
បណ្តាញអគ្គិសនីនៅក្នុងភូមិទួលពង្រ ជាយក្រុងភ្នំពេញ។ ក្រុមហ៊ុនចិនកំពុងចរចាស្នើសុំអភិវឌ្ឍទំនប់វារីអគ្គិសនីថ្មីមួយទៀតនៅខេត្តកោះកុង។ ហុង មិនា
ភ្នំពេញៈ រដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីពិនិត្យមើលការដាក់ពាក្យសុំពីក្រុមហ៊ុនចិនដើម្បីសាងសង់ទំនប់វារីអគ្គិសនីផ្សេងទៀតនៅក្នុងខេត្តកោះកុង។ នេះបើយោងទៅតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
ក្រុមហ៊ុន China Huadian Corp ដែលលើកមុនបានសាងសង់ទំនប់វារីអគ្គិសនី ៣៣៨ មេហ្គាវ៉ាត់នៅទន្លេឫស្សីជ្រុំ នៅខេត្តកោះកុងបានដាក់ពាក្យសុំវិនិយោគលើទំនប់ថ្មីមួយនៅទន្លេស្ទឹងវាលថ្មកំបុត។ នេះបើតាមលោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
លោក វិចទ័រ ហ្សូនា បានថ្លែងថាក្រុមហ៊ុននេះបានដាក់ពាក្យសុំការសិក្សាលទ្ធភាព ហើយបានលើកឡើងពីសមត្ថភាពនឹងមាន ១០០ មេហ្គាវ៉ាត់។
លោកថ្លែងថា៖ «យើងបានមើលឃើញលទ្ធភាពពីការសិក្សា ហើយបានរកឃើញថា រោងចក្រវារីអគ្គិសនីអាចត្រូវបានអភិវឌ្ឍ ដោយសាររោងចក្រនេះអាចផ្ដល់តម្លៃអគ្គិសនីកាន់តែទាប និងមានផលប៉ះពាល់អវិជ្ជមានបន្តិចបន្តួចលើបរិសា្ថន»។
ក្រុមបរិស្ថានបានបង្ហាញការបារម្ភអំពីទំនប់លើកមុនរបស់ក្រុមហ៊ុននេះដែលភាគច្រើនត្រូវបានច្រានចោលដោយមន្ដ្រីក្រសួង។ ដំណើរការចរចាអាចធ្វើឡើងនៅចន្លោះពី ៣ ខែ ទៅ ៦ ខែហើយក្រុមហ៊ុននេះនឹងធ្វើការសម្រេចចិត្តចុងក្រោយលើគម្រោងនេះដោយផ្អែកលើលទ្ធផលនៃកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមលោក វិចទ័រ ហ្សូនា។
លោកថ្លែងថា គណៈកម្មាធិការអន្តរក្រសួងនឹងត្រូវបានបង្កើតដោយមានសមាជិកមកពីក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា៕ LA