ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីផ្តល់សិទ្ធិនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងរោងចក្រផលិតផលកាបូប សរុបចំនួន ៧៨ រោងចក្រ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០១៩ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ ២០២០។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្រសួងបានចុះបញ្ជីរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ៥១ រោងចក្រ កើនឡើង ២៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមានចំនួន ៤១ រោងចក្រ។
របាយការណ៍បានឲ្យដឹងទៀតថា ក្នុងរយៈពេល ១១ ខែនេះ ការចុះបញ្ជីរោងចក្រផលិតកាបូបមានចំនួន ២៧ រោងចក្រ កើនឡើង ១៧០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមានចំនួន ១០ រោងចក្រ។ ទន្ទឹមនឹងនេះ ការចុះបញ្ជីក្រុមហ៊ុននាំចេញ និងរោងចក្រផ្សេងៗទៀតមានចំនួន ១៣៨ ក្រុមហ៊ុន កើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ដែលមានចំនួន ១១៤។
លោក កាំង ម៉ូនីកា អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធថា កម្ពុជាបានទទួលផលជាវិជ្ជមានអំពីបញ្ហាជម្លោះពាណិជ្ជកម្មអាមេរិក និងចិន ដែលជំរុញឲ្យការចុះបញ្ជីរោងចក្រកាត់ និងស្បែកជើងមានការកើនឡើង។ លោកថ្លែងថា៖ «ការកើនឡើងរោងចក្រកាត់ដេរនៅឆ្នាំ ២០១៩ មានប្រភពចម្បងពីប្រទេស ចិន ដោយសារថ្មីនេះៗបញ្ហាជម្លោះពាណិជ្ជកម្មអាមេរិក និងចិន»។ លោកបន្តថា៖ «ការកើនឡើងរោងចក្រផលិតផលកាបូប ដោយសារផលិតផលធ្វើដំណើរទទួលបានប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាមានសមាជិកប្រតិបត្តិការជាង ៥០០ រោងចក្រ និងមាននិយោជិតជាង ៧០ ម៉ឺននាក់។
ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ១០ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូង ឆ្នាំ ២០១៩ ដែលរួមចំណែកភាគច្រើនមកពីវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរ។ នេះបើតាមរបាយការណ៍ពាណិជ្ជកម្មកើនឡើង ៦,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ២០១៨។
តាមទិន្នន័យការនាំចេញសម្លៀកបំពាក់មានតម្លៃ ៦,៤ ពាន់លានដុល្លារ វាយនភណ្ឌ ៤០ លានដុល្លារ ស្បែកជើង ៩០៥ លានដុល្លារ អង្ករ ២៨៦ លានដុល្លារ និងផលិតផលផ្សេងទៀតជាង ៣ ពាន់លានដុល្លារ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ ២០១៩ និងទិសដៅអនុវត្តការងារពាណិជ្ជកម្មឆ្នាំ ២០២០ កាលពីខែធ្នូថា ដើម្បីជំរុញការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិ ក្រសួងកំពុងបន្តពង្រឹងចង្វាក់ផលិតកម្ម និងធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈការធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកថ្លែងថា៖ «ដើម្បីចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ក្រសួងពាណិជ្ជកម្មកំពុងខិតខំពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារមន្ត្រីរាជការតាមរយៈការពង្រឹងធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលគ្រប់គ្រង និងការកែលម្អសេវាសាធារណៈជាដើម»៕LA