ភ្នំពេញៈ ក្រុមហ៊ុនចុះបញ្ជី ២ គឺក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុនប្រាសាក់ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) បានចាប់ផ្ដើមដំណើរការធ្វើបរិវិសកម្មលើការចុះបញ្ជីសញ្ញាបណ្ណសាជីវកម្មរបស់ពួកគេចាប់ពីថ្ងៃចន្ទនេះដល់ថ្ងៃទី ២២ ខែមេសា សម្រាប់វិនិយោគិនសាធារណៈដែលចង់វិនិយោគលើទីផ្សារសញ្ញាបណ្ណសាជីវកម្ម។
យោងតាមសេចក្ដីប្រកាសបានពីក្រុមហ៊ុនធានាប្រមូលទិញមូលបត្រ SBI Royal Securities Plc ការធ្វើបរិវិសកម្មរបស់ក្រុមហ៊ុន RMA ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមេសា និងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២២ ខែមេសា សម្រាប់ក្រុមហ៊ុនប្រាសាក់ បន្ទាប់ពីក្រុមហ៊ុនទាំង ២ បានទទួលការយល់ព្រមពីគណៈកម្មការមូលបត្រកម្ពុជា (SECC) កាលពីថ្ងៃទី ៣១ ខែមីនា។
ការផ្ដល់តម្លៃក្នុង ១ សញ្ញាបណ្ណសាជីវកម្មរបស់ក្រុមហ៊ុន RMA មានតម្លៃ ២៥ ដុល្លារជាមួយនឹងអត្រាគូប៉ុង ៥,៥ ភាគរយ ក្នុង ១ ឆ្នាំ ដោយមានឥណប្រតិទានរយៈពេល ៥ ឆ្នាំ (គូប៉ុងនឹងត្រូវបង់ប្រចាំឆ្នាំ) ជាមួយនឹងចំនួន ៨០០ ០០០ សញ្ញាបណ្ណ។ ចំនួនការវិនិយោគអប្បបរមា ៥ លានដុល្លារ និងច្រើនជាង ១ លានដុល្លារ ផ្ដល់ជូនតែវិនិយោគិនគុណវុឌ្ឍិប៉ុណ្ណោះ។
ចំណែកការផ្ដល់តម្លៃរបស់ប្រាសាក់ក្នុងមួយសញ្ញាបណ្ណមានតម្លៃ ២៥ ដុល្លារ ដោយមានអត្រាគូប៉ុង ៧,៥ ភាគរយ ក្នុង ១ ឆ្នាំ ជាមួយនឹងឥណប្រតិទានរយៈពេល ៣ ឆ្នាំ (គូប៉ុងនឹងត្រូវបង់រៀងរាល់ឆមាស)។ ចំនួនសញ្ញាបណ្ណសាជីវកម្មសរុបដែលបោះផ្សាយលក់ ១ ២៧២ ០០០ សញ្ញាបណ្ណ និងចំនួនវិនិយោគអប្បបរមា ៨០០ លានរៀល និងមានចំនួន ៤០០ លានរៀល ផ្ដល់ជូនសម្រាប់តែវិនិយោគិនគុណវុឌ្ឍិប៉ុណ្ណោះ។
លោក សេង ចាន់ធឿន នាយកគ្រប់គ្រង SBI Royal Securities Plc បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្រុមហ៊ុនទាំង ២ នេះបានទទួលការយល់ព្រមពី SECC កាលពីថ្ងៃទី ៣១ ខែមីនា ស្ដីពីការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មការបើកដំណើរការធ្វើបរិវិសកម្មសម្រាប់ក្រុមហ៊ុន RMA ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ មេសា និងពីថ្ងៃទី ៦ ដល់ថ្ងៃទី ២២ មេសា សម្រាប់ប្រាសាក់។
លោកបានឲ្យដឹងថា សញ្ញាបណ្ណសាជីវកម្មទាំង ២ ត្រូវបានធានាទាំងស្រុងដោយស្ថាប័ន Credit Guarantee and Investment Facility (CGIF) ជាមូលនិធិបរធនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ CGIF ធានាផ្ដល់អត្ថប្រយោជន៍មួយចំនួនដែលនឹងត្រូវបានចែករំលែកដោយភាគទុនិក។
