The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ចុះ​បញ្ជី​​នៅ CSX ទទួល​បានការ​លើក​ទឹក​ចិត្ត​​ផ្នែក​ពន្ធ​ដ៏​ធំ




ក្រុមហ៊ុន​ចុះ​បញ្ជី​​នៅ CSX ទទួល​បានការ​លើក​ទឹក​ចិត្ត​​ផ្នែក​ពន្ធ​ដ៏​ធំ

Content image - Phnom Penh Post
ការិយាល័យក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា​​។ ហេង ជីវ័ន

ក្រុមហ៊ុន​ចុះ​បញ្ជី​​នៅ CSX ទទួល​បានការ​លើក​ទឹក​ចិត្ត​​ផ្នែក​ពន្ធ​ដ៏​ធំ

ភ្នំពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ការ លើក​​ទឹក​ចិត្ត​ផ្នែក​ពន្ធដារ​​​ដ៏​ធំ​មួយ​សម្រាប់​​​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​នៅ​​​​ផ្សារ​មូលបត្រ​កម្ពុជា (CSX) ​ដោយ​​សន្យា​ថា​នឹង​​កាត់​បន្ថយ​បន្ទុក​ពន្ធ​​លើ​ប្រាក់​ចំណូល​​ ៥០ ភាគរយ និង​លុប​ចោល​បំណុល​ពន្ធ​ទាំង​​ស្រុង​របស់​ក្រុមហ៊ុន​​ក្នុង​ករណី​ពួក​គេ​ចុះ​បញ្ជី​ជួញ​ដូរ​​​ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២១។

អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​បាន​លើក​ឡើង​ថា​ ការ​សម្រេច​ថ្មី​នេះ​គឺ​ជា​ការ​ផ្តល់​កញ្ចប់​លើក​ទឹក​ចិត្ត​ដ៏​ធំ ដែល​នឹង​ទាក់ទាញ​ក្រុមហ៊ុន​ជា​ច្រើន​ឲ្យ​​ចាប់​អារម្មណ៍​ក្នុង​ការ​បោះ​ផ្សាយ​លក់​ភាគហ៊ុន ឬ​បណ្ណ​បំណុល​​នៅ​ CSX ហើយ​រំពឹង​ថា​ យ៉ាង​ហោច​ណាស់​ក្រុមហ៊ុន​ថ្មី​ ៤ ទៅ ៥ និង​ចុះ​បញ្ជី​ជួញដូរ​នៅ​ឆ្នាំ​នេះ។

អនុក្រឹត្យ​មួយ​របស់​​​រដ្ឋាភិបាល ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃ​ ៤ មករា​ ហើយ​ត្រូវ​​​បាន​ចេញ​ផ្សាយ​ដោយ​គណៈ​កម្មការ​មូលបត្រ​កម្ពុជា (SECC) កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ បាន​បង្ហាញ​​ថា ពន្ធ​លើ​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​បោះ​ផ្សាយ​ថ្មី​ទាំង​ភាគហ៊ុន និងបណ្ណ​បំណុល (ចាប់​ពី​ថ្ងៃ​អនុ​ក្រឹត្យ​នេះ​ចូល​ជា​ធរមាន ដល់​ ៣ ឆ្នាំ​បន្ទាប់​) នឹង​ទទួល​បាន​ការ​កាត់​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណូល ៥០ ភាគរយ​សម្រាប់​រយៈ​ពេល​ ៣ ឆ្នាំ​រាប់​ចាប់​ពី​ភាគហ៊ុន ឬបណ្ណ​បំណុល​នោះ​បោះ​ផ្សាយ។

លើស​ពី​នេះ អនុ​ក្រឹត្យ​នេះ​​ក៏​សម្រេច​ឲ្យ​ក្រុមហ៊ុន​ដែល​​​បោះ​ផ្សាយ​មូលបត្រ​ថ្មី​ក្នុង​​អំឡុង​ពេល​អនុ​គ្រោះ​នោះ​ទទួល​បាន​​ការ​លុប​ចោល​បំណុល​ពន្ធ​ចាស់​ផង​ដែរ​ ​ដែល​រួម​បញ្ចូល​ទាំង​ពន្ធ​លើ​ប្រាក់​ចំណូល​ទាំង​ស្រុង​ ពន្ធ​កាត់​ទុក អាករ​លើ​តម្លៃ​បន្ថែម អាករ​ពិសេស​លើ​ទំនិញ​ និង​សេវា​មួយ​ចំនួន។

