The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ហ៊ុន​ជប៉ុន Renesas ទិញ​ក្រុម​ហ៊ុន​អា​មេ​រិក​តម្លៃ $៦,៧ ពាន់​លាន

ក្រុម​ហ៊ុន​ជប៉ុន Renesas ទិញ​ក្រុម​ហ៊ុន​អា​មេ​រិក​តម្លៃ $៦,៧ ពាន់​លាន

Content image - Phnom Penh Post
រោងចក្រ​របស់​ក្រុមហ៊ុន Renesas នៅ​ជប៉ុន​។ រូបថត AFP

ក្រុម​ហ៊ុន​ជប៉ុន Renesas ទិញ​ក្រុម​ហ៊ុន​អា​មេ​រិក​តម្លៃ $៦,៧ ពាន់​លាន

ក្រុង​តូក្យូៈ ​ក្រុម​ហ៊ុន​ឧប​ករណ៍​​​ពាក់​កណ្ដាល​ចម្លង Renesas Electronics របស់​ប្រ​ទេស​ជប៉ុន កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រ​កាស​​កិច្ច​ព្រម​ព្រៀង​​​មួយ​ដើ​ម្បី​ទិញ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ IDT ដែល​មាន​មូល​ដ្ឋាន​​នៅ​​រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា​ ជា​កិច្ច​ព្រម​ព្រៀង​សាច់​ប្រាក់​សុទ្ធ​ក្នុង​តម្លៃ ៦,៧ ពាន់​លាន​ដុល្លារ​។​

តម្លៃ​ភាគ​ហ៊ុន​របស់​​ក្រុម​ហ៊ុន Renesas បាន​ឡើង​ថ្លៃ ៥,៥​៤ ភាគ​រយ​នៅ​លើ​ព័ត៌​មាន​ មុន​ពេល​​ការ​ធ្លាក់​ចុះ​បន្តិច​វិញ​នៅ​ក្នុង​ការ​ជួញ​ដូរ​ពេល​ជិត​ថ្ងៃ​ត្រង់។​

​​ក្រុម​ហ៊ុន Renesas បាន​ឲ្យ​ដឹង​​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​​មួយ​ថា កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​បញ្ចប់​នៅ​ឆមាស​ទី ១ ឆ្នាំ​ក្រោយ បន្ទាប់​ពី​ទទួល​បាន​ការ​អនុ​ម័ត​​​ដោយ​ភាគ​ទុ​និក​របស់​ក្រុម​ហ៊ុន IDT និង​​អាជ្ញា​ធរ​និ​យត​ករ​ដែល​​ពាក់​​ព័ន្ធ​។

​ក្រុម​ហ៊ុន Renesas បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​គ្រោង​នឹង​ផ្ដល់​ហិ​រញ្ញប្ប​ទាន​ដល់​កិច្ច​ព្រម​​ព្រៀង​​នេះ ដោយ​ប្រើ​ប្រាស់​កម្ចី​ធនា​គារ​ចំនួន ៦៧៩ ពាន់​លាន​​យ៉េន (៦,១ ពាន់​លាន​ដុល្លារ)​ ព្រម​ទាំង​ទុន​បម្រុង​ជា​សាច់​ប្រាក់​សុទ្ធ​មួយ​ចំ​នួន​ផង​ដែរ​។​

​ក្រុម​ហ៊ុន​របស់​ប្រ​ទេស​ជប៉ុន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​ កិច្ច​ព្រម​​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន IDT ដែល​ជា​​ក្រុម​ហ៊ុន​ផលិត​ឧប​ករណ៍​​ពាក់​កណ្ដាល​ចម្លង​ផង​ដែរ​​នោះ គួរ​តែ «​ពង្រឹង​វត្ត​មាន​របស់​ខ្លួន​នៅ​ក្នុង​ឧស្សាហ​​កម្ម​នេះ និង​ផ្នែក​រថ​យន្ត​»​។​

ក្រុម​ហ៊ុន Renesas Electronics ដែល​ជា​ក្រុម​ហ៊ុ​ន​​ផ្គត់​ផ្គង់​​បន្ទះ​ឈីប​ ឧប​ករណ៍​ត្រួត​ពិនិត្យ​ខ្នាត​តូច​សម្រាប់​រថ​យន្ត​ធំ​ជាង​គេ​របស់​ពិ​ភព​លោក​​ ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​ច្រ​បាច់​បញ្ចូល​គ្នា​នូវ​​ផ្នែក​បន្ទះ​ឈីប​របស់​ក្រុម​ហ៊ុន Hitachi ក្រុម​ហ៊ុន Mitsubishi Electric និង​ក្រុម​ហ៊ុន NEC។​

​ក្រុម​ហ៊ុន​នេះ​ដែល​បាន​ទទួល​​រង​ការ​ប្រ​កួត​ប្រ​ជែង​គ្នា​យ៉ាង​ខ្លាំង​ពី​ដៃ​គូ​ប្រ​កួត​​ប្រ​ជែង​តម្លៃ​ទាប​ កាល​ពី​ឆ្នាំ ២០១៣ ត្រូវ​បាន​ផ្ដល់​ជំ​នួយ​សង្គ្រោះ​ដោយ​​មូល​និធិ​​​មួយ​របស់​​រដ្ឋា​ភិបាល។​

​ក្រុម​ហ៊ុន​ដែល​រង​ការ​​ខាត​បង់​មួយ​នេះ​បាន​បង្ខំ​ចិត្ត​​​កាត់​បន្ថយ​ការ​ងារ​ច្រើន​ដែល​រួម​មាន​ទាំង​​ជាង ១ ០០០ នាក់​នៅ​​​អឺរ៉ុប ប៉ុន្តែ​​បាន​ស្ទុះ​ងើប​ឡើង​​វិញ​បន្ទាប់​ពី​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ជា​ថ្មី​ និង​​បាន​ចាប់​ផ្ដើម​ការ​ទិញ​ភាគ​ហ៊ុន​របស់​​ក្រុម​ហ៊ុន​ផ្សេង​ៗ​។​

កាល​ពី​ឆ្នាំ ២០១៦ ក្រុម​ហ៊ុន​នេះ​បានទិញ​ក្រុម​ហ៊ុន Intersil ដែល​ជា​​​ក្រុម​ហ៊ុន​​ផលិត​បន្ទះ​ឈីប​អា​មេ​រិក​​ក្នុង​តម្លៃ ៣,២ ពាន់​លាន​ដុល្លារ​។​

​ក្រុម​ហ៊ុន IDT ដែល​មាន​ឈ្មោះ​​ពេញ​ថា Integrated Device Technology មាន​បុគ្គ​លិក​ ១ ៧០០ នាក់​នៅ​ទូទាំង​ពិ​ភព​លោក​ និង​រក​ប្រាក់​ចំណូល​បាន​ ៨៤២,៨ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៧-២០១៨៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