ប៉េកាំងៈ ​ZTE ជា​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​ឈាន​មុខ​គេ​របស់​ប្រទេស​ចិន​ បាន​ប្ដេជ្ញា​​នៅ​ថ្ងៃ​សុក្រ​នេះ​ថា នឹង​ប្រ​យុទ្ធ​តបត​ប្រឆាំង​ការ​ចេញ​បញ្ជា​របស់​អា​មេរិក​ ដែល​ហាម​ឃាត់​​ក្រុម​ហ៊ុន​នេះ​​ទិញ​ និង​ប្រើប្រាស់​​បច្ចេកវិទ្យា​អា​មេរិក​​រយៈ​ពេល​៧​ឆ្នាំ ​ជា​វិធាន​ការ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉េ​កាំង​ខឹង​សម្បារ​។

ការ​សម្រេច​ចិត្ត​ដែល​បាន​ប្រកាស​ដោយ​ទី​ក្រុង​វ៉ាស៊ីន​តោន​នៅ​សប្ដាហ៍នេះ​ ​បានធ្វើ​ឲ្យ​​មាន​ភាព​មិន​ច្បាស់​លាស់​​ដល់​ចក្ខុ​វិស័យ​សម្រាប់​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​ និង​ក្រុម​ហ៊ុន​ផលិត​ទូរ​ស័ព្ទ​មួយ​នេះ ​ដែល​ពឹង​ផ្អែ​ក​លើ​បច្ចេក​វិទ្យា​អា​មេរិក ​ដូច​ជា​បន្ទះ​ឈីប ​និង​ប្រព័ន្ធ​ប្រតិ​បត្តិការ ​Android ​សម្រាប់​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន​។​​​

ការ​ដាក់​ទណ្ឌ​កម្ម​ដ៏​តឹង​រ៉ឹង​នេះ ​ធ្វើ​ឡើង​ដោយ​សារ​តែ​សង្គ្រាម​លើ​បច្ចេក​វិទ្យា​ស្ថិត​នៅចំណុច​កណ្ដាល​នៃ​ការ​ផ្ដោត​​លើ​ជម្លោះ​អា​មេរិកជា​មួយ​ចិន​ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម​។

ទី​ក្រុង​វ៉ាស៊ីន​តោន ​បាន​រិះ​គន់​ជា​ពិសេស​លើ​គោល​ន​យោ​បាយ ​« Made in China 2025» របស់​ទី​ក្រុង​ប៉េកាំង​ ដើម្បី​ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ជាតិ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ ដែល​អា​មេរិក​មើល​ឃើញ​ថា ​មាន​សារៈ​សំខាន់​ចំពោះ​អនា​គត​របស់​ខ្លួន​។ នៅ​ទីក្រុង​ប៉េកាំង​ វិធាន​ការ​ប្រឆាំង​​ក្រុម​ហ៊ុន​ ZTE ​នឹង​ទំនងជា​បង្កើន​ការបារម្ភ​អំពី​ការ​ពឹង​ផ្អែក​លើ​បច្ចេក​វិទ្យា​អា​មេរិក​សម្រាប់​ឧស្សាហ​កម្ម​សំខាន់​ៗ​។​

ក្រុម​ហ៊ុន​នេះ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេ​ច​ក្ដី​ប្រកាស​ព័ត៌​មាន​នៅ​ថ្ងៃ​សុក្រនេះ​ថា​៖ «​បទ​បញ្ជានេះ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​យ៉ាង​​ខ្លាំង​ដល់​ការ​រស់​រាន​របស់​ក្រុម​ហ៊ុន Z​TE ​ យើង​មិន​អាច​ទទួល​យក​បាន​ទេ​»​។​

ក្រុ​ម​ហ៊ុននេះ​បាន​​ឲ្យ​ដឹង​ថា ​ខ្លួន​នឹង «​មិន​បោះបង់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ការ​ទំនាក់​ទំនង ​និង​ការ​សន្ទនា​នេះ​ទេ​ ប៉ុន្តែ​​នឹងការ​ពារ​យ៉ាង​អង់​អាច​នូវ​សិទ្ធិ​ស្រប​ច្បាប់​ និង​ផល​ប្រយោជ៍​របស់​ខ្លួន​​តាម​រយៈ​វិធី​​តាម​ផ្លូវ​ច្បាប់​ទាំង​អស់​»​។​

ធនាគារ​វិនិ​យោគ​ CICC​ បាន​ប៉ាន់​ប្រមាណ​នៅ​ក្នុង​របាយ​ការណ៍​ស្រាវ​ជ្រាវ​ដែល​បាន​ដក​ស្រង់​សម្ដីដោយ​កាសែត​ Beijing ​Business ​Today ​ថា ​ក្រុម​ហ៊ុន​នេះ​មាន​ពេល​ ១ ​ឬ​ ​២ខែនៃ​ការ​ផ្គត់​ផ្គត់​គ្រឿង​បង្គុំ​ដែល​រក្សា​ទុក​ មុន​ពេល​ការ​ហាមឃាត់​នេះ​នឹង​ចាប់​ផ្ដើម​ប៉ះ​ពាល់​ដល់​អាជីវ​កម្ម​របស់​ខ្លួន។​​

ក្រុម​ហ៊ុន​ ZTE​ បាន​ផ្អាក​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​របស់​ខ្លួន​នៅ​​ផ្សារ​ហ៊ុន​ហុង​កុង និង​ផ្សារហ៊ុន​ Shenzhen ​ចាប់​តាំង​ពី​ថ្ងៃអង្គារ​។

ការ​គ្រប់​គ្រង​លើ​ជោគ​វាសនា​​ក្រុម​ហ៊ុននេះ​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ ដែល​មាន​បុគ្គលិក​ប្រហែល​៨០ ​០០០​នាក់​ ភាគ​ច្រើន​​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​ប្រ​ទេសចិន​ បាន​ធ្វើ​ឲ្យ​មាន​កំហឹង​ និង​ការ​បារម្ភ​នៅក្នុង​ប្រទេស​ចិន​។

លោក​ Gao ​Feng ​អ្ន​កនាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​​ បាន​ថ្លែង​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​៖ «​ប្រទេស​ចិន​នឹង​យក​​ចិត្ត​ទុក​ដាក់​យ៉ាង​ដិ​តដល់​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​​ក្នុងការ​ចាត់​វិធាន​ការ​ចាំបាច់​ ដើ​ម្បី​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​សហ​គ្រាស​ចិន​»​។​

លោក​ Gao​ ថ្លែងថា​៖ «​វិធាន​ការ​របស់អា​មេរិក​ច្បាស់​ណាស់​សំដៅ​ទៅ​​ប្រទេស​ចិន​ ប៉ុន្តែ​វិធាន​ការ​ទាំងនេះ​ទី​បំផុត​នឹង​ធ្វើ​ឲ្យ​អន្តរា​យ​ដល់អា​មេរិកខ្លួន​ឯង​។ វា​នឹង​មិនគ្រាន់តែ​ខាតបង់​ការ​ងារ​រាប់​ម៉ឺន​នោះ​ទេ​ ប៉ុន្តែ​ថែមទាំង​​ប៉ះ​ពាល់​ធ្ងន់​ធ្ងរដល់​​ក្រុម​ហ៊ុន​អាមេរិក​»៕LA​