ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន​ប្រហែល ១៧ ក្រុមហ៊ុន​ មកពី​វិស័យ​ផ្សេងៗ កំពុង​ស្វែងរក​ឱកាស​វិនិយោគ និង​អាជីវកម្ម​នៅ​កម្ពុជា ដើម្បី​ចាប់យក​អត្ថប្រយោជន៍​នៃ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

ការផ្គូផ្គង​អាជីវកម្ម​រវាង​ដៃគូ​កម្ពុជា និង​ក្រុម​វិនិយោគិន​ជប៉ុន​ត្រូវ​បាន​ធ្វើឡើង​នៅ​ការិយាល័យ​កណ្ដាល​ធនាគារ​អេស៊ីលីដា នា​ក្រុង​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ដែល​ត្រូវ​បាន​រៀបចំ​រួមគ្នា​ដោយ​ធនាគារ​អេស៊ីលីដា និង​សមាគម​កម្ពុជា-ជប៉ុន​ដែល​បាន​ដឹកនាំ​ដោយ​លោក Takahashi Fumiaki អតីត​ឯកអគ្គរាជទូត​ជប៉ុន​។

លោក អ៊ិន ចាន់នី ដែល​បាន​ដឹកនាំ​ក្រុម​វិនិយោគិន​ក្នុង​ស្រុក​ដ៏មាន​សក្ដានុពល បាន​ឲ្យ​ដឹងថា ការផ្គូផ្គង​អាជីវកម្ម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការប្ដេជ្ញាចិត្ត​របស់​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែល​បាន​និយាយ​ទៅកាន់​ក្រុម​វិនិយោគិន​ជប៉ុន​នៅ​ទីក្រុង​តូក្យូ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​ជប៉ុន​នៅពេល​ថ្មីៗ ដោយ​អំពាវនាវ​ឲ្យ​មាន​ការវិនិយោគ​កាន់តែ​ច្រើន​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​។

លោក ចាន់នី បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ថា​៖ «​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​បាន​អំពាវនាវ​ឲ្យ​ក្រុម​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​»​។

លោក​បន្ថែមថា​៖ «​បន្ទាប់មក​ខ្ញុំ​បាន​ជួប​ជាមួយ​លោក Takahashi Fumiaki អតីត​ឯកអគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា​កាលពី​ខែ​កញ្ញា​បន្ទាប់មក​យើង​បាន​ពិភាក្សា​ក្នុង​ការស្វែង​រក​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ដ្រី​ក្លាយជា​ការពិត​។ នេះ​ជា​មូលហេតុ​ដែល​យើង​បានទទួល​ក្រុមហ៊ុន​ធំៗ​ចំនួន ១៧ មកពី​ប្រទេស​ជប៉ុន​នៅក្នុង​វិស័យ​ផ្សេងៗ ដែល​ចូលមក​ដើម្បី​ស្វែងរក​ឱកាស​ណាមួយ​នៅ​ប្រទេស​របស់​យើង​»​។

យោងតាម​លោក ចាន់នី ក្រុមហ៊ុន​ជប៉ុន​ទាំងនេះ​មាន​មកពី​វិស័យ​វិស្វកម្ម សំណង់ និង​អចលនទ្រព្យ ធនាគារ បច្ចេកវិទ្យា សណ្ឋាគារ និង​បដិសណ្ឋារកិច្ច អាហារ​សុខភាព កសិកម្ម​។​ល​។

