ភ្នំពេញៈ ក្រុមហ៊ុន​ ២ ​របស់​ប្រទេស ​ជប៉ុន​ បាន​សហការ​គ្នា​ ដើម្បី​ផ្ដល់​សេវា​ធនាគារ​អ៊ីនធឺណិត​ក្នុង​ការគាំទ្រ​ដល់​ការទូទាត់​ឌីជីថល​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា Blockchain និង​កម្មវិធី​ផ្ទេរប្រាក់ បាគង របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​។

ប្រព័ន្ធ​ព័ត៌មាន​របស់​ប្រទេស​ជប៉ុន Kyodo បាន​រាយការណ៍​ថា ReNet Japan Group Inc ជា​ក្រុមហ៊ុន​កែច្នៃ​ឡើងវិញ​នឹង​សហការ​ជា​ក្រុម​ជាមួយ​ក្រុមហ៊ុន​បង្កើត​ថ្មី​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន ដើម្បី​ផ្ដល់​សេវា​ធនាគារ​អ៊ីនធឺណិត នៅក្នុង​ប្រទេស ​កម្ពុជា​ នៅ​ដើម​និទាឃរដូវ​ឆ្នាំ​ ២០២១​។

ក្រុមហ៊ុន ReNet Japan និង​ក្រុមហ៊ុន Soramitsu Holdings AG ដែលជា​ការវិនិយោគ​រួមគ្នា​របស់​វិនិយោគិន​ជប៉ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ីស​នឹង​បង្កើត​ប្រតិបត្តិការ​រួមមួយ​នៅ​កម្ពុជា​ត្រឹម​ខែមេសា ដោយ​ក្រុមហ៊ុន ReNet Japan គ្រប់គ្រង​ភាគហ៊ុន​ ៨០ ​ភាគរយ និង​ក្រុមហ៊ុន Soramitsu គ្រប់គ្រង​ភាគហ៊ុន​ដែល​នៅ​សល់​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ReNet Japan​។

ក្រុមហ៊ុន Soramitsu កំពុង​ស្វែងរក​ការដាក់​ចូល​ទៅក្នុង​ប្រតិបត្តិការ​ពេញលេញ​នូវ​កម្មវិធី​ទូទាត់ «​បាគង​» ជា​កម្មវិធី​ទូទាត់​ឌីជីថល​ផ្អែកលើ​បច្ចេកវិទ្យា​រូបិយប័ណ្ណ​ឌីជីថល​របស់​ខ្លួន​ដែល​ខ្លួន​បាន​បង្កើតឡើង​សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា និង​កំពុង​សាកល្បង​ចាប់តាំង​ពី​ខែ​កក្កដា ឆ្នាំ​ ២០១៩​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ផែនការ​ទាំង​ ២ ​នេះ ដើម្បី​បង្កើត​ប្រព័ន្ធ​ផ្ដល់​ពិន្ទុ​ឥណទាន​ដោយ​ការរួម​បញ្ជូល​ទិន្នន័យ​ទូទាត់​របស់​ក្រុមហ៊ុន Soramitsu និង​ទិន្នន័យ​កម្ចី​របស់​ក្រុមហ៊ុន ReNet Japan»​។

លោកស្រី ជា សិរី អគ្គនាយិកា NBC បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាលពី​ខែ​មុន​ថា NBC នឹង​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ទូទាត់​ឌីជីថល និង​ការផ្ទេរ​ប្រាក់​មាន​មូលដ្ឋាន​លើ​រូបិយប័ណ្ណ​ឌីជីថល​នៅ​រយៈពេល​ ២-៣ ​ខែ​ក្រោយ​។ រហូតមក​ដល់​ពេលនេះ​ផែនការ​នេះ​បាន​គាំទ្រ​រួច​ហើយពី​ធនាគារ​ចំនួន​ ១១ ហើយ​ធនាគារ​កាន់តែ​ច្រើន​រំពឹងថា​នឹង​ចូលរួម​ក្នុងពេល​ឆាប់ៗ​។

លោកស្រី​បាន​បន្តថា បាគង ដែល​ជា​ទម្រង់​ដូចគ្នា​នៃ​រូបិយប័ណ្ឌ​ឌីជីថល​ធនាគារកណ្ដាល (CBDC) ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​ឈរលើ​មូលដ្ឋាន​សាកល្បង​កាលពី​ខែ​កក្កដា ហើយ​នឹង​ត្រូវដាក់​ឲ្យ​ប្រតិបត្តិការ​នៅ​ឆ្នាំនេះ​៕LA