ក្រុង​តូក្យូៈ ក្រុមហ៊ុន Fujitsu General Ltd ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ត្រជាក់​របស់​​ជប៉ុន​ នឹង​ពង្រីក​ផលិតកម្ម​​របស់​ខ្លួន​​​​តាមរយៈ​ការ​ទិញ​រោងចក្រ​មួយ​នៅ​ជិត​ទីក្រុង​បាងកក​​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​​ផលិត​គ្រឿង​បន្លាស់​រថយន្ត ​និង​ម៉ាស៊ីន​ត្រជាក់​​របស់​ប្រទេស ​ថៃ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​​​បាងកក​ប៉ុស្តិ៍។

ក្រុមហ៊ុន Fujitsu General (Thailand) Co ដែល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​​​​កម្មសិទ្ធិ​ទាំង​ស្រុង​របស់​ក្រុមហ៊ុន​ជប៉ុន Fujitsu General Ltd នឹង​ចំណាយ​​ប្រាក់​ចំនួន ​៦០៦​ លាន​បាត​​ (ប្រហែល ១៩ លាន​ដុល្លារ) សម្រាប់​ការ​ទិញ​​​រោងចក្រ​នេះ​​។ នេះ​បើ​យោងតាម​​​​ឯកសារ​ដែល​ដាក់​ជូន​ផ្សារ​​មូលបត្រ​​​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Fujitsu General (Thailand) នៅ​សប្តាហ៍​មុន។ ​

លោក Takeshi Tobari ​អ្នក​នាំពាក្យ​​ក្រុមហ៊ុន Fujitsu General បាន​ប្រាប់​កាសែត​ជប៉ុន NNA កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​​ទិញ​នេះ​គឺ​ជា ​«​ផ្នែក​មួយ​​​នៃ​ផែនការ​វិនិយោគ​​របស់​យើង​ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​​កំណើន​តម្រូវ​ការ​​​​​ម៉ាស៊ីន​ត្រជាក់​ក្នុង​ពិភព​​លោក ជា​ពិសេស​នៅ​ក្នុង​ទីផ្សារ​អាស៊ី​» ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​អំពី​​ពេលវេលា​នៃ​ការ​ទិញ​រោងចក្រ​​ និង​​ផលិតផល​ដែល​​នឹង​ត្រូវ​ផលិត​នៅ​ក្នុង​រោងចក្រ​នេះ។

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ប្រទេស​​ ​ថៃ ​របស់​ក្រុមហ៊ុន​ Fujitsu General ​មាន​គោល​បំណង​បង្កើន​សមត្ថភាព​ផលិតកម្ម​របស់​ខ្លួន​ដល់​ ១,៥ ​លាន​យូនីត​ក្នុង​មួយ​ឆ្នាំ​គិត​ត្រឹម​​ខែ​មីនា ឆ្នាំ ​២០២១​ ដែល​​កើន​ឡើង​​ចំនួន​ ៥០ ភាគរយ​​ពី​កម្រិត​បច្ចុប្បន្ន។

ក្រុមហ៊ុន​នេះ​មាន​រោងចក្រ​​មួយ​នៅ​សួន​ឧស្សាហកម្ម​ Laem Chabang Industrial Estate ក្នុង​ខេត្ត​ឈុនបុរី ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង​បាងកក ដែល​រោងចក្រ​ SNC ​មាន​ទំហំ ២៧ ០០០ ម៉ែត្រការ៉េ​​ស្ថិត​នៅ ទីនោះ​ផង​ដែរ។

ក្រុមហ៊ុន Fujitsu General (Thailand) ដែល​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ ១៩៩២​ បាន​នាំចេញ​ម៉ាស៊ីន​ត្រជាក់​​​ទៅ​អឺរ៉ុប​​​ព្រម​ទាំង​ទៅ​កាន់​​ប្រទេស​ផ្សេង​ទៀត​​​​ក្នុង​តំបន់​​អាស៊ី​។ នេះ​បើ​យោង​តាម​លោក​ Tobari។​

ក្នុង​ឆ្នាំ ​២០១៦ រោងចក្រ​​នេះ​បាន​វិនិយោគ​ប្រាក់​ចំនួន​ ២​ ពាន់​លាន​យ៉េន (១៨ លាន​ដុល្លារ) ដើម្បី​សាងសង់​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​​ និង​អភិវឌ្ឍន៍​សម្រាប់​​ម៉ាស៊ីន​ត្រជាក់​​បច្ចេកវិទ្យា​ខ្ពស់​​​នៅ​ជិត​រោងចក្រ​របស់​ខ្លួន​​​ក្នុង​សួន​ឧស្សាហកម្ម​នេះ។

ក្រុមហ៊ុន​​​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ​នេះ ​​ប្រតិបត្តិការ​រោងចក្រ​ម៉ាស៊ីន​ត្រជាក់​ចំនួន ​២ នៅ​ក្រៅ​ប្រទេស​ ដែល​រោងចក្រ​ទាំង ២ នេះ​ មាន​ទីតាំង​ស្ថិត​​នៅ​​ប្រទេស​ ​ចិន​​៕ PS