ភ្នំពេញៈ ក្រុម​ហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​កម្ពុជា​ចំនួន​ពីរ បាន​ប្រកាស​កា​ល​ពីដើម​សប្ដាហ៍​នេះ​ថា​នឹង​បែង​ចែក​​ភាគលាភ​ដល់​ភាគទុនិក​របស់ខ្លួន​នៅចុងខែ​នេះ។ នេះបើយោងតាម​ឯកសារ​ដាច់ដោយ​ឡែក​ពី​គ្នា​ដែល​ដាក់ជូន​ផ្សារ​មូល​បត្រ​កម្ពុជា ​(CSX)។

ក្រុម​ហ៊ុន​កាត់ដេរសម្លៀក​បំពាក់​តៃវ៉ាន់ Grand Twins International (GTI) បាន​ប្រកាស​ បែងចែក​ភាគ​លាភ​នៅថ្ងៃទី ​២០ ខែ​កក្កដា​ ហើយ​នឹង​បែងចែក​ភាគ​លាភជាសាច់​ប្រាក់​សរុប​ចំនួន ២,៤​ ពាន់​លាន​រៀល​ (៥៩២ ២០៤​ដុល្លារ) ឬ​ ៦០ រៀល​ក្នុង​មួយ​ភាគ​ហ៊ុន (១,៥ សេនដុល្លារ) ដល់​ភាគទុនិក​ឯកជន​របស់ខ្លួន​សម្រាប់​ប្រតិ​បត្តិ​ការ​ឆ្នាំ ២០១៧។

ក្រុមហ៊ុន Phnom Penh SEZ, Plc (PPSP) ដែល​ជា​ក្រុម​ហ៊ុនចុះបញ្ជី​មួយ​​ផ្សេងទៀត​ បាន​ប្រកាស​​​​បែងចែក​ភាគ​លាភ​​នៅថ្ងៃទី ៣១ ខែកក្កដា ហើយ​នឹងបែងចែក​ភាគលាភជា​​សាច់​ប្រាក់សរុប​ចំនួន ១,៣៩ ពាន់​លាន​រៀល (៣៤២ ៨១៦ ដុល្លារ) ឬ​ ២៤ ​រៀល​ក្នុង​មួយ​ភាគ​ហ៊ុន (០,៦សេនដុល្លារ) ដល់​ភាគទុនិក​ឯកជន​របស់ខ្លួន​សម្រាប់​ប្រតិ​បត្តិការ​ឆ្នាំ ២០១៧៕ LA