The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ជប៉ុន​ ៣ សារភាព​បន្លំ​ទិន្នន័យ​កាបូន

ក្រុមហ៊ុន​ជប៉ុន​ ៣ សារភាព​បន្លំ​ទិន្នន័យ​កាបូន

Content image - Phnom Penh Post
ឡូហ្គោ​របស់​ក្រុមហ៊ុន Mazda ដែល​ជា​ក្រុមហ៊ុន​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​ ៣​។ រូប AFP

ក្រុមហ៊ុន​ជប៉ុន​ ៣ សារភាព​បន្លំ​ទិន្នន័យ​កាបូន

ក្រុងតូក្យូៈ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Suzuki Motor ក្រុមហ៊ុន Mazda និង​ក្រុមហ៊ុន Yamaha បាន​សារភាព​ពី​ការប្រើប្រាស់​ទិន្នន័យ​បំភាយ​ឧស្ម័ន​ក្លែងក្លាយ​សម្រាប់​រថយន្ត​មួយ​ចំនួន​ក្នុង​រឿង​អាស្រូវ​គុណភាព​ផលិតផល​ចុង​ក្រោយ​បំផុត​មួយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​រថយន្ត​របស់​ប្រទេស​នេះ​។ នេះ​បើ​យោង​តាម​ក្រសួង​គមនាគមន៍​របស់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ក្រុមហ៊ុន​ទាំង​​ ៣ ​នេះ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​បន្ទាប់ពី​ក្រសួង​គមនាគមន៍​កាលពី​ខែ​មុន​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត និង​ម៉ូតូ​ចំនួន ២៣ ​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ផ្ទៃក្នុង បន្ទាប់ពី​ក្រសួង​បាន​ដឹង​ថា​ក្រុមហ៊ុន Nissan និង​ក្រុមហ៊ុន Subaru បាន​បន្លំ​ទិន្នន័យ​កម្រិត​ប្រើប្រាស់​ប្រេង និង​ការ​បំភាយ​ឧស្ម័ន​កាបូន​។

ក្រសួង​គមនាគមន៍​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង ៣ បាន​រាយការណ៍​ពី «​ការធ្វើ​ការងារ​មិន​សមរម្យ​» ក្នុង​ការ​ធ្វើ​អធិការកិច្ច​លើ​រថយន្ត​។

ក្រុមហ៊ុន​ទាំង​នេះ​បាន​ឲ្យ​ដឹង​ថា ការធ្វើ​តេស្ដ​ការ​បំភាយ​ឧស្ម័ន​កាបូន​មិន​ពេញលេញ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅលើ​រថយន្ត​មួយ​ចំនួន​របស់​ខ្លួន ប៉ុន្តែ​មន្ដ្រី​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា លទ្ធផល​ការធ្វើ​តេស្ដ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ត្រឹមត្រូវ​។

ក្រុមហ៊ុន Suzuki បាន​សារភាព​ពី​ការធ្វើ​អធិការកិច្ច​មិន​ត្រឹមត្រូវ​លើ​រថយន្ត​ចំនួន ៦ ៤០១ គ្រឿង ឬ​ស្មើ​នឹង​ជិត​ពាក់កណ្ដាល​នៃ​រថយន្ត​សំណាក​ដែល​ជា​កម្មវត្ថុ​ចំពោះ​ការត្រួតពិនិត្យ​នៅ​ចន្លោះ​ពី​ឆ្នាំ​ ២០១២ និង​ឆ្នាំ​ ២០១៨​។

ក្រុមហ៊ុន Mazda ឲ្យ​ដឹង​ថា រថយន្ត ៧២ ​គ្រឿង ឬ​ស្មើនឹង ៣,៨ ​ភាគរយ​នៃ​រថយន្ត​ដែល​ស្ថិត​ក្នុង​រថយន្ត​សំណាក​របស់​ខ្លួន​ត្រូវ​រង​ប៉ះពាល់​ក្នុង​ករណី​បន្លំ​ទិន្នន័យ​នេះ ខណៈ​ក្រុមហ៊ុន Yamaha បាន​ប្រាប់​តួលេខ​ចំនួន ២,១ ​ភាគរយ​នៃ​ម៉ូតូ​ជា​សំណាក​ធ្វើ​តេស្ត​របស់​ខ្លួន​។

ក្រសួង​ឲ្យ​ដឹង​ថា​ខ្លួន​នឹង «​ត្រួតពិនិត្យ​របាយការណ៍​របស់​ពួកគេ និង​ចាត់​វិធានការ​តឹងរ៉ឹង​ប្រសិន​បើ​ចាំបាច់​»​។ ក្រសួង​បន្ត​ថា​ភាគច្រើន​នៃ​ក្រុមហ៊ុន ២០ ផ្សេង​ទៀត​បាន​ស្នើសុំ​ឲ្យ​ត្រួតពិនិត្យ​ទិន្នន័យ​របស់​ពួកគេ​បាន​រាយការណ៍​ថា​មិន​មាន​ការប្រព្រឹត្ត​ខុស​ទេ ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ស្ថិត​ក្នុង​ការស៊ើបអង្កេត​នៅ​ឡើយ​។

ការ​បំភាយ​ឧស្ម័ន​កាបូន​ជា​រឿង​អាស្រូវ​ចុងក្រោយ​បំផុត​មួយ​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ទិន្នន័យ និង​ការរំលោភ​ស្តង់ដារ​ធ្វើ​តេស្ដ​ក្នុង​វិស័យ​រថយន្ត​ជប៉ុន​៕ LA

អត្ថបទគួរចាប់អារម្មណ៍