ភ្នំពេញៈ ក្រុមហ៊ុន Goldwell Capital Co.,Ltd និងក្រុមហ៊ុន First Asia Merchants Bullion Limited បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី «យុទ្ធសាស្ដ្រនៃការចែករំលែកព័ត៌មាននៅក្នុងទីផ្សារ និងការលើកកម្ពស់ការអប់រំដល់វិនិយោគិន» ដែលជាវិធានការមួយក្នុងការលើកកម្ពស់ទីផ្សារឧបករណ៍និស្សន្ទទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ កំពុងបន្តរំខានដល់សេដ្ឋកិច្ចពិភពលោក និងតំបន់ក៏ដោយ។
MoU នេះត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី ១៧ ខែមីនា ដោយមានលោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករផ្សារមូលបត្រកម្ពុជា (SERC) ជាអធិបតី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន SERC។
សេចក្ដីប្រកាសព័ត៌មានបានបន្តថា៖ «MoU នេះត្រូវបានបង្កើតឡើងដើម្បីជំរុញសកម្មភាពអប់រំ វិនិយោគិន ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទីផ្សារឱ្យគ្នាទៅវិញទៅមកក្នុងគោលដៅលើកកម្ពស់កម្រិតគុណភាពសេវាកម្មឱ្យមានស្ដង់ដាវិជ្ជាជីវៈ ស្ថិរភាព និងប្រកបដោយភាពច្នៃប្រឌិត សម្រាប់វិនិយោគិនក្នុងការទាញយកនូវផលចំណេញជាអតិបរមាពីទីផ្សារនេះ»។
លោក ស៊ូ សុជាតិ បានឱ្យដឹងក្នុងអំឡុងពិធីចុះហត្ថលេខានេះថា ក្រុមហ៊ុនឧបករណ៍និស្សន្ទ ដែលទទួលបានអាជ្ញាប័ណ្ណពីនិយតករមូលបត្រកម្ពុជាកំពុងធ្វើឱ្យទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការកើនឡើងចំនួនក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ និងកើនឡើងជាលំដាប់នៃទំហំជួញដូរពី ១ ឆ្នាំទៅ ១ ឆ្នាំ។
លោកថ្លែងថា៖ «ការរីកចម្រើននៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលជាតួអង្គធ្វើប្រតិបត្តិការផ្ទាល់ជាមួយវិនិយោគិនក្នុងទីផ្សារបានឡើយ»។
លោកបានឱ្យដឹងថា ជាក់ស្ដែងនៅក្នុងឆ្នាំ ២០១៦ ដែលជាឆ្នាំដាក់ឱ្យដំណើរការលើកដំបូងនៃទីផ្សារឧបករណ៍និស្សន្ទ មានក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មលើឧបករណ៍និស្សន្ទត្រឹមតែ ៦ ប៉ុណ្ណោះ ហើយចំនួននេះបានបន្តកើនឡើងរហូតដល់ ៣៣ ក្រុមហ៊ុននៅក្នុងឆ្នាំ ២០២០។
ដោយឡែក ចំពោះទំហំជួញដូរសរុបវិញមានប្រមាណត្រឹមតែជាង ៥ លានដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៧ ប៉ុន្តែទំហំនេះបានកើនឡើងដល់ជិត ៦០០ លានដុល្លារក្នុងឆ្នាំ ២០២០ បើទោះបីជាពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជាផងដែរនោះបានទទួលរងនូវឥទ្ធិពលពីជំងឺរាតត្បាតជំងឺកូវីដ ១៩ ក៏ដោយ៕LA