ភ្នំពេញ: លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ​ជាមួយ​ក្រុមហ៊ុន iLAWASIA Co., Ltd ដែលជា​ក្រុមហ៊ុន​ថៃ​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ប្រឹក្សា​យោបល់​ដល់​វិនិយោគិន​កម្ពុជា​-​ថៃ ខណៈ​ដែល​ធុរជន​ក្នុងស្រុក​ចាត់ទុក​ជា​ការផ្តួចផ្តើម​ដ៏ល្អ​សម្រាប់​កិច្ចការ​សម្របសម្រួល​ផ្នែក​ច្បាប់​ក្នុង​ថ្ងៃ​អនាគត​។

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ការដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សេវា​ប្រឹក្សា​យោបល់ និង​គាំពារ​ផ្លូវច្បាប់​ទាក់ទង​នឹង​ការធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម និង​ពលករ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការចុះ​ MoU ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ជំរុញ​ការអនុវត្ត​ការទូត​សេដ្ឋកិច្ច​ដោយ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹងថា MoU នេះ​នឹង​ជួយ​ពង្រីក​លទ្ធភាព​បន្ថែមទៀត​ជូន​វិស័យ​ឯកជន​របស់​កម្ពុជា និង​ថៃ​ឱ្យទទួល​បាន​សេវា​ប្រឹក្សា​យោបល់ និង​ការគាំពារ​ផ្នែក​ច្បាប់​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម និង​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​។

លោក អ៊ូក សោភ័ណ ថ្លែងថា​៖ «MoU នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយទៀត​សម្រាប់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ការងារ​ទ្វេភាគី​រវាង​កម្ពុជា-ថៃ ព្រមទាំង​បង្កើន​ទំនុកចិត្ត​រវាង​សហគមន៍​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ ២ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

លោក​បន្តថា​៖ «​យើង​សូម​លើកទឹកចិត្ត​ដល់​ធុរជន ពាណិជ្ជករ និង​វិនិយោគិន​កម្ពុជា-ថៃ ដែលមាន​បំណង​ចាប់​ដៃគូ​ធ្វើ​ធុរកិច្ច និង​ពាណិជ្ជកម្ម​ជាមួយគ្នា​សូម​អញ្ជើញ​មក​ពិគ្រោះ​យោបល់​នៅ​ការិយាល័យ​អនុព័ន្ធពាណិជ្ជកម្ម​នៃ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក ដើម្បី​ចៀសវាង​កើតមាន​វិវាទ​នឹង​គ្នា​នៅ​ថ្ងៃ ក្រោយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការបង្កើត​ឱ្យ​មាន​ការិយាល័យ​ផ្តល់​សេវា​ប្រឹក្សា​យោបល់ និង​គាំពារ​ផ្លូវច្បាប់​នេះ​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​ពលករ​ចំណាកស្រុក​កម្ពុជា​នៅ​ទីនោះ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​រឿង​ល្អ​ដែល វា​នឹង​ជួយ​សម្របសម្រួល​ពលករ​កម្ពុជា​ដែល​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ថៃ​ដោយ​ខុសច្បាប់ ឬ​ស្នាក់នៅ​ហួស​សុពលភាព​ដើម្បីឱ្យ​ពួកគេ​រស់នៅ និង​ធ្វើការ​ស្របច្បាប់​ឡើងវិញ​»​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៥៥ ដែល​តភ្ជាប់​ពី​ខេត្តពោធិ៍សាត់​ទៅ​ព្រំដែន​ប្រទេស​ថៃ​កាលពី​ខែមីនា​ឆ្នាំ​ ២០២០​ថា ជាមួយ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ ២ សកម្មភាព​ដោះដូរ​ទំនិញ និង​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​កើនឡើង​។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ​ កាលពី​ឆ្នាំ​ ២០១៩ សម្រេចបាន​ជាង ៩ ,៤១ ពាន់​លាន​ដុល្លារ​ កើន​ ១២ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ មាន​ចំនួន ៨,៣៨ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតម្លៃ​ជាង​ ២,២ ពាន់​លាន​ដុល្លារ​ កើន ១៩៥ ភាគរយ ខណៈ​ការ​នាំចូល​ទំនិញ​ពី​ថៃ​មានតម្លៃ ៧,១៤ ​ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ​ ៦ ភាគរយ​។

ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មានតម្លៃ​ជាង ៣ ៥៨៨ ​លាន​ដុល្លារ កើន​ ១១,៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ មាន​ចំនួន ៣ ២១២ ​លាន​ដុល្លារ​៕ LA