ភ្នំពេញ: ក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd មកពី​ប្រទេស​ចិន​ចាប់អារម្មណ៍​ក្នុង​ការវិនិយោគ​លើ​ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា ស្របពេល​ដែល​ក្រុមហ៊ុន​ប្រេង​របស់​សិង្ហបុរី KrisEnergy ក៏មាន​ផែនការ​ក្នុង​ការទាញ​យក​ដំណក់​ប្រេង​ដំបូង​ក្នុង​ចុងឆ្នាំ​នេះ​ផងដែរ​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែងប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd បាន​មក​ជួបពិភាក្សា​ជាមួយ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​អំពី​សក្តានុពល​នៃ​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេង និង​ឧស្ម័ន​នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃ​ពុធ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​ក្នុង​ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​ប្រទេស​កម្ពុជា​។ ក្រសួង​រ៉ែ និង​ថាមពល​សូម​ស្វាគមន៍​សម្រាប់​ការស្វែងរក​ឱកាស​នៃ​វិនិយោគ​ និង​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។ យើង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​ធ្វើការ​វិនិយោគ​ដែល​ត្រូវ​គោរព​តាមច្បាប់ និង​បទប្បញ្ញត្តិ​នានា​ដែល​បានកំណត់​ដើម្បី​ធ្វើការ​សិក្សា​អំពី​​លទ្ធភាព​វិនិយោគ​នេះ​»​។

លោក​ថា ក្រសួង​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ក្រុមហ៊ុន​មាន​ចំណាប់អារម្មណ៍​ធ្វើការ​វិនិយោគ​ក្នុង​ខេត្ត​ណា ឬ​នៅក្នុង​ប្លុក​ប្រេងកាត​ណាមួយ​នៅឡើយ​នោះទេ ដោយសារ​ក្រុមហ៊ុន​ទាមទារ​ពេលវេលា​លើ​ការសិក្សា​អំពី​វិស័យនេះ​ជាមុនសិន​។ លោក​ថា បច្ចុប្បន្ន​នៅ​ដែនសមុទ្រ​នៅសល់​ប្លុក​ដែល​ទំនេរ​ចំនួន​ ៤ និង​នៅ​ដែនគោក​នៅ​សល់​ប្លុក​សម្រាប់​សិក្សា​ស្រាវជ្រាវ​រក​ប្រេង​ ១៨ ​ប្លុក​ទៀត​។

បច្ចុប្បន្ន​កម្ពុជា​ក៏​មាន​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក Cambodian Petrochemical Company (CPC) និង​ក្រុមហ៊ុន​ចិន Sinomach China Perfect Machinery Industry Corp ទៅលើ​រោងចក្រ​ចម្រាញ់​ប្រេង​នេះ​ដែល​គ្រោង​នឹង​ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ ៨០ ​ហិកតា​នៃ​ទឹកដី​ខេត្ត​ព្រះសីហនុ​ជាប់​នឹង​ខេត្តកំពត​ដែល​អាច​ចម្រាញ់​ប្រេង​បាន​ ៥ ​លាន​តោន​ ក្នុង​ ១ ​ឆ្នាំ​។

រោងចក្រ​នេះ​ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៧ ដែលមាន​ទំហំ​ ៣៦៥ ​ម៉ែត្រការ៉េ​ក្នុង​ដំណាក់កាល​ទី​ ១ បន្ទាប់ពី​ត្រូវបាន​ពន្យារពេល​ជាច្រើន​លើក​ដោយសារ​តែ​បញ្ហា​ផ្ទៃក្នុង​។

ក្រុមហ៊ុន​បានឱ្យ​ដឹងថា ក្នុង​ដំណាក់កាល​ពី​ទី​ ១ ​នៃ​គម្រោង​ទាំងមូល​ ២ ​ដំណាក់កាល​នឹង​ត្រូវ​ចំណាយ​ថវិកា​ ៦២០ ​លាន​ដុល្លារ​ដែល​អាច​ចម្រាញ់​ប្រេង​បាន​ប្រហែល​ ២ ​លាន​តោន​ ក្នុង​ ១ ​ឆ្នាំ​។ ផលិត​ប្រេង​ដែល​ចម្រាញ់​ចេញពី​រោងចក្រ​នេះ​សម្រាប់​ផ្គត់ផ្គង់​តែ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​។

បើ​យោង​តាម​លោក ជៀប សួរ បច្ចុប្បន្ន​បាន​ផ្អាក​ការសាងសង់​របស់ខ្លួន​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​បញ្ហា​ផ្ទៃ​ក្នុងនៃ​ដៃគូ​សហការ​។

លោក​ថា មកទល់​ពេល​នេះ​ក្រុមហ៊ុន​មិនទាន់​ផ្តល់​ព័ត៌មាន​នៃ​ការចាប់ផ្តើម​ដំណើការ​សាងសង់​ឡើងវិញ​នៅឡើយ​ទេ​។

កាលពី​ចុងខែ​សីហា​កន្លង​មក​នេះ​ក្រុមហ៊ុន KrisEnergy ដែល​កំពុង​អភិវឌ្ឍ​អណ្ដូងប្រេង​អប្សរា​ក្នុង​សមុទ្រ​នៅក្នុង​ប្លុក A កម្ពុជា បាន​ឲ្យ​ដឹងថា ការកសាង​ផ្លាតហ្វម​ក្បាល​អណ្ដូង​ផលិតកម្ម សម្រាប់​ការអភិវឌ្ឍ​អណ្ដូង​ប្រេងកាត​អប្សរា កំពុង​ត្រូវបាន​ដឹកជញ្ជូន ផ្លាតហ្វម​ក្បាល​អណ្ដូង​ផលិតកម្ម​មក និង​បាន​ដំឡើង​លើ​ដែនទឹក​នៃ​ប្រទេស​កម្ពុជា ដែល​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​ទិសដៅ​របស់​ក្រុមហ៊ុន​នៃ​ការទាញយក​ប្រេង​នៅ​ឆ្នាំនេះ​។

ក្រុមហ៊ុន​នេះ​បន្ត​ឱ្យដឹង​ទៀត​ថា ការកសាង​ផ្លាតហ្វម​ខ្នាតតូច​សម្រាប់​ការអភិវឌ្ឍ​អណ្ដូង​ប្រេងកាត​ដំបូង​គេ​បង្អស់​របស់​ប្រទេស​កម្ពុជា​បាន​ចាប់ផ្ដើម​កាលពី​ដើម​ខែធ្នូ ឆ្នាំ​ ២០១៩ នៅឯ​រោងចក្រ​របស់​ក្រុមហ៊ុន NOV’s PT Profab1 ដែល​ស្ថិតនៅ​កោះ​​បាតាម ប្រទេស​ឥណ្ឌូនេស៊ី​។ ការលើក​ដាក់ និង​ការដឹកចេញ​ផ្លាតហ្វម​ខ្នាតតូច​នេះ​បាន​ចប់សព្វគ្រប់​នៅ​ថ្ងៃទី​ ២៥ ខែ សីហា ឆ្នាំ​ ២០២០ ​កន្លង​មក​នេះ​។ ប្រេង​នៅ​តំបន់​អប្សរា​នេះ​ត្រូវបាន​រំពឹងថា នឹង​ឈានដល់​អត្រា​ផលិតកម្ម​ខ្ពស់​បំផុត ៧ ៥០០ បារ៉ែល ​ក្នុង ១ ​ថ្ងៃ​៕