមពល​អគ្គិសនី​រោងចក្រ​ថាមពល​ធ្យូង​ថ្ម សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ខេត្ត​ទាំង​មូល​»។

លោក ​ឃាង​ ភារម្យ​ អ្នក​នាំពាក្យ​សាលា​​​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថា គ្រោង​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពល​រដ្ឋ​ចំនួន ​២២ ​ម៉ឺន​នាក់ ​នៅ​ក្នុង​ព្រះសីហនុ​ រួម​ទាំង​អ្នក​វិយោគ​ចិន​ផង​ដែរ។ លោក​ថ្លែង​ថា៖ «​​​បើ​ការ​ផ្គត់ផ្គង់​ថាមពល​​អគ្គិសនី​គ្រប់គ្រាន់​​តាម​តម្រូវ​ការ វា​នឹង​អាច​ទាក់ទាញ​វិនិយោគិន​​​​កាន់​តែ​ច្រើន​មក​ខេត្ត​យើង​​»​។

បច្ចុប្បន្ន​មាន​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ធ្យូង​ថ្ម​ ​២ ​កំពុង​ដំណើរការ​នៅ​​ខេត្ត​ព្រះសីហនុ​ គឺ​ក្រុមហ៊ុន​ CII​DG និង​​ក្រុមហ៊ុន​​ម៉ាឡេស៊ី ​Leader ​Universa​l ​Holding​s​។

CIIDG ​បច្ចុប្បន្ន​សិក្សា​លើ​គម្រោង​ទី២ របស់​ខ្លួន​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ​៧០០ មេហ្គាវ៉ាត់​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ​ទោះ​​បែប​នេះ​ក្តី​ការ​សាងសង់​​មិន​ទាន់​ត្រូវ​បាន​កំណត់​ពេល​នោះ​ទេ​៕