ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ​ជាមួយ​ក្រុមហ៊ុន Yamato Green Co., Ltd របស់​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​ក្នុង​ការអភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

ក្រោយ​ការចុះ​ MoU ​នេះ​ក្រុមហ៊ុន​ជប៉ុន​ ១០ ​នឹង​មកជួយ​អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​លើ​ខ្សែចង្វាក់​ផលិតកម្ម​បន្លែ​ទៅ​តាម​ជំនាញ​នីមួយៗ​។ នេះ​បើតាម​ការអះអាង​របស់​ភាគី​ជប៉ុន​។

ការចុះ​ MoU ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ដោយ​លោក​រដ្ឋមន្ត្រី វេង សាខុន និង​លោក Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​នៅ​ទីស្តីការ​ក្រសួង ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​តាមរយ:​ការចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា បច្ចេកទេស​កសិកម្ម បច្ចេកវិទ្យា​កសិកម្ម និង ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ជាដើម​។

លោក វេង សាខុន ​បាន​ថ្លែងថា ព្រឹតិ្តការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ឆន្ទ:​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ក្នុង​ការគាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​ធនធាន​ថវិកា និង​បច្ចេកទេស​ដើម្បី​ចូលរួម​អភិវឌ្ឍ​ផលិតកម្ម​បន្លែ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​សេចក្តីត្រូវការ​ទីផ្សារ​បន្លែ​ និង​ការចាប់យក​កាលានុវត្តភាព​។

លោក​ថា​៖ «​ឯកសារ MoU ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ​មាន​លក្ខណ:​គ្រប់គ្រាន់​ក្នុង​ការបំពេញ​តម្រូវការ​ឲ្យ​គ្នា​ទៅវិញទៅមក​យ៉ាង​ប្រទាក់ក្រឡា​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​បន្លែ​»​។

លោក Nabeshima Katsuhito ស្ថាបនិក​ និង​ជា​នាយក​ក្រុមហ៊ុន​បាន​ថ្លែងថា ក្នុងនាម​ឲ្យ​នាយក​ក្រុមហ៊ុន និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​គម្រោង​បាន​សម្តែង​នូវ​ឆន្ទ:​យ៉ាង​មុតមាំ​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ប្រើប្រាស់​សក្តានុពល​ដោយ​នាំយក​បច្ចេកវិទ្យា​ចុងក្រោយ​នៃ​វិស័យ​ផលិតកម្ម​បន្លែ​ទាំង​អំឡុងពេល​ដាំដុះ និង​ប្រមូលផល​រហូតដល់​លើ​តុ សម្រាប់​អ្នក​បរិភោគ មក​អនុវត្ត​នៅ​កម្ពុជា​។

លោក​ថា​៖ «​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ ១០ នឹង​មក​ចូលរួម​អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​លើ​ខ្សែចង្វាក់​ផលិតកម្ម​បន្លែ​នេះ​ទៅតាម​ជំនាញ​នីមួយៗ ហើយ​ពិតណាស់​កសិករ​ផលិត​គឺជា​ដៃគូ​មិនអាច​ខ្វះ​បាន​ក្នុង​ការឈាន​ទៅ​សម្រេច​ជោគជ័យ​តាម​ផែនការ​នេះ​»​។

កម្ពុជា​បាន​នាំចេញ​បន្លែ​ប្រមាណ​ ៣៩ ​តោន ​ក្នុង​រយៈពេល ៣ ​ខែ​ដើម​ឆ្នាំនេះ ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​មាន​ទីផ្សារ​បារាំង សាធារណរដ្ឋ​ឆែក និង​ស្វ៊ីស​ទទួល​ទិញ​៕