ភ្នំពេញៈ ក្រុមហ៊ុន​ជាង ៣៥០ មកពី ៣០ ​ប្រទេស​នៅក្នុង​តំបន់​នឹង​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ពិព័រណ៍ CAMFOOD និង CAMHOTEL ប្រចាំឆ្នាំ​លើក​ទី​ ៦ នៅ​កម្ពុជា​នៅ​ខែ​ក្រោយ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​។

ព្រឹត្តិការណ៍​រយៈពេល​ ៣ ​ថ្ងៃ​ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១៩ ដល់​ថ្ងៃទី​ ២១ ខែ​កញ្ញា​នៅ​កោះពេជ្រ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន AMB Tarsus Exhibition និង​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​។

ព្រឹត្តិការណ៍​នេះ​នឹង​ផ្ដល់​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​នូវ​ឱកាស​មួយ​ដើម្បី​រៀនសូត្រ​ពី​ការអនុវត្ត​ពាណិជ្ជកម្ម​បរទេស ព្រម​ទាំង​បង្ហាញ​ផលិតផល​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។

លោក Andrew Siow នាយក​ក្រុមហ៊ុន AMB Tarsus Exhibitions បាន​ថ្លែង​ថា ពិព័រណ៍​នេះ​នឹង​បង្ហាញ​ពី​វិស័យ​ទាំងអស់​នៃ​ចង្វាក់​ផ្គត់ផ្គង់​អាហារ និង​ភេសជ្ជៈ រហូត​ដល់​សេវា​អាហារ បដិសណ្ឋារកិច្ច និង​ក្រុមហ៊ុន​ផ្ដល់​សេវា​បច្ចេកវិទ្យា​។

លោក​លើក​ឡើង​ថា​៖ «​ទាក់ទង​នឹង​អ្វីៗ​ថ្មី អ្នក​នឹង​មើលឃើញ​នៅ​ឆ្នាំ​នេះ ដំបូង​គឺថា​មាន​តំណាង​ប្រទេស​កាន់តែ​ច្រើន ហើយ​ការរៀបចំ​កាន់តែ​ធំ​នៃ​ការផ្គត់ផ្គង់​ជាពិសេស ការផ្គត់ផ្គង់​កាហ្វេ និង​ឧបករណ៍​ហាង​កាហ្វេ​»​។

ក្រុមហ៊ុន​នានា​មកពី​ប្រទេស​ចិន បារាំង អ៊ីតាលី កូរ៉េ ម៉ាឡេស៊ី កោះ​តៃវ៉ាន់ ថៃ សិង្ហបុរី និង​អាមេរិក​នឹង​ចូលរួម​នៅក្នុង​ពិព័រណ៍​នេះ​។

លោក លូ ម៉េង សហប្រធាន​ក្រុម​ការងារ​វិស័យ​ឯកជន និង​ជា​ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ដែល​រួមមាន​សណ្ឋាគារ អាហារ និង​ភេសជ្ជៈ​នេះ​គឺជា​អ្នក​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ និង​កំណើន​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​ប្រទេស​នេះ​។

លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​មុនពេល​វិនិយោគិន​សម្រេច​​ចិត្ត​វិនិយោគ​នៅ​កម្ពុជា ជំហាន​ដំបូង​ពួកគេ​ត្រូវការ​ធ្វើ​ទស្សនកិច្ច​ដែល​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ជា​អ្នកដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​បម្រើ​ពួកគេ និង​ទាក់ទាញ​ពួកគេ​»​។

លោក​បាន​ថ្លែងថា ពិព័រណ៍​នេះ​ជា​ឱកាស​ដ៏ធំ​មួយ​សម្រាប់​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ក្នុង​ស្រុក​ក្នុង​ការ​រៀនសូត្រ​ពី​របៀប​ក្រុមហ៊ុន​បរទេស​ធ្វើ​ទីផ្សារ និង​យីហោ​ផលិតផល​របស់​ពួកគេ ព្រម​ទាំង​បង្ហាញ​ការអនុវត្ត​ល្អ​​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ​ផង​ដែរ​៕ LA