ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​ថាមពល​កកើត​ឡើង​វិញ​ចំនួន​ ២ ​របស់​ជប៉ុន​គឺ​ក្រុមហ៊ុន Aura Green Energy Co និង​ក្រុមហ៊ុន WWB Corp បាន​រួម​គ្នា​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ថាមពល​កូនកាត់​ដែល​រួមមាន​ជីវម៉ាស់ និង​ថាមពល​សូឡា​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១​។

ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន NNA បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ដ្រី​អ្នកនាំពាក្យ​ក្រុមហ៊ុន Aura Green Energy បាន​ប្រាប់​ថា ក្រុមហ៊ុន Aura Green Energy និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​បន្ទះ​សូឡា WWB Corp វិនិយោគ​រួម​ដើម្បី​សាងសង់​រោងចក្រ​ផលិត​ថាមពល​ដែល​ប្រើប្រាស់​អង្កាម​ជា​ប្រេងឥន្ធនៈ​នៅក្នុង​រោងចក្រ​កិនស្រូវ​នៅ​ជិត​រាជធានី​ភ្នំពេញ​រួមជាមួយ​បន្ទះ​សូឡា​។

កាសែត​នេះ​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​នេះ​មាន​តម្លៃ​ ៤០០ ​លាន​យ៉េន​ (៣,៧ ​លាន​ដុល្លារ​) ជាមួយ​នឹង​សមត្ថភាព​ទិន្នផល​សរុប ១ ៥០០ ​គីឡូវ៉ាត់​។

កាសែត​បន្តថា​រោងចក្រ​នេះ​នឹង​ផ្គត់ផ្គង់​ថាមពល​ទៅ​រោង​ម៉ាស៊ីន​កិនស្រូវ​របស់​ក្រុមហ៊ុន Angkor Kasekam Roongroeung ដែល​ជា​ក្រុមហ៊ុន​ផលិត​អង្ករ​ក្នុងស្រុក​ដ៏សំខាន់​មួយ​នៅក្នុង​ខេត្តកណ្ដាល​ជាមួយ​នឹង​ផែនការ​លក់​ផលិតផល​លើស​ពី​តម្រូវការ​ទៅ​ឲ្យ​ក្រុមហ៊ុន​ថាមពល​ក្នុង​ស្រុក​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ស្ថិរភាព​អគ្គិសនី​មាន​តួនាទី​ដ៏សំខាន់​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​ក្នុង​គោលបំណង​បង្កើន​ចង្វាក់​ផលិត និង​កាត់បន្ថយ​ការចំណាយ​របស់​ពួកគេ​។

ទោះយ៉ាងណា​លោក​បញ្ជាក់​ថា ការវិនិយោគ​លើ​ថាមពល​សូឡា​ដែល​មិន​តភ្ជាប់​ទៅ​នឹង​បណ្តាញ​អគ្គិសនី​ជាតិ​មិន​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​លើក​ទឹកចិត្ត​ទេ ព្រោះ​តម្លៃ​ដើម​ខ្ពស់​ជាង​ការទិញ​អគ្គិសនី​ពី​រដ្ឋ​។

លោក​ថ្លែងថា​៖ «​បើ​រោងចក្រ​ថាមពល​សូឡា​មាន​សមត្ថភាព​ផលិត​អគ្គិសនី​គ្រប់គ្រាន់ ពួកគេ​ប្រើ​សម្រាប់​រោង​ម៉ាស៊ីន​កិនស្រូវ​របស់​គេ​វា​នឹង​ល្អ​បំផុត​»​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា វិស័យ​ឯកជន​គួរតែ​ប្រើ​ថាមពល​ដែល​ទិញ​ពី​អគ្គិសនី​កម្ពុជា​ (EDC) ដែល​មាន​ការតភ្ជាប់​បណ្តាញ​ជាតិ​ត្រឹមត្រូវ និង​មាន​តម្លៃ​ទាប​។ លោក​ថ្លែងថា​៖ «​បើ​មាន​ការផ្គត់ផ្គង់​ត្រឹមត្រូវ និង​មាន​អគ្គិសនី​ប្រកប​ដោយ​ស្ថិរភាព​ប្រើប្រាស់​វា​ទៅ​គឺ​មិនចាំបាច់​វិនិយោគ​ទេ​»​។

ស្ដ្រី​អ្នកនាំពាក្យ​ក្រុមហ៊ុន​ Aura ​ថា ក្រុមហ៊ុន WWB នឹង​ផ្គត់ផ្គង់​បន្ទះ​សូឡា ដែល​ផលិត​នៅក្នុង​ប្រទេស​វៀតណាម​សម្រាប់​រោងចក្រ​នៅ​កម្ពុជា​។

កាសែត NNA បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​នេះ​មួយ​ផ្នែក​ត្រូវបាន​ឧបត្ថម្ភធន​ដោយ​រដ្ឋាភិបាល​ជប៉ុន​ប្រហែល ១១០ ​លាន​យ៉េន​ស្ថិត​ក្រោម​យន្តការ​ឥណទាន​រួម​ដែល​ជា​ផែនការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​៕ LA