
ផែនទីបង្ហាញពីតំបន់រុករករ៉ែប្រេងកាតនៅក្នុងសមុទ្រ កម្ពុជា។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុនរុករករ៉ែមានមូលដ្ឋាននៅប្រទេសចិន និងជាដៃគូប្រទេសកាណាដា បានចូលក្នុងការចរចាបឋមជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីទទួលបានអាជ្ញាប័ណ្ណរុករកនៅប្លុក D (Block D) នៅឈូងសមុទ្រថៃ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាល។
លោក ជៀប សួរ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលដែលទទួលបន្ទុកប្រេងកាតបានថ្លែងថា រដ្ឋាភិបាលបានយល់ព្រមលើការដាក់ពាក្យសុំពីក្រុមហ៊ុន Cambodian Resource Energy Development Co. Ltd ហើយនៅពេលនេះកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីចរចាជាមួយក្រុមហ៊ុន។
លោកថ្លែងថា៖ «ប្រសិនបើយើងចរចាលើកិច្ចព្រមព្រៀងនេះដោយជោគជ័យ បន្ទាប់មកយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដើម្បីក្រុមហ៊ុនអាចចាប់ផ្ដើមការងាររបស់ពួកគេបាន»។ លោកបន្ថែមថាការចរចា «កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ»។
គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្រុមហ៊ុន Cambodian Resource Energy Development Co. Ltd បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីខែមេសា ឆ្នាំ ២០១៧ និងបានចុះឈ្មោះ លោក Chen Bo ជាប្រធានក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន។ មិនមានព័ត៌មានសម្រាប់ទំនាក់ទំនងលោក Bo នោះទេ។
ប្លុក D មានតំបន់ប្រវែង ៥៥០០ គីឡូម៉ែត្រការ៉េនៅឈូងសមុទ្រថៃ ដែលលើកមុនបានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Cambodian firm CPHL (Cambodia)។ រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណរុករកនោះ កាលពីខែឧសភា ឆ្នាំ ២០១៦ បន្ទាប់ពីក្រុមហ៊ុនមិនបានឆ្លើយតបបានលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
លោក ជៀប សួរ ថ្លែងថាលោកមិនអាចព្យាករនៅពេលណា ឬថា តើកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុន Cambodian Resource Energy Development នឹងត្រូវសម្រេចបាននោះទេ។
ក្រសួងរ៉ែ និងថាមពល (MME) បានដកហូតអាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័នស្ទើរតែទាំងអស់ ទាំងអាជ្ញាប័ណ្ណសម្រាប់ការរុករកប្រេងនៅដែនគោក និងដែនសមុទ្រ លើកលែងតែប្លុក A ដែលនៅមានសកម្មភាព និងអាជ្ញាប័ណ្ណសម្រាប់ដែនគោកមួយចំនួនដែលនៅមានសុពលភាព។
តំបន់ការរុករក និងផលិតកម្មប្រេង និងឧស្ម័នរបស់កម្ពុជាមាន ២ ប្លុកគឺប្លុកនៅដែនសមុទ្រដែលមានសរុបចំនួន ៦ (ប្លុក A ដល់ប្លុក F) និងប្លុកនៅដែនគោកចំនួន ១៩ (ប្លុក I ដល់ប្លុក XIX) ។
សម្រាប់ប្លុកនៅដែនសមុទ្រមានតែអាជ្ញាប័ណ្ណមួយប៉ុណ្ណោះដែលនៅមានសុពលភាពដែលបានផ្ដល់ឲ្យក្រុមហ៊ុន Kris Energy។ ប្លុក A ត្រូវបានជឿជាក់ថាមានកំណប់ប្រេងប្រហែល ៣០ លានបារ៉ែល ដែលនឹងទាញយកក្នុងរយៈពេល ៩ ឆ្នាំ។
នៅពេលដែលតម្លៃប្រេងឆៅប្រភេទ Brent មានតម្លៃប្រហែល ៥០ ដុល្លារក្នុងមួយបារ៉ែលនៅលើទីផ្សារអន្តរជាតិ រដ្ឋាភិបាលរំពឹងថានឹងរកបានប្រាក់ចំណូលសរុបចំនួន ៥០០ លានដុល្លារពីសួយសារ និងពន្ធសម្រាប់រយៈពេលរបស់គម្រោងនេះ៕ LA