ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន​ ៧ ​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​អំពី​ការទទួល​រង​នូវ​ឥទ្ធិពល​នៃ​វិបត្តិ​កូវីដ​១៩​មកលើ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ឆមាស​ទី​ ១ ​នេះ​។

ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS) បាន​រាយការណ៍​ពី​ប្រាក់ចំណូល​ថា​បាន​ធ្លាក់ចុះ​ ៧,៤៤ ​ភាគរយ ដែល​មាន​ចំនួន ៦ ០៧៤ ៥៨៤ ០០០ ​រៀល​នៅ​ត្រីមាស​ទី​ ២ ឆ្នាំនេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ដែល​ប្រាក់ចំណេញ​សុទ្ធ​ក្រោយពី​បង់ពន្ធ​រួច​បាន​កើនឡើង ៧ ២០១ ៥០៤ ០០០ ​រៀល ស្មើនឹង​ ៦៣២,៤៨ ​ភាគរយ​។

លោក លូ គីមឈុន ជា​ប្រធាន និង​អគ្គនាយក​នៅក្នុង​ឯកសារ​ផ្ញើ​ទៅ CSX ត្រូវបាន​ដកស្រង់​សម្ដី​ថា​៖ «​នេះ​គឺជា​លទ្ធផល​នៃ​ការធ្លាក់ចុះ​ការដឹកជញ្ជូន​ទំនិញ​ជាទូទៅ ដោយសារ​តែ​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ទូទាំង​ពិភពលោក​លើ​កំណើន​សេដ្ឋកិច្ច​»​។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PPWSA) ក៏​បាន​រាយការណ៍​ថា នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ ប្រាក់ចំណូល​បាន​កើនឡើង​ ១៧,៩ ​ពាន់​លាន​រៀល ឬ​ ៣១,៤១ ​ភាគរយ ប្រាក់​ចំណេញ​ប្រតិបត្តិការ​បាន​កើនឡើង​ ៨,៣ ​ពាន់​លាន​រៀល ឬ​ ៤៥,០១ ​ភាគរយ និង​ប្រាក់ចំណេញ​បាន​កើនឡើង ៦,៥ ​ពាន់​លាន​រៀល ឬ​ ៧១,៤៤ ​ភាគរយ​ធៀប​ត្រីមាស​ដូចគ្នា​។

កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បាន​រាយការណ៍​ថា​ ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ ប្រាក់ចំណូល​សរុប​មាន​ចំនួន​ជិត ១៣ ​លាន​ដុល្លារ​សម្រេច​បាន​ ៤៤,៦៥ ​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ ២០២០ ហើយ​បើ​ធៀប​នឹង​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០១៩ បាន​កើនឡើង​ចំនួន​ជាង $១ ​លាន​ ឬ​ ១១,៣០ ​ភាគរយ​។

ទោះ​យ៉ាងណា​ប្រាក់​ចំណេញ​សុទ្ធ​នៅ​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ មាន​ចំនួន​តែ​ជាង​ ៤,៥ លាន​ដុល្លារ​សម្រេច​បាន​ ៤០,៦៣ ​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ ២០២០ បាន​ធ្លាក់​ចុះមក​នៅត្រឹម​ ៨២៣ ៤៨៧ ដុល្លារ ឬ​ ១៤,៤៥ ​ភាគរយ​ធៀប​នឹង​ ៦ ​ខែ​ដំបូង​នៃ​ឆ្នាំមុន​។

លោក Yves Jacquot ប្រធាន​ធនាគារ ABA Bank បាន​ឲ្យ​ដឹង​នៅក្នុង​ឯកសារ​ផ្ញើ​ទៅ​ CSX ថា​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា​បន្ត​ជួបប្រទះ​ផលប៉ះពាល់​ដោយសារ​តែ​ការថមថយ​ល្បឿន​សេដ្ឋកិច្ច ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​ទូទាំង​ពិភពលោក​។ នៅ​ត្រីមាស​ទី​ ២ ABA មាន កម្ចី​អាជីវកម្ម​ចំនួន​ ៦ ១១៤ មាន​តម្លៃ​ ៣២២,៥ ​លាន​ដុល្លារ​អាមេរិក ហើយ​កម្ចី​នេះ​អាច​បង្កើន​ផលបត្រ​កម្ចី​ដុល​ចំនួន​ ៤,២ ​ភាគរយ​ដល់​ ៣,១ ​ពាន់​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​មុន​។

លោក​បាន​ថ្លែងថា​៖ «​ធនាគារ ABA នឹង​បន្ត​ជួយ​អ្នក​ខ្ចីប្រាក់​របស់​ខ្លួន ដើម្បី​ជម្នះ​ពេលវេលា​ដ៏ពិបាក​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ​របស់ខ្លួន​»​។ លោក​បន្ត​ថា នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២០ ធនាគារ​នេះ​បាន​រៀបចំ​ឥណទាន​ឡើងវិញ​ចំនួន ៨ ៥០៩ មាន​តម្លៃ​ ៤៣៥,៧ ​លាន​ដុល្លារ​អាមេរិក​។

ក្រុមហ៊ុន LOLC (Cambodia) Plc ដែល​បានចេញ​សញ្ញា​បណ្ណ​សាជីវកម្ម​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០២០ ក្រុមហ៊ុន​មាន​ប្រាក់ចំណូល​លើ​អត្រា​ការប្រាក់​សរុប​ចំនួន ៣០៥ ៩៥៧ ​លាន​រៀល កើនឡើង​ចំនួន ៩៤ ០៤៨ ​លាន​រៀល ស្មើនឹង​ ៤៤ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន​ ៨៥ ៧៣៥ លាន​រៀល​កើនឡើង​ ២១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ខុសគ្នា​ទៅតាម​ឧស្សាហកម្ម ដែល​ពួកគេ​កំពុង​ធ្វើ​។ ទោះយ៉ាងណា ប្រតិបត្តិការ​ជារួម​កំពុង​មាន​ភាពវិជ្ជមាន​ខ្លាំង​បំផុត​នៅក្នុង​ពេល​រីករាលដាល​ជំងឺ​កូវីដ​ ១៩​ នេះ​។

លោក​លើកឡើង​ថា​៖ «​ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ CSX ទោះយ៉ាងណា យើង​មិនគួរ​មាន​ការបារម្ភ​ពេក​នោះទេ​ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​កំពុង​ដំណើរការ​អាជីវកម្ម​បាន​ល្អ ហើយ​ផលប៉ះពាល់​គ្រាន់តែ​មាន​ការថមថយ​ល្បឿន​នៃ​កំណើន​តែប៉ុណ្ណោះ​»៕LA