
ការិយាល័យក្រុមហ៊ុន Smart នៅរាជធានីភ្នំពេញនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន Mitsui & Co ទើបសម្រេចកិច្ចព្រមព្រៀងទិញភាគហ៊ុន ១០ ភាគរយបន្ថែមទៀតពីក្រុមហ៊ុនទូរគមនាគមន៍ Smart Axiata ដែលធ្វើឲ្យក្រុមហ៊ុនជប៉ុនមួយនេះកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន Smart Axiata សរុប ២០ ភាគរយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Smart Axiata ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃពុធ។
ក្រុមហ៊ុន Smart Axiata នៅកម្ពុជាគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Axiata Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី។
កាលពីខែឧសភាឆ្នាំ ២០១៧ ក្រុមហ៊ុន Mitsui & Co បានសម្រេចទិញភាគហ៊ុន ១០ ភាគរយនៅក្នុងក្រុមហ៊ុន Smart Axiata ម្តងហើយក្នុងតម្លៃ ៦៦ លានដុល្លារពីក្រុមហ៊ុនមេ Axiata Group ហើយកាលនោះ Axiata Group បានផ្តល់ជម្រើសដល់ Mitsui Co ក្នុងការសម្រេចចិត្តទិញភាគហ៊ុនបន្ថែម ១០ ភាគរយទៀតដោយទុកសុពលភាពពិចារណា ១ ឆ្នាំ។
កិច្ចព្រមព្រៀងទិញលក់ភាគហ៊ុនថ្មីនេះបានធ្វើឲ្យក្រុមហ៊ុន Axiata Group កាត់បន្ថយភាគហ៊ុនរបស់ខ្លួនក្នុងក្រុមហ៊ុន Smart Axiata កម្ពុជាពី ៨២,៥ ភាគរយមកនៅត្រឹម ៧២,៥ ភាគរយវិញ។ ភាគហ៊ុន ៧,៥ ភាគរយដែលនៅសេសសល់ត្រូវកាន់កាប់ដោយក្រុមហ៊ុន Southern Coast Ventures។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Smart Axiata បង្ហាញថា កំណើនភាគហ៊ុនរបស់ក្រុមហ៊ុន Mitsui នៅក្នុងក្រុមហ៊ុន Smart នឹងធ្វើជាជំនួយបន្ថែមទៀតដល់ដំណើររបស់ខ្លួនឆ្ពោះទៅការផ្លាស់ប្តូរកម្ពុជាទៅជាសង្គមមួយដែលពឹងលើចំណេះដឹង ឌីជីថល និងព័ត៌មាន។
សេចក្ដីប្រកាសព័ត៌មានបង្ហាញថា៖ «ជំនាញរបស់ក្រុមហ៊ុន Mitsui ខាងការងារឌីជីថលផ្សេងៗនឹងអាចឲ្យក្រុមហ៊ុន Smart ពង្រឹងបន្ថែមទៀតនូវភាពជាអ្នកដឹកនាំផ្នែកឌីជីថលខ្លួននៅកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មាននេះបន្ថែមថាមិនមានការផ្លាស់ប្តូរច្រើនចំពោះថ្នាក់គ្រប់គ្រង យុទ្ធសាស្ដ្រ ឬប្រតិបត្តិការរបស់ក្រុមហ៊ុននេះទេ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ។ ក្រុមហ៊ុនមិនបានបង្ហាញតម្លៃពិតអំពីការទិញភាគហ៊ុនថ្មីបន្ថែម ១០ ភាគរយនេះទេ។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយតករទូរគមនាគមន៍កម្ពុជា (TRC) បានឲ្យដឹងកាលពីម្សិលមិញថា Mitsui គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏រឹងមាំមួយហើយការចូលរបស់ក្រុមហ៊ុននេះក្នុងវិស័យទូរគមនាគមន៍កម្ពុជានឹងផ្ដល់ភាពវិជ្ជមានដល់ឧស្សាហកម្មនេះ។
លោកថ្លែងថា៖ «យើងសង្ឃឹមថាដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏រឹងមាំ ប្រតិបត្តិករទូរគមនាគមន៍មួយនេះនឹងពង្រឹងគុណភាពសេវារបស់ខ្លួនដូចជាបណ្ដាញ 5G ដើម្បីបង្កើនល្បឿនអ៊ីនធឺណិតកាន់តែលឿន សម្រាប់អត្ថប្រយោជន៍របស់អ្នកប្រើប្រាស់កម្ពុជា»៕LA