ភ្នំពេញៈ ចំនួន​ក្រុមហ៊ុន និង​សហគ្រាស​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ថ្មី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ ២០២០ មាន​ចំនួន ៧ ៨៦០ ​ធ្លាក់ចុះ ៤០,៧២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ១៣ ២៥៩​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ក្នុង​ចំណោម​នោះ ការចុះបញ្ជី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មាន ៥ ៦៧៧ ​ក្រុមហ៊ុន​ធ្លាក់ចុះ ៣៩,២៤ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៩ មាន​ចំនួន ៩ ៣៤៤​។ ចំណែក​ការចុះបញ្ជី​ពាណិជ្ជកម្ម​ដល់​សហគ្រាស​ឯកបុគ្គល​ថ្មី​មាន ២ ១៨៣ ធ្លាក់ ៤៤,២៤ ​ភាគរយ​ពី​ចំនួន ៣ ៩១៥​។

ជាមួយ​គ្នា​នេះដែរ មាន​ក្រុមហ៊ុន​សហគ្រាស​ចំនួន ៥០០ ​ត្រូវបាន​ស្នើសុំ​លុប​ឈ្មោះ​ចេញពី​បញ្ជី​ពាណិជ្ជកម្ម​ដែល​ចំនួន​នេះ​កើនឡើង ១៨៧ ​ភាគរយ​ពី ១៧៤ ​កាលពី​ឆ្នាំ​ ២០១៩​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០២០ កាលពី​ថ្ងៃទី​ ១ ខែមេសា​នេះ​ថា ក្រសួង​ប្តេជ្ញា​ខិតខំ​ធ្វើ​ពិពិធកម្ម​ទីផ្សារ និង​ទាក់ទាញ​វិនិយោគ​ថ្មីៗ​បន្ថែម​តាមរយៈ​ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​។ លោក​បន្តថា ជាមួយ​គ្នា​នេះ​ក្រសួង​ក៏​នឹង​ពង្រឹង​វិស័យ​កម្មសិទ្ធិបញ្ញា និង​កិច្ចការពារ​អ្នកប្រើប្រាស់ ការលើកកម្ពស់​សេវា​សាធារណៈ និង​សម្រួល​ការធ្វើ​ធុរកិច្ច​បន្ថែមទៀត​ផងដែរ​។

លោក​ឱ្យដឹងថា​៖ «​ក្រសួង​កំពុង​ខិតខំ​ពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ថែមទៀត ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​តាមរយៈ​ការពង្រឹង​ធនធាន​មនុស្ស ការធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​រដ្ឋបាល និង​គ្រប់គ្រង ការអភិវឌ្ឍ​ស្ថាប័ន​រួមទាំង​កសាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) ​សង្កេត​ឃើញ​ថា ការបន្ត​រីករាលដាល​ជំងឺ​កូវីដ​១៩ ជា​សកល​នេះ​បាននិង​កំពុង​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​វិនិយោគ​នៅ​កម្ពុជា​។ វិបត្តិ​សុខភាព​នេះ​បាន​នាំឱ្យ​ធ្លាក់ចុះ​នៃ​ចំនួន​ក្រុមហ៊ុន និង​សហគ្រាស​មក​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ឆ្នាំមុន​។

លោក​ប្រាប់ថា​៖ «​ក្នុងសម័យ​កូវីដ​ ១៩ គឺ​មិនមាន​បុគ្គល​ណា​ចង់​វិនិយោគ​ទេ ព្រោះ​ការដាក់ទុន​ពេលនេះ​មិន​ខុស​អ្វី​នឹង​យកលុយ​ទៅ​បោះចោល​ទេ​។ ការទិញ-លក់ ក៏ដូចជា​ប្រតិបត្តិការ​ផលិតកម្ម​របស់​ខ្លួន​ក៏​មិនសូវ​ដើរ​ដែរ​។ ពួកគេ​សុខចិត្ត​សម្ងំ​សិន ទុក​លុយ​សិន ដើម្បី​រង់ចាំ​ធ្វើការ​វិនិយោគ​នៅពេលណា​ដែល​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ចុះថមថយ​ទៅវិញ​»៕ LA