ភ្នំពេញៈ ក្រុមប្រតិភូ ចំនួន ១៥ ក្រុមហ៊ុនមកពីទីក្រុង Kitakyushu ប្រទេសជប៉ុនបានបង្ហាញពីការចាប់អារម្មណ៍ និងចង់ស្វែងយល់ពីឱកាស និងការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា។ នេះបើយោងតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
គំនិតនេះត្រូវបានលើកឡើងក្នុងជំនួបរវាងក្រុមប្រតិភូសមាគមក្រុមហ៊ុនអាជីវកម្មទឹកស្អាតក្រៅប្រទេស (KOWBA) របស់ជប៉ុនជាមួយលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនៅទីស្តីការក្រសួងកាលពីថ្ងៃអង្គារ។
លោក Kubota Koji ប្រធានប្រតិភូ KOWBA បានប្រាប់ថា ក្រុមហ៊ុនទាំង ១៥ ដែលមកចូលរួមក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្ម គឺសុទ្ធតែជាក្រុមហ៊ុនដែលមានជំនាញ និងចំណាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា។
លោកប្រាប់ទៀតថា មិនត្រឹមតែក្រុមប្រតិភូ KOWBA នោះទេដែលចង់បង្កើនកិច្ចសហប្រតិបត្តិការនៅកម្ពុជា សូម្បីតែលោក Kita Hashi Kenji ជាចៅហ្វាយក្រុង Kitakyushu ក៏បង្ហាញនូវមនោសញ្ចេតនាក្នុងការធ្វើកិច្ចសហប្រតិបត្តិការឲ្យចេញជាផ្លែផ្កាជាមួយកម្ពុជាដែរ។
KOWBA គឺជាអង្គការមួយដែលមានគោលបំណងលើកកម្ពស់ការផ្តួចផ្តើមគំនិតអាជីវកម្មទឹកស្អាតនៅបរទេសតាមរយៈភាពជាដៃគូសាធារណៈ និងឯកជននៅក្នុងទីក្រុង Kitakyushu។
លោក ចម ប្រសិទ្ធ ស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ KOWBA ក្នុងការវិនិយោគលើទឹកស្អាតនៅកម្ពុជា ដោយលោកលើកឡើងថា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក៏មានការលើកទឹកចិត្តយ៉ាងច្រើនចំពោះការវិនិយោគលើវិស័យនេះផងដែរ ដែលមានដូចជា ការលើកលែងពន្ធលើប្រាក់ចំណេញក្នុងកាលកំណត់មួយ ការមិនយកពន្ធលើការនាំចូលឧបករណ៍ សម្ភារបម្រើឲ្យការសាងសង់ និងដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ជាដើម។
លោកថ្លែងថា៖ «បច្ចុប្បន្នក្រសួងមិនត្រឹមតែផ្តោតលើការផ្គត់ផ្គង់ទឹកស្អាតក្នុងទីក្រុង និងទីប្រជុំជនប៉ុណ្ណោះទេ តែក៏បាននិងកំពុងគិតគូរដល់តំបន់ជនបទតាមគ្រប់លទ្ធភាព ហើយក៏លើកទឹកចិត្តដល់វិស័យឯកជនឲ្យវិនិយោគការផលិតទឹកស្អាតដើម្បីលក់ដុំបន្តផងដែរ»។
តាមក្រសួងពាណិជ្ជកម្ម ការវិនិយោគផ្ទាល់របស់ជប៉ុននៅកម្ពុជាចាប់ពីឆ្នាំ ១៩៩៤ ដល់ត្រីមាសទី ១ ឆ្នាំ ២០១៩ ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តមានចំនួន ១៣៧ គម្រោងស្មើនឹងទុនវិនិយោគសរុប ២,៥ ពាន់លានដុល្លារ។ ការវិនិយោគផ្ទាល់របស់ជប៉ុនភាគច្រើនទៅលើរោងចក្រផលិតគ្រឿងផ្គុំអគ្គិសនី គ្រឿងអេឡិចត្រូនិក គ្រឿងផ្គុំរថយន្ត សម្ភារបរិក្ខារបច្ចេកទេសកសិឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែក្នុងឆ្នាំ ២០១៩ ការនាំទំនិញចេញរបស់កម្ពុជាសរុបមានតម្លៃ ១០,៩ ពាន់លានដុល្លារដែលនាំមុខដោយសហរដ្ឋអាមេរិកដែលមានចំណែកទីផ្សារ ២៩ ភាគរយ ខណៈជប៉ុនស្ថិតនៅលេខ ២ ជាមួយនឹងចំណែកទីផ្សារ ៨ ភាគរយ។
សម្រាប់ការនាំចូលទំនិញមកកម្ពុជា ប្រទេស ជប៉ុន ស្ថិតនៅលេខ ៤ ដោយមានចំណែកទីផ្សារ ៥ ភាគរយ តាមពីក្រោយដោយប្រទេសចិនមាន ៣៩ ភាគរយ ថៃ ១៥ ភាគរយ និងវៀតណាម ១៣ ភាគរយ។ ការនាំចូលសរុបមានតម្លៃ ១៦,៥ ពាន់លានដុល្លារ៕