ភ្នំពេញ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ថៃ​ជាង ៤០០ កំពុង​ពិចារណា​ថា​នឹង​បណ្តាក់ទុន​វិនិយោគ​ និង​ធ្វើ​ជំនួញ​មក​ប្រទេស​កម្ពុជា នៅពេល​ដែល​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ១៩​បាន​ធូរស្រាល។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ បាន​ជួបប្រជុំ​ជាមួយ​សមាគម Thai Subcontracting Promotion Association (Thai Subcon) ដែល​មាន​សមាជិក​ក្រុមហ៊ុន​នវានុវត្ត និង​ឧស្សាហកម្ម​សរុប​ជាង ៤០០ ក្រុមហ៊ុន​ក្នុង​ជំនួប​តាម​ប្រព័ន្ធ Video Conference កាលពី​រសៀល​ថ្ងៃ​សុក្រ ទី ០៧ ខែឧសភា​កន្លងមកនេះ។

ក្នុង​កិច្ចប្រជុំ​នោះ​លោក Kiattisak Jirakajonvong ដែលជា​ប្រធាន​សមាគម​ និង​បាន​ដឹកនាំ​ក្រុមហ៊ុន​ជាច្រើន​ទៀត​ចូលរួម​ដែរនោះ​បាន​ឲ្យ​ដឹងថា សមាគម​របស់លោក​ដែល​មាន​សមាជិក​ដែលជា​ក្រុមហ៊ុន​ចម្រុះ​ជាង ៤០០ មាន​ការចាប់អារម្មណ៍​ជាខ្លាំង​លើ​សក្តានុពល​នៃ​ប្រទេស​កម្ពុជា។ លោក​ថា ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩ ក្រុមហ៊ុន​ទាំងនោះ​នឹង​មក​ស្វែងរក​ឱកាស​វិនិយោគ​ និង​បើក​អាជីវកម្ម​ដោយ​ផ្ទាល់​ក្នុងប្រទេស​កម្ពុជា។

លោក Kiattisak បាន​ស្នើសុំ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ សហការ​រៀបចំ​កម្មវិធី​ជំនួប​ធុរកិច្ច និង​ទស្សនកិច្ច​ស្វ័យ​សិក្សា​នៅតាម​រោងចក្រ​ដែលជា​សមាជិក Thai Subcon និង​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់ឱកាស​ដល់​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ ធ្វើការ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។

លោក អ៊ូក សោភ័ណ បាន​ស្វាគមន៍​សំណើ​ខាងលើ និង​បាន​ជម្រាបជូន​ប្រតិភូ Subcon អំពី​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច យុទ្ធសាស្ត្រ​ថៃ​បូក១ និង​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគាំទ្រ និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច-វិនិយោគ ការធ្វើ​ពិពិធកម្ម​ទីផ្សារ​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគី​ជាមួយ​ប្រទេស​ចិន កូរ៉េខាងត្បូង និង​ការចូល​រួមជាមួយ​ប្លុក RCEP ជាដើម។

លោក​ សោភ័ណ ​ក៏បាន​ជម្រាបជូន​ភាគី​ថៃ​អំពី​សេចក្តីសម្រេច​របស់​អាជ្ញាធរ​ថៃ​ដែល​បាន​អនុញ្ញាត​ឲ្យ​បង្កើតឱ្យមាន​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) ប្រចាំ​ទីក្រុង​បាងកក ដើម្បី​ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា-ថៃ ក៏ដូចជា​ជំរុញ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ សំដៅ​ឆ្លើយតប​បំណងប្រាថ្នា​របស់​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​បាន​ដល់​ទឹកប្រាក់ ១៥ ប៊ីលាន​ដុល្លារ នៅក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩។

លោក​បាន​ថ្លែងថា៖ «យើង​បានរៀបចំ​ផែនការ​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​ធ្វើ​ទំនើបកម្ម​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​ពេញលេញ​ និង​ទាក់ទាញ​អ្នកជំនួញ​ថៃ​ និង​វិនិយោគិន​មក​កម្ពុជា​ឲ្យ​បាន​ច្រើន»។

ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ថៃ​បាន​កើនឡើង​ដល់ ៧,២៣៦ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២០ ធ្លាក់ចុះ ២៣,១៧ ភាគរយ​ធៀប​ឆ្នាំ ២០១៩ ដែល​បណ្តាលមកពី​ការរំខាន​ផ្នែក​សេដ្ឋកិច្ច​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​ថៃ។

ស្ថិតិ​បាន​បង្ហាញថា​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ២០២០ ចំនួន ១,១៤៨ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៤៩,៤៩ ភាគរយ​ និង​បាន​នាំចូល ៦,០៨៩ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ១៤,៨០ ភាគរយ​ពី​ឆ្នាំ ២០១៩។

យោងតាម​លោក អ៊ូក សោភ័ណ ថៃ​ស្ថិត​ក្នុងចំណោម​វិនិយោគិន​ធំជាងគេ​ទាំង ៩ នៅ​កម្ពុជា​ ដោយមាន​ទឹកប្រាក់ ៩៦៧,៨៩ លាន​ដុល្លារ​ក្នុង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ចូលមក​ប្រទេស​កម្ពុជា​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩៤ ដល់​ចុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧៕