ភ្នំពេញ: រដ្ឋាភិបាល​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ចំនួន ៣ ​បន្ថែម​ទៀត​ ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​ ៥ ដែល​បានដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហធាតុ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃ​សុក្រ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រមហ៊ុន Continental Copper (Cambodia) Co., Ltd ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited និង​ក្រុមហ៊ុន Late Cheng Mining Development Co., Ltd ត្រូវបាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ក្នុង​ការទទួល​បាន​អាជ្ញាប័ណ្ណ​ស្វែងរក​ធនធាន​រ៉ែ​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា ប្រសិន​បើ​ក្រុមហ៊ុន Continental Copper ទទួលបាន​អាជ្ញាប័ណ្ណ​នឹង​ធ្វើការ​សិក្សា​ស្វែងរក​រ៉ែ​នៅ​តំបន់​អូរខ្វាវ​ខាងលិច ស្ថិត​ក្នុង​ឃុំ​ខ្វាវ ឃុំ​តាសៀម និង​ឃុំ​ស្វាយលើ ខេត្តសៀមរាប​ដែលមាន​ទំហំ ២០០ ​គីឡូម៉ែត្រ​ក្រឡា និង ២០០ ​គីឡូម៉ែត្រ​ក្រឡា​ទៀត​នៅក្នុង​ឃុំ​ខ្វាវ ខេត្តសៀមរាប​ដែល​ជាប់​ព្រំប្រទល់​នឹង​ឃុំ​ស្រែយ៉ាង ស្រុក​រណសិរ្ស ខេត្តព្រះវិហារ​។

ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នឹងធ្វើ​ការសិក្សា​ស្វែងរក​រ៉ែ​លោហធាតុ​នៅ​តំបន់​ចំនួន​ ២ គឺ ក្នុង​តំបន់​អូរខ្ទង់​លើ​ផ្ទៃដី ១៩៥,២ ​គីឡូម៉ែត្រ​ក្រឡា និង​ ១៩៥,៨ នៅ​ព្រែក​ខ្លុង ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី​។

ចំណែក​ក្រុមហ៊ុន Late Cheng Mining Development Co., Ltd នឹង​ធ្វើ​ការសិក្សា​ស្វែងរក​រ៉ែ​លោហៈ​នៅ​តំបន់​ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដែល​មាន​ទំហំ ១៥១​ គីឡូម៉ែត្រ​ក្រឡា​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ក្រុមហ៊ុន​ទាំងនេះ​ទទួលបាន​ជយលាភី ដើម្បី​បន្ត​នីតិវិធី​ស្នើសុំ​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហធាតុ រួមមាន រ៉ែ​ទង់ដែង រ៉ែ​មាស រ៉ែ​ដែក ជាដើម​។

លោក​ថ្លែងថា​៖ «​យើង​បាន​កំណត់​គោលដៅ​បើក​ឲ្យ​មាន​ការសិក្សា​ធនធាន​រ៉ែ សម្រាប់​តំបន់​ដែល​មាន​រចនាសម្ព័ន្ធ​ភូមិសាស្ត្រ​ល្អ និង​មាន​សក្តានុពល​ធនធាន​រ៉ែ​»​។

កាលពី​ដើម​ខែមីនា​ក្រសួង​រ៉ែ និង​ថាមពល​ក៏បាន​ប្រកាស​ថា ក្រុមហ៊ុន H.T Kuang Ye Cambodia Development Co., Ltd និង ក្រុមហ៊ុន Cambodia K88 Industry Co.,Ltd ត្រូវបាន​ជ្រើសរើស​ជា​ក្រុមហ៊ុន​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​មាន​សិទ្ធិ​អាទិភាព ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ក្នុង​ការទទួល​បាន​អាជ្ញាប័ណ្ណ​ស្វែងរក​ធនធាន​រ៉ែ​នៅ​កម្ពុជា​ផងដែរ​។

បើ​យោងតាម​លោក មុនីរ៉ាត់ បច្ចុប្បន្ន​ក្រសួង​បានផ្តល់​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​ចំនួន ៣៩ ​នៅ​ទូទាំងប្រទេស​។

កាលពី​សប្តាហ៍​មុន​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​បើក​តំបន់​សម្បទាន​រុករក​រ៉ែ​ថ្មី​បន្ថែមទៀត​សម្រាប់​ក្រុមហ៊ុន​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ដែលមាន​ទំហំ​សរុប ៧៩៤ ​គីឡូម៉ែត្រ​ក្រឡា​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ ខេត្តព្រះវិហារ និង​មណ្ឌលគិរី​។

បច្ចុប្បន្ន​ក្រុមហ៊ុន Emerald Resources NL ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ប្រទេស​ អូស្ត្រាលី​ កំពុង​ធ្វើការ​អភិវឌ្ឍ​គម្រោង​រ៉ែ​មាស​នៅ​អូរខ្វាវ​ក្នុង​ខេត្តមណ្ឌលគិរី​។ ក្រុមហ៊ុន​នេះ​រំពឹង​ថា​នឹង​ទាញយក​ទិន្នផល​មាស​លើកដំបូង​នៅ​ឆ្នាំ ២០២០ នេះ​៕