ភ្នំពេញៈ ក្រុមហ៊ុន​ចែកចាយ​ផលិតផល​អេឡិចត្រូនិក​របស់​ជប៉ុន RenetJapanGrou កំពុង​ចរចា​ទិញ​ភាគហ៊ុន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ស្រុក​តូច​មួយ​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​ ៩ ​លាន​ដុល្លារ​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​សេដ្ឋកិច្ច​ដ៏ល្បី​មួយ​របស់​ជប៉ុន Nikkei Asian Review​។

Nikkei Asian Review បាន​រាយការណ៍​ថា RenetJapanGroup ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​អេឡិចត្រូនិក​ដែល​ប្រើ​រួច​ (​ជជុះ​) នឹង​ទិញ​ភាគហ៊ុន​ ៩០ ភាគរយ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន​ទឹកប្រាក់ ៩,២១ លាន​ដុល្លារ​ដែល​កិច្ចព្រមព្រៀង​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ខាង​មុខ​។

កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​នេះ​ជា​ផ្នែក​មួយ​ជួយ​ក្រុមហ៊ុន RenetJapanGroup ដែល​កំពុង​ពង្រីក​ប្រតិបត្តិការ​នៅក្នុង​​តំបន់​អាស៊ាន ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​តាមរយៈ​ការ​ពង្រីក​ធានា​រ៉ាប់រង​ពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ថាមពល​ដើរ​ដោយ​សូឡា​។

យោង​តាម Nikkei Asian Review គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន​មាន​ទីតាំង​ប្រតិបត្តិការ​សរុប​ ២១ ទីតាំង​ភាគច្រើន​នៅ​តាម​ទីប្រជុំជន និង​មាន​ទ្រព្យ​សកម្ម​សរុប​ ១២,១ លាន​ដុល្លារ ហើយ​ភាគច្រើន​ផ្តល់​កម្ចី​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​។

នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​មាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ជប៉ុន​ជាច្រើន​បាន​ទិញ​ភាគហ៊ុន​នៅ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ខណៈ​កំណើន​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កើនឡើង​ផង​ដែរ​៕