ភ្នំពេញៈ ក្រុមហ៊ុន​មួយចំនួន​ដែល​ចុះបញ្ជី​នៅលើ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​ប្រតិបត្តិការ​អាជីវកម្ម​ល្អប្រសើរ​កាលពី​ឆ្នាំមុន បើទោះបី​ភាព​តានតឹង​នៃ​សេដ្ឋកិច្ច​ដែល​បាន​បណ្ដាលមកពី​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​រួមទាំង​កម្ពុជា​ក៏ដោយ​។

បើ​យោងតាម​ឯកសារ​ផ្ញើ​ទៅ CSX កាលពី​សប្ដាហ៍​មុន ធនាគារ​អេស៊ីលីដា (ABC) ​បាន​រាយការណ៍​កំណើន​ដ៏រឹងមាំ​ជាមួយនឹង​ប្រាក់ចំណូល​សរុប​ជាង ១៤១,៦៦ ​លាន​ដុល្លារ គិត​ត្រឹម​ចុងខែ​ធ្នូ​ឆ្នាំមុន​ធៀប​នឹង​ជាង​ ១២០,៩៨ ​លាន​ដុល្លារ ​កាលពី​ឆ្នាំ​ ២០១៩ កើនឡើង ១៧,១៧ ​ភាគរយ​។

ធនាគារ​នេះ​ឱ្យដឹងថា​៖ «​ការកើនឡើង​នេះ​ភាគច្រើន​ដោយសារ​តែ​ការកើនឡើង​ប្រាក់​ចំណូល​អត្រា​ការប្រាក់សុទ្ធ​ចំនួន ១៦,៣៧ ​ភាគរយ​ ស្មើនឹង​ ៥៥ ៣៥០ ​លាន​រៀល​ បើ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩»​។

ខណៈ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ក៏​បាន​រាយការណ៍​កំណើន​ដ៏រឹងមាំ​នៃ​ប្រាក់ចំណូល​សុទ្ធ​នៅ​ត្រីមាស​ទី​៤ ​ឆ្នាំមុន​ដែល​កើន ១៥,៦ ​ភាគរយ សម្រេច​បាន​ប្រហែល ២,៧១៨ ​លាន​ដុល្លារ​ ធៀប​នឹង ២,៣៤៩ ​លាន​ដុល្លារ​ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​ក្នុងអំឡុង​ត្រីមាស​នេះ​ប្រាក់​ចំណូល​បាន​ពី​ការលក់​របស់​កំពង់ផែ​មួយ​នេះ​បាន​ធ្លាក់ចុះ​បន្តិច ៧,៥៩ ​ភាគរយ​។

កំពង់ផែ​មួយ​នេះ​បាន​លើកឡើង​ថា​៖ «​ការថយចុះ​ចំណូល​ការកើនឡើង​នៃ​ចំណេញ​ប្រតិបត្តិការ និង​ចំណេញ​សុទ្ធ នេះ​បណ្ដាលមកពី​បរិមាណ​ទំនិញ​រាយ និង​ប្រេង​ឆ្លងកាត់​មាន​ការថយចុះ និង​ការ​ខាត​ពី​អត្រា​ប្តូរប្រាក់​យ៉េន (​មិនទាន់​សម្រេច​) ​បាន​កើនឡើង​ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​ ២០១៩ ប៉ុន្តែ​ដោយ​ទំនិញ​កុងតឺន័រ​បាន​កើនឡើង​វិញ និង​ចំណាយ​ពន្ធ​ពន្យារ​លើ​ប្រាក់ចំណេញ (Deferred Tax Expense)»​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រុមហ៊ុន​ទាំង​ ២ ជាពិសេស​ប្រតិបត្តិការ​របស់​អេស៊ីលីដា គឺ​នៅតែ​រឹងមាំ ខណៈ​ប្រាក់ចំណូល និង​ប្រាក់ចំណេញ​កើនឡើង​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ចំណែក PAS ដែល​ប្រភេទ​អាជីវកម្ម​របស់ខ្លួន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វីរុស​នេះ នៅ​តែ​អាច​រកប្រាក់​ចំណេញ​បាន​កាលពី​ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖ «​នេះ​បង្ហាញថា​ ក្រុមហ៊ុន​ទាំង​ពីរបាន​គ្រប់គ្រង​ស្ថានភាព​របស់ខ្លួន​ល្អប្រសើរ និង​មាន​យុទ្ធសាស្ដ្រ​ល្អ​ក្នុង​ការកាត់បន្ថយ និង​ធ្វើឱ្យ​ចុះខ្សោយ​ផលប៉ះពាល់​ដែល​បាន​បណ្ដាលមកពី​ជំងឺ​កូវីដ ​១៩»​។

