ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​បាន​កើន​ដល់​ជិត ៣០០ ហើយ​ចាប់តាំងពី​រដ្ឋាភិបាល​សម្រេច​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពាក់កណ្តាល​ខែមិថុនា​កន្លង​មក​។

ក្រសួង និង​ស្ថាប័នរដ្ឋ​យ៉ាងហោច​ ៦ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែលជា​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​បំផុត​នឹង​ជួយ​បង្កើន​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែកក្កដា មាន​ក្រុមហ៊ុន​សរុប ២៨៧ បាន​ចុះបញ្ជី​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ប្រកប​ដោយ​ជោគជ័យ និង ៣២៣ ក្រុមហ៊ុន​ផ្សេងទៀត​ក្រសួង​កំពុង​ពិនិត្យ​។ ជា​មធ្យម​ក្រុមហ៊ុន​ទាំងនេះ​ចំណាយពេល ៨ ​ថ្ងៃ ដើម្បី​ចុះបញ្ជី​អាជីវកម្ម​។

លោក​ថ្លែងថា​៖ «​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ប្រព័ន្ធ​នេះ​គឺជា​កិច្ចការ​មួយ​ដែល​បាន​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ស្រប​នឹង​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម ៤.០ ​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​ទំនើបកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​»​។

លោក​បន្តថា ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បំពេញ​ទម្រង់​ចុះបញ្ជី​អាជីវកម្ម​តែ ១ ​លើក​គត់​ដោយ​ចំណាយពេល​យ៉ាងយូរ ៨ ​ថ្ងៃ​។ លោក​ថ្លែងថា​៖ «​នេះ​ជា​គោលដៅ​បង្កើត​បរិស្ថាន​វិនិយោគ​ឲ្យ​បានល្អ​ប្រសើរ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ឲ្យ​កាន់តែ​ច្រើន​ចូលមក​កម្ពុជា​។ នេះ​ជា​កាតព្វកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច​ដែល​ចង់​ឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ យើង​ក៏​ចង់​ឲ្យ​សេដ្ឋកិច្ច​យើង​រីកចម្រើន ដោយ​លក្ខខណ្ឌ​នៃ​ការវិនិយោគ​ល្អ ដូច្នេះ​យើង​បាន​កាត់បន្ថយ​ភាពស្មុគស្មាញ​ជាច្រើន​»​។

លោក​បញ្ជាក់ថា រាល់​ទិន្នន័យ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​នឹង​ត្រូវ​បញ្ជូន​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្រសួង​សេដ្ឋកិច្ច ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ពិនិត្យ និង​អនុម័ត​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា ការចុះបញ្ជី​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នឹង​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ និង​ចំណេញ​ពេល​។

លោក​និយាយថា​៖ «​នេះ​ជា​ជោគជ័យ​មួយទៀត​របស់​រដ្ឋាភិបាល​ហើយ​ក្នុងនាម​ក្រសួង​ស្ថិតក្នុង​ចង្កោម​អ្នកអនុវត្តន៍​នៃ​ប្រព័ន្ធ​ចុះបញ្ជី​នេះ យើង​មាន​សេចក្តី​រីករាយ​ដែល​ប្រព័ន្ធ​នេះ​ដំណើរការ​យ៉ាង​រលូន​។ យើង​សូម​អំពាវនាវ​ឲ្យ​អាជីវករ និង​វិនិយោគិន បើក​ក្រុមហ៊ុន​នៅ​កម្ពុជា មេត្តា​ប្រើ​ប្រព័ន្ធ​នេះ​ដើម្បី​ចុះបញ្ជី​ដែល​លឿន​រហ័ស និង​សន្សំសំចៃ​ថវិកា​»៕