ភ្នំពេញ: ទោះបីជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ កំពុង​ប៉ះពាល់​ដល់​ផ្សារហ៊ុន​ក្នុង​តំបន់ និង​ពិភពលោក​ក៏ដោយ ក្រុមហ៊ុន​ចុះបញ្ជី​មួយចំនួន​នៅលើ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) បាន​រាយការណ៍​ប្រតិបត្តិការ​វិជ្ជមាន​​នា​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​។

ក្រុមហ៊ុន Pestech (Cambodia) Plc បាន​រាយការណ៍​ប្រាក់ចំណេញ​សុទ្ធ​កើនឡើង​ ៣០០ ​ភាគរយ​មាន​ចំនួន​ ៩,២៤៣ ​លាន​ដុល្លារ បើ​ធៀប​នឹង​តួលេខ​កាលពី​ឆ្នាំ​ ២០១៩ ​ចំនួន​ ២,៣៤៣ ​លាន​ដុល្លារ​។ ចំណែក​ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កើនឡើង​ខ្លាំង​ ៧១ ​ភាគរយ និង​ធនាគារ Acleda ​ប្រាក់ចំណេញ​សុទ្ធ​កើនឡើង​ ២,៧ ​ភាគរយ​។

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ក៏​បាន​រាយការណ៍​ថា​រកប្រាក់​ចំណូល​បាន​ប្រហែល​ ២២,២៦៤ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង បើ​ធៀប​នឹង​ ២១,៧០៧ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា កើនឡើង​ ២,៥៦ ​ភាគរយ​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ ​ថា ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ខុសគ្នា​ពី​ឧស្សាហកម្ម​មួយ​ទៅ​ឧស្សាហកម្ម​មួយ​។ ទោះយ៉ាងណា ប្រតិបត្តិការ​ជារួម​កំពុង​ទទួលបាន​ភាពវិជ្ជមាន ទោះបីជា​ស្ថិត​ក្នុង​សភាពការណ៍​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។

លោក​ថា អាជីវកម្ម​ក្នុង​វិស័យ​កំពង់ផែ​ហាក់ដូចជា​ធ្វើបាន​យ៉ាង​ល្អ ទោះបី​ជាការចរាចរ​កាន់តែ​ទាប​ក្នុង​អំឡុង​​ពេល​ជំងឺ​កូវីដ​ ១៩​ នេះ​ក៏ដោយ ខណៈ​ដែល​ឧស្សាហកម្ម​កាត់ដេរ​ត្រូវ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​តែ​កង្វះ​តម្រូវការ ការបញ្ជាទិញ​ធ្លាក់ចុះ និង​ការពន្យារពេល​នាំចេញ​ផលិតផល​ទៅឱ្យ​អតិថិជន ដែល​បណ្ដាល​​មកពី​ការបិទ​ប្រទេស​នៅក្នុង​​អំឡុងពេល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩​។

លោក​បន្តថា សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ប្រាក់ចំណេញ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​ក្រុមហ៊ុន​នេះ​ចង់​បម្រុង​ទុក​សាច់ប្រាក់​មួយចំនួន ដើម្បី​ប្រើប្រាស់​នៅក្នុង​ប្រតិបត្តិការ​ជា​ជាង​ការចែក​សាច់ប្រាក់​ក្នុង​ទម្រង់​នៃ​ភាគលាភ​ដល់​ភាគទុនិក​។

លោក​ឱ្យដឹងថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ Grand Twin Internationals បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ មាន​ការធ្លាក់ចុះ​ការបញ្ជាទិញ​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២០ ដែល​បណ្ដាលឱ្យ​មានការ​ធ្លាក់ចុះ​ប្រាក់ចំណូល​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០២០ បើ​ធៀប​នឹង​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០១៩​។

លោក​ថា​៖ «​នេះ​បង្ហាញថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ពិតជា​ប៉ះពាល់​លើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ពិតមែន ទោះជា​យ៉ាងណា យើង​មិនគួរ​មានការ​បារម្ភ​ពេក​នោះទេ ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​កំពុង​ដំណើរការ​បាន​ល្អ ហើយ​ផលប៉ះពាល់​បាន​ធ្វើឱ្យ​កំណើន​របស់​ពួកគេ​ថមថយ​ល្បឿន តែ​ប្រសិនបើ​មិនមាន​កូវីដ​នោះ វា​នឹងមាន​កំណើន​កាន់តែ​ខ្លាំង​។ ខ្ញុំ​យល់ឃើញ​ថា នេះ​ជា​ពេលវេលា​ដ៏ល្អ​មួយ សម្រាប់​ក្រុម​វិនិយោគិន​វៃឆ្លាត​ក្នុង​ការទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ទាប ហើយ​រក្សាទុក​លក់​ក្នុង​តម្លៃ​ខ្ពស់​នៅពេល​អនាគត ខណៈ​ដែល​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​វិជ្ជមាន​ចាប់ពី​ឆ្នាំ​ក្រោយនេះ ហើយ​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុង​ការជួយ​ក្រុមហ៊ុន និង​អាជីវកម្ម​ក្នុងស្រុក និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​តាមរយៈ​វិធានការ​មួយចំនួន​»៕ LA