លោក​ពន្យល់ថា សម្រាប់ ABC ការអាច​ធ្វើឱ្យ​ប្រតិបត្តិការ​រឹងមាំ​បែបនេះ​ក្នុងអំឡុង​ពេលវេលា​ដ៏ពិបាក​នេះ គឺជា​សមិទ្ធផល​ដ៏អស្ចារ្យ​មួយ ហើយ​ទំនងជា​នឹង​បង្កើន​ទំនុកចិត្ត​លើ​ភាគហ៊ុន​របស់ខ្លួន​ផងដែរ​។

លោក​ឱ្យដឹងថា មិន​ដូចជា​ធនាគារ​អេស៊ីលីដា អាជីវកម្ម​របស់​កំពង់​ផែ​នេះ​ហាក់ដូចជា​ត្រូវ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ផលប៉ះពាល់​ជំងឺ​កូវីដ ​១៩​។

លោក​បន្តថា​៖ «​ទោះ​យ៉ាងណា ប្រសិនបើ​យើង​សម្លឹង​មើលទៅ​របាយការណ៍​ហិរញ្ញវត្ថុ​បណ្ដោះអាសន្ន​មាន​ការធ្លាក់ចុះ​ប្រាក់ចំណូល​តិចតួច​ប៉ុណ្ណោះ ទោះបី​ជា​ស្ថិតក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​​កូវីដ​ ១៩​ ក៏ដោយ​។ ជា​វិជ្ជមាន យើង​រំពឹង​ថា នៅពេល​ស្ថានការណ៍​កាន់តែ​ប្រសើរឡើង យើង​នឹង​មើលឃើញ​កំណើន​ដ៏រឹងមាំ​ពី​អាជីវកម្ម​កំពង់ផែ​មួយ​នេះ​ជាថ្មី​មិន​ខាន​»​។

លោក​បញ្ជាក់ថា ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដោយ​រដ្ឋាភិបាល​កម្ពុជា​នឹង​ជំរុញ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​ប្រទេស​នេះ​ប្រកប​ដោយ​ទំនុកចិត្ត​។

លោក​បាន​អះអាង​ថា​៖ «​ទោះបីជា​ការចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នេះ​អាច​​រួមចំណែក​ដល់​ការធ្វើឱ្យមាន​ភាព​ធូរស្រាល​ផ្នែក​មួយចំនួន​នៃ​សេដ្ឋកិច្ច​ក៏​យើង​អាច​មើលឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ពឹងផ្អែក​ភាគច្រើន​លើ​ការវិនិយោគ​ផ្ទាល់​បរទេស​ (FDI) និង​ទេសចរណ៍​មកពី​ខាងក្រៅ​។ អាស្រ័យ​ហេតុនេះ ដរាបណា​វីរុស​នេះ​នៅ​មិនទាន់​បាត់បង់​ទាំងស្រុង បញ្ហា​គឺ​នៅតែ​មាន​។ ទោះជា​យ៉ាងណា យើង​ជឿ​ថា វីរុស​នេះ​នឹងមិន​ឆ្លង​លឿន​ដូច​កាលពី​ច្រើន​ខែ​មុនៗ​ទេ ហើយ​នៅពេល​ផ្នែក​កាន់តែ​ធំ​នៃ​ពិភពលោក​ទទួលបាន​វ៉ាក់សាំង សេដ្ឋកិច្ច​ពិភពលោក​នឹង​ត្រឡប់​រក​ភាពប្រក្រតី​មិន​ខាន​»៕LA