The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ជាង ៤០ ចាក​ចេញ​ពី​​ចក្រភព​អង់គ្លេស​ ដោយសារ​ Brexit

ក្រុមហ៊ុន​ជាង ៤០ ចាក​ចេញ​ពី​​ចក្រភព​អង់គ្លេស​ ដោយសារ​ Brexit

Content image - Phnom Penh Post
ក្រុមហ៊ុន​ចំនួន​ជាង ៤០ ផ្លាស់​ប្តូរពី​ចក្រភព​អង់គ្លេស​ទៅ​កាន់​ប្រទេស ​ហូឡង់ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​មិន​ច្បាស់​លាស់​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​ចាក​ចេញ​​​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit)។AFP

ក្រុមហ៊ុន​ជាង ៤០ ចាក​ចេញ​ពី​​ចក្រភព​អង់គ្លេស​ ដោយសារ​ Brexit

ក្រុងឡាអេៈ ក្រុមហ៊ុន​ចំនួន​ជាង ៤០ កាល​ពី​ឆ្នាំ​មុន​បាន​ផ្លាស់​ប្តូរ​ ឬ​បាន​និយាយ​ថា​នឹង​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​របស់​ខ្លួន​ពី​ចក្រភព​អង់គ្លេស​ទៅ​កាន់​ប្រទេស ​ហូឡង់​ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​មិន​ច្បាស់​លាស់​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​ចាក​ចេញ​​​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit)។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​ហូឡង់​កាល​ពី​ថ្ងៃ​សៅរ៍។

ទី​ភ្នាក់ងារ​វិនិយោគ​បរទេស​របស់​ប្រទេស ​ហូឡង់ ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ការ​​ផ្លាស់​ប្តូរ​ទីតាំង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ចំនួន ៤២ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ការងារ​ចិត​ជាង ២ ពាន់​កន្លែង​ និង​មាន​ទឹក​ប្រាក់​វិនិយោគ​​តែ ២៩១ លាន​​អឺរ៉ូ (៣៣០ លាន​​ដុល្លារ) ប៉ុណ្ណោះ។

ភាគ​ច្រើន​នៃ​ក្រុមហ៊ុន​ទាំង​នេះ​គឺ ជា​ក្រុមហ៊ុន​អង់គ្លេស ខណៈ​ដែល​ក្រុមហ៊ុន​មួយ​ចំនួន​មក​ពី​ទ្វីប​អាស៊ី ឬ​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​ហូឡង់​បាន​ស្វាគមន៍​​តួលេខ​នេះ ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​លោក Eric Wiebes បាន​និយាយ​ថា៖ «ដោយ​សារ​ភាព​មិន​ប្រាកដ​ប្រជា​អន្តរជាតិ​ដែល​កំពុង​កើន​ឡើង​ជុំវិញ​ Brexit និង​គោល​នយោបាយ​​ពាណិជ្ជកម្ម​បរទេស​កំពុង​ផ្លាស់​ ប្តូរ​សារៈ​សំខាន់​នៃ​បរិយាកាស​អាជីវកម្ម​ល្អ​របស់​ប្រទេស ​ហូឡង់ ​សម្រាប់​យើង​ទាំង​អស់​គ្នា​​កំពុង​បន្ត​កើន​ឡើង​ជា​លំដាប់»។

ទី​ភ្នាក់ងារ​វិនិយោគ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែល​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​ទាំង​នេះ​រួមាន ធនាគារ​វិនិយោគ​ Norinchukin របស់​បរទេស​ជប៉ុន ក្រុមហ៊ុន​ព័ត៌មាន TVT Media ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ Market Axess និង​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ Azimo និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សមុទ្រ UK P&I។

ទី​ភ្នាក់ងារ​នេះ​បាន​បន្ត​ថា ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នេះ ក៏​កំពុង​សម្លឹង​រក​មើល​ការ​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​មួយ​ចំនួន​នៅ​ទី​កន្លែង​ផ្សេង​ទៀត​​ក្នុង​សហភាព​អឺរ៉ុប​ផង​ដែរ រួម​ទាំង​ប្រទេស ​អាល្លឺម៉ង់ បារាំង និង​ប្រទេស ​អៀរឡង់​។

លើស​ពី​ការ​ផ្លាស់​ប្តូរ​ទីតាំង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ទី​ភ្នាក់ងារ​វេជ្ជសាស្រ្ត​​អឺរ៉ុប (EMA) ដែល​ជា​ទី​ភ្នាក់ងារ​មួយ​របស់​សហភាព​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ផ្លាស់​ប្តូរ​ទីតាំង​របស់​ខ្លួន​ពី​ទីក្រុង​ឡុងដ៍​ទៅ​កាន់​ទីក្រុង​​អាំស្ទែរដាំ​​ផង​ដែរ ដោយ​សារ​​ទី​ភ្នាក់ងារ​នេះ​មិន​អាច​មាន​ភាព​ស្រប​ច្បាប់​នោះ​ទេ​បើ​ស្ថិត​នៅ​ក្នុង​ប្រទេស​ដែល​មិន​មែន​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

ចក្រភព​អង់គ្លេស​គ្រោង​នឹង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី ​២៩ ខែ​មីនា ហើយ​ភាព​មិន​ប្រាកដ​ប្រជា​អំពី​ការ​បង្កើត​កិច្ច​ព្រមព្រៀង​ណា​មួយ​ជា​មួយ​ទីក្រុង​ប្រ៊ុចសែល​នៅ​ត្រឹម​កាល​បរិច្ឆេទ​​​នេះ​បាន​បង្កើត​ឲ្យ​មាន​ភាព ​មិន​ងាយ​ស្រួល​នៅ​ក្នុង​សហគមន៍​​​អាជីវកម្ម​​នេះ ដោយ​ក្រុមហ៊ុន​អង់គ្លេស និង​អន្តរជាតិ​ជា​ច្រើន​បាន​ប្រកាស​រួច​ហើយ​ថា​នឹង​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​ទៅ​ទី​កន្លែង​ផ្សេង​ទៀត​​​ក្នុង​សហភាព​អឺរ៉ុប៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