អនុក្រឹត្យ​​​លើក​​ឡើង​ថា​៖​ «​​អនុ​ក្រឹត្យ​នេះ​មាន​វិ​សាល​ភាព​អនុវត្ត​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចំពោះ​ក្រុមហ៊ុន​/​សហគ្រាស​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) និង​មូលបត្រ​បំណុល​លើក​​ដំបូង​ជា​សាធារណៈ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈ​កម្មការ​មូលបត្រ​កម្ពុជា (SE​CC) និង​បាន​ចុះ​បញ្ជី​ជួញ​ដូរ​មូលបត្រ​ពី​ទីផ្សារ​មូលបត្រ​ប្រតិ​ស្រុត (CSX)»។

យោង​តាម​អនុ​ក្រឹត្យ ក្រុមហ៊ុន​បោះផ្សាយ​ភាគហ៊ុន និង​បណ្ណ​បំណុល​លើក​ដំបូង​ជា​សាធារណៈ​​​​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី ​SECC និង​ចុះ​បញ្ជី​នៅ​ CSX ត្រូវ​បំពេញ​បែប​បទ ជូន​អគ្គ​នាយកដ្ឋាន​ពន្ធដារ​តាម​រយៈ SECC នៅ​រាល់​មុន​ការិយ​បរិច្ឆេទ​បង់​ពន្ធ​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ​នី​មួយ​ៗ​ដើម្បី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធ។

វិនិយោគិន​សាធារណៈ​ក៏​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ផង​ដែរ ដោយ​នឹង​ទទួល​បាន​ការ​បន្ថយ​ពន្ធ​កាត់​ទុក ៥០ ភាគរយ​លើ​ការ​ប្រាក់ និង/ឬ​ភាគ​លាភ​ដែល​បាន​មក​ពី​ការ​កាន់​កាប់ និង/ឬ​ទិញ​លក់​មូលបត្រ​សម្រាប់​រយៈ​ពេល​ ៣ ឆ្នាំ គិត​ចាប់​ពី​អនុក្រឹត្យ​នេះ​ចូល​ជាធរមាន។ នេះ​បើ​យោង​តាម​អនុ​ក្រឹត្យ​នេះ។

ប៉ុន្តែ​ក្រុមហ៊ុន​ខ្នាត​ធំ​ដែល​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ពី​រដ្ឋាភិបាល​រួច​ហើយ ដូច​ជា​ក្រុមហ៊ុន​បាន​សិទិ្ធ​វិនិយោគ​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នឹង​មិន​ស្ថិត​ក្នុង​បញ្ជី​លើក​ទឹក​ចិត្ត​ពន្ធ​នេះ​ទៀត​នោះ​ទេ។

ក្រុមហ៊ុន​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​សាធារណៈ​លើក​ដំបូង​ដែល​នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​នេះ នឹង​បាត់បង់​ការ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ និង​ការ​អនុគ្រោះ​បំណុល​ពន្ធ​ទាំង​​នេះ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​ច្បាប់។

លោកស្រី​ គឹម សុផានីតា ប្រធាន​នាយកដ្ឋាន​ស្តីទី​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​របស់ CSX បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិលមិញ​ថា អនុក្រឹត្យ​ថ្មី​នេះ​គឺ​ជា​សេចក្ដី​សម្រេច​ចិត្ត​មួយ​ក្នុង​ចំណោម​សេចក្ដី​សម្រេច​ចិត្ត​សំខាន់​ៗ​ជា​ច្រើន​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បន្ត​​ការ​គាំទ្រ​ទីផ្សារ​មូលបត្រ​កម្ពុជា​​ឲ្យ​រីក​ចម្រើន​​។​

រដ្ឋាភិបាល​ក៏​ធ្លាប់​​បាន​ចេញ​វិធានការ​លើក​ទឹក​ចិត្ត​ពន្ធ​ស្រដៀង​គ្នា​មួយ​ផង​ដែរ​សម្រាប់​ក្រុមហ៊ុន​ចុះ​បញ្ជី​​កាល​ពី​ឆ្នាំ​ ២០១៥​ និង​ផុត​កំណត់​ក្នុង​ឆ្នាំ​ ២០១៨។