លោកបញ្ជាក់ថា៖ «សញ្ញាបណ្ណសាជីវកម្មទាំងនោះជាសញ្ញាបណ្ណលើកដំបូងដែលធានាដោយ CGIF។ សញ្ញាបណ្ណសាជីវកម្មទាំង ២ នេះក៏ត្រូវបានចុះបញ្ជីស្ថិតក្រោមកម្មវិធី ASEAN+3 Multi-Currency Bond Issuance Framework (AMBIF) និងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា។ សញ្ញាបណ្ណសាជីវកម្មទាំង ២ នេះនឹងធ្វើឲ្យក្រុមវិនិយោគិនបរទេសកាន់តែមានយល់ដឹងច្បាស់ពីទីផ្សារមូលធនកម្ពុជា ដោយសារតែស្ថានភាពមូលធនដ៏រឹងមាំ និងការវាយតម្លៃឥណទានខ្ពស់របស់ CGIF។ CGIF ត្រូវបានវាយតម្លៃ AA ដោយទីភ្នាក់ងារវាយតម្លៃ S&P Global ប្រកបដោយ «ស្ថិរភាព»។
លោក Jong Weon HA អនុប្រធានផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា CSX គ្រាន់តែផ្ដល់ការយល់ព្រមជាគោលការណ៍ប៉ុណ្ណោះលើការពិនិត្យឡើងវិញសិទ្ធិចុះបញ្ជីដល់ក្រុមហ៊ុន RMA Cambodia កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ និងប្រាសាក់។
លោកថ្លែងថា៖ «បន្ទាប់ពីនោះពួកគេនឹងរាយការណ៍លទ្ធផលការធ្វើបរិវិសកម្ម ដល់ SECC ហើយបន្ទាប់មកនឹងរៀបចំឯកសារដាក់ពាក្យសុំចុះបញ្ជីផ្លូវការដល់ CSX។ បន្ទាប់ពីសញ្ញាបណ្ណសាជីវកម្មចុះបញ្ជីនៅ CSX រួចហើយក្រុមវិនិយោគិននឹងមានការធ្វើពិពិធកម្មផ្សេងទៀតដែលជាការវិនិយោគហានិភ័យទាប ដោយសារតែសញ្ញាបណ្ណសាជីវកម្មនេះត្រូវបានធានា ១០០ ភាគរយ ដោយ CGIF។ យើងសង្ឃឹមថា សញ្ញាបណ្ណសាជីវកម្មនេះនឹងនាំមកនូវក្រុមវិនិយោគិនកាន់តែច្រើន និងសន្ទនីយភាពកាន់តែខ្ពស់សម្រាប់ទីផ្សារនេះ»។
លោក ចាន់ធឿន បានពន្យល់ថា ការវាយតម្លៃឥណទានខ្ពស់របស់ CGIF អនុវត្តចំពោះសញ្ញាបណ្ណសាជីវកម្មដែលបានធានា និងអាចឲ្យក្រុមហ៊ុនបោះផ្សាយលក់ផ្ដល់អត្រាគូប៉ុងកាន់តែទាប បន្ទាប់មកនឹងអាចមានការធានា «នេះមានន័យថា ក្រុមហ៊ុនបោះផ្សាយលក់អាចផ្ដល់ហិរញ្ញប្បទានដល់ប្រតិបត្តិការរបស់ពួកគេជាមួយនឹងតម្លៃកាន់តែទាប ដែលអាចឲ្យមានប្រាក់ចំណេញកើនឡើង»។
SECC បានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីសប្ដាហ៍មុនថា កាលពីឆ្នាំមុនមូលធនីយកម្មទីផ្សារនៅ CSX បានកើនឡើង ១៥៧ ភាគរយដល់ ៨០០,៣៩ លានដុល្លារ។ ត្រឹមចុងឆ្នាំមុន CSX បានទាក់ទាញក្រុមវិនិយោគិន ២២ ៤៤៦ នាក់ ដែលកើនឡើងជិត ១៥១ លានដុល្លារ សម្រាប់ក្រុមទាំង ៥ ដែលបានចុះបញ្ជីនៅទីផ្សារគោល និងក្រុមហ៊ុន ៣ លក់សញ្ញាបណ្ណសាជីវកម្ម។
ជាមធ្យមប្រហែល ១,៧ លានភាគហ៊ុន ត្រូវបានជួញដូរនៅរាល់ខែ ដែលមានចំនួន ៤,២ លានដុល្លារ។ នេះបើតាមទិន្នន័យរបស់ SECC៕ LA