ភ្នំពេញៈ ក្រុមហ៊ុន​ជិត ៥០ បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ជោគជ័យ​ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពាក់កណ្តាល​ខែមិថុនា​។

ក្រសួង និង​ស្ថាប័នរដ្ឋ​យ៉ាងហោច​ ៦ ត្រូវ​បាន​ដាក់​បញ្ជូល​ទៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែលជា​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​បំផុត នឹង​ជួយ​លើកកម្ពស់​ការចុះបញ្ជី និង​កាត់បន្ថយ​អំពើពុករលួយ​។

លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​រៀបចំ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចំនួន ៤៧ បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ជោគជ័យ​គិត​ត្រឹម​សប្តាហ៍​ទី​ ២ ក្នុង​ខែកក្កដា​នេះ​។ លោក​ថ្លែងថា​៖ «​ការចុះបញ្ជី​នេះ​គ្មានអ្វី​ស្មុគស្មាញ​ទេ​។ នេះ​ជា​ឱកាស​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​»​។

លោក​បន្តថា ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បំពេញ​ទម្រង់​ចុះបញ្ជី​អាជីវកម្ម​តែ ១ ​លើក​គត់​ដោយ​ចំណាយពេល​យ៉ាងយូរ​ត្រឹម​ ៨ ​ថ្ងៃ​។ លោក​បន្តថា រាល់​ទិន្នន័យ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​នឹង​បញ្ជូន​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្រសួង​សេដ្ឋកិច្ច ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​។

លោក​ថ្លែងថា​៖ «​ពីមុន​ការចុះបញ្ជី​ក្រុមហ៊ុន​មួយ​ត្រូវ​ឆ្លង ៣ ​ទៅ ៤ ​ស្ថាប័ន ប៉ុន្តែ​ឥឡូវ​គ្រាន់តែ​ចូលក្នុង​វេបសាយ​មួយ​ដោយ​គ្រាន់តែ​បំពេញ​រាល់​ឯកសារ​ទៅតាម​ការណែនាំ​ក្នុង​រយៈពេល​យ៉ាងយូរ​ ៨ ​ថ្ងៃ​គឺ​រួចរាល់​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នឹង​ជួយ​កាត់​បន្ថយថ្លៃ​ចំណាយ និង​ចំណេញ​ពេលវេលា​។ លោក​បន្តថា នេះ​ជា​ការកែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ក្នុង​ការទាក់ទាញ​វិនិយោគិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ជោគជ័យ​មួយទៀត​របស់​រដ្ឋាភិបាល ហើយ​ក្នុង​នាម​ក្រសួង​មួយ​ស្ថិត​ក្នុង​ចង្កោម​អ្នក​អនុវត្តន៍​នៃ​ប្រព័ន្ធ​ចុះបញ្ជី​នេះ យើង​មាន​សេចក្តី​រីករាយ​ដែល​ប្រព័ន្ធ​នេះ​ដំណើរការ​យ៉ាង​រលូន​។ យើង​សូម​អំពាវនាវ​ឲ្យ​អាជីវករ និង​វិនិយោគិន ដែល​បើក​ក្រុមហ៊ុន​រកស៊ី​នៅ​កម្ពុជា មេត្តា​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដើម្បី​ចុះបញ្ជី​ដែល​លឿន​រហ័ស និង​សន្សំសំចៃ​ថវិកា​ទៀតផង​»៕ LA