ភ្នំពេញៈ ក្រុមហ៊ុនថ្មី និងក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) នឹងទទួលបានការកាត់បន្ថយពន្ធដ៏ច្រើនពីរដ្ឋាភិបាលកម្ពុជា ដែលជាវិធានការមួយក្នុងការជំរុញឲ្យមានសកម្មភាពនៅលើផ្សារហ៊ុន។
អនុក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃ ទី៨ ខែមករា និងបានចេញផ្សាយកាលពីសប្ដាហ៍មុនបានបញ្ជាក់ថា ក្រុមហ៊ុនដែលចុះបញ្ជីនាពេលបច្ចុប្បន្ន និងពេលអនាគតនឹងត្រូវបានផ្ដល់ការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០ ភាគរយក្នុងរយៈពេល ៣ ឆ្នាំដោយអគ្គនាយកដ្ឋានពន្ធដារ (GDT)។
អនុក្រឹត្យបញ្ជាក់ថា៖ «អនុក្រឹត្យនេះសំដៅជំរុញ និងផ្ដល់ការលើកទឹកចិត្តដើម្បីអភិវឌ្ឍវិស័យផ្សារហ៊ុននៅក្នុង ប្រទេសកម្ពុជា។ ក្រុមហ៊ុនសាធារណៈ/សហគ្រាសបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឬមូលបត្របំណុលជាសាធារណៈត្រូវតែដាក់ពាក្យទៅ GDT តាមរយៈគណៈកម្មការមូលបត្រកម្ពុជា (SECC) ដើម្បីទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០ ភាគរយក្នុងរយៈពេល ៣ ឆ្នាំ»។
ពន្ធលើប្រាក់ចំណេញរបស់កម្ពុជាមានចំនួន ២០ ភាគរយសម្រាប់អាជីវកម្មទូទៅ ចំនួន ៥ ភាគរយសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង និង ៣០ ភាគរយសម្រាប់ក្រុមហ៊ុនប្រេង ឧស