លោក​បន្តថា ក្រុមហ៊ុន​មួយ​ចំនួន​ដែលមាន​វត្តមាន​ក្នុង​ពិធី​ផ្គូផ្គង​កាលពី​ថ្ងៃ​ពុធ​នោះ​បាន​វិនិយោគ​នៅ​កម្ពុជា​រួចហើយ ប៉ុន្តែ​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត​មិនបាន​វិនិយោគ​នៅឡើយ​ទេ​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ការផ្គូផ្គង​អាជីវកម្ម​គឺជា​វេទិកា​មួយ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ភាគី​ទាំង​ ២ ដើម្បី​ទទួល​បាន​ការជជែក​ដោយ​ផ្ទាល់ និង​ចែករំលែក​ព័ត៌មាន​។ យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ការវិនិយោគ​របស់​ជប៉ុន​តែងតែ​នាំយក​យីហោ​នៃ​ការជឿ​ទុកចិត្ត និង​គុណភាព​នៃ​ការវិនិយោគ​ទៅក្នុង​ប្រទេស​ណាមួយ​។ ភាគច្រើន​នៃ​វិនិយោគិន​ជប៉ុន​កំពុង​ស្វែងរក​ការវិនិយោគ​រយៈពេល​វែង​»​។

លោក​បាន​បន្ថែមថា​៖ «​ជាពិសេស​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ​ក្នុង​រយៈពេល​ជាង​​ ២ ​ទសវត្សរ៍ ខណៈ​យើង​ក៏មាន​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម​ផងដែរ ដែល​ជា​ចំណុច​ដ៏សំខាន់​ក្នុង​ការទាក់ទាញ​ពួកគេ​ឲ្យ​មក​វិនិយោគ​នៅទីនេះ​»​។

លោក Takahashi Fumiaki ដែល​ដឹកនាំ​សមាគម​កម្ពុជា-ជប៉ុន បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ប្រទេស​ទាំង​ ២ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធានា​ការវិនិយោគ​រួចមក លំហូរ​ចូល​ការវិនិយោគ​ពី​ប្រទេស​ជប៉ុន​ចូលមក​កម្ពុជា​បន្ត​កើនឡើង​។ ការផ្គូផ្គង​អាជីវកម្ម​នេះ​មាន​បំណង​នាំយក​ក្រុមហ៊ុន​ជប៉ុន​មកជួប​ពាណិជ្ជករ និង​ក្រុម​វិនិយោគ​កម្ពុជា​ដែល​មាន​សក្ដានុពល ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​រួម ឬ​ការផ្លាស់ប្តូរ​ព័ត៌មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ទៅវិញ​ទៅមក​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​នាំ​យក​សមាជិក​មួយចំនួន​របស់​សមាគម​នេះ​មក​កម្ពុជា នៅពេល​នេះ​គឺ​ដើម្បី​បង្កើន​ការវិនិយោគ និង​ពាណិជ្ជកម្ម​ចូលមក​កម្ពុជា​។ ខ្ញុំ​ជឿជាក់​ថា ក្រុមហ៊ុន​ជប៉ុន​នឹង​មាន​ការយល់ដឹង​បន្ថែមទៀត​អំពី​ស្ថានការ​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​មាន​អំណោយផល​ខ្លាំង​»​។

លោក​បន្ថែមថា​៖ «​អ្នកដឹង​ហើយ​អំពី​កំណើន​សេដ្ឋកិច្ច​ជាង ៧ ​ភាគរយ​ក្នុង​រយៈពេល ១៦ ​ឆ្នាំ​ជាប់​គ្នា​របស់​កម្ពុជា​។ អ្នកនឹង​មើលឃើញ​ក្នុង​រយៈពេល​ ៧ ឆ្នាំក្រោយ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង​ទ្វេដង​។ ដូច្នេះ​ខ្ញុំ​គិតថា ក្រុមហ៊ុន​ជប៉ុន ពួកគេ​ត្រូវតែ​ស្វែងរក​ឱកាស​នៅទីនេះ​»​។

យោងតាម​ទិន្នន័យ​បាន​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន (Jetro) ការនាំចេញ​ទំនិញ​សរុប​ពី​ប្រទេស​កម្ពុជា​ទៅ​ជប៉ុន​មាន​តម្លៃ ១,៤៥ លាន​ដុល្លារ កើនឡើង​ ៧,៨ ភាគរយ និង​ការ​នាំចូល​ទំនិញ​ជប៉ុន​មក​កម្ពុជា​មាន​តម្លៃ​ជាង ៤៤ ម៉ឺន​ដុល្លារ​កើនឡើង ៣៤,២ ​ភាគរយ​៕ LA