លោក​ស្រី​ សុផានីតា ​បាន​ឲ្យ​ដឹង​ថា អនុ​ក្រឹត្យ​ថ្មី​នេះ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដែល​ទាក់ទាញ​​ខ្លាំង​ជាង​អនុ​ក្រឹត្យ​​​​កាល​ពី​ឆ្នាំ ២០១៥​ ដោយសារ​បាន​​​បន្ថែម​ការ​ផ្តល់​ជូន​ការ​កាត់​​​បន្ថយពន្ធ​លើ​ប្រាក់​ចំណូល​ ៥០ ​ភាគរយ​​រយៈ​ពេល​ ៣ ​ឆ្នាំ ដែល​​​​នឹង​​លើក​លែង​​បំណុល​ពន្ធ​រយៈ​ពេល​កាន់​តែ​វែង​ (​រហូត​ដល់​ ៩ ឆ្នាំ​​ថយ​ក្រោយ​) និង​ប្រភេទ​បំណុល​ពន្ធ​​មិន​ផ្ទាល់​​គ្រប់​ប្រភេទ។

លោកស្រី​​បន្ថែម​ថា ​វា​មិន​តម្រូវ​ឲ្យ​មាន​ការ​​​​ធ្វើ​សវនកម្ម​ពន្ធ​ដ៏​ទូលំ​ទូលាយ​ទៅ​លើ​ក្រុមហ៊ុន​ដោយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ (GDT) មុន​ពេល​បោះ​ផ្សាយ​មូលបត្រ​ទេ។​

លោក​ស្រី​ថ្លែង​​ថា​៖ «​សម្រាប់​ក្រុមហ៊ុន​ដែល​​មាន​របាយ​ការណ៍​​ហិរញ្ញវត្ថុ​មិន​ទាន់​ធ្វើ​សវនកម្ម​ជា​ច្រើន​ឆ្នាំ​ មាន​ការ​បារម្ភ​​ខ្លាច​រក​ឃើញ​បំណុល​ពន្ធ​ច្រើន​ពេក​ ហើយ​​ត្រូវ​បង់​ពន្ធ​។ នេះជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​ពួក​គេ​​ក្នុង​ការ​ជម្រះ​បំណុល​តាម​រយៈ​ការ​ទៅ​ចុះ​បញ្ជី»។ ​

លោក សេង ចាន់ធឿន នាយក​ផ្នែក​គ្រប់គ្រង​​ក្រុមហ៊ុន SBI Royal Securities បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​​ ​ការ​លើក​ទឹក​ចិត្ត​ពន្ធ​នេះ​គឺ​ជា​ការ​ផ្ដល់​រង្វាន់​ដ៏​ធំ​មួយ​​សម្រាប់​​ក្រុមហ៊ុន​ដែល​គ្រោង​នឹង​ចុះ​បញ្ជី​នៅ​ CSX​។​

លោក ចាន់​ធឿន ដែល​ក្រុមហ៊ុន​របស់​លោក​ជា​​អ្នក​ធានា​ទិញ​មូលបត្រ​បំណុល​ឲ្យ​ក្រុមហ៊ុន​ ​ Hattha Kaksekar Ltd (HKL) ​នោះ បាន​ថ្លែង​ទៀត​​ថា ​​​ការ​លើក​ទឹក​ចិត្ត​​ពន្ធ​ពី​រដ្ឋាភិបាល នឹង​អាច​ឲ្យ​​ក្រុមហ៊ុន HKL​ សន្សំ​ប្រាក់​បាន​ប្រហែល​ ២ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម​។​

លោក​មាន​ប្រសាសន៍​ថា​៖ «​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ជា​ច្រើន​ ដែល​មាន​បំណង​បោះ​ផ្សាយ​​មូលបត្រ​បំណុល​ ប៉ុន្តែ​​មាន​ភាព​ស្ទាក់ស្ទើរ​​ក្នុង​ការ​បោះ​ផ្សាយ ដោយ​ពួក​គេ​​រង់​ចាំ​ការ​លើក​ទឹក​ចិត្ត​ពន្ធ​ពី​រដ្ឋាភិបាល​»។ លោក​បន្ត​ថា៖​ «​ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពន្ធ​នេះ​ ខ្ញុំ​ជឿជាក់​ថា​ យ៉ាង​ហោច​ណាស់ នឹង​មាន​​ក្រុមហ៊ុន​ថ្មី ៤ ទៅ​ ៥ មក​ចុះ​បញ្ជី​នៅ​ CSX ​នៅ​ឆ្នាំ​នេះ​ដែល​ភាគ​ច្រើន​​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​»៕ LA

អត្ថបទគួរចាប់អារម្មណ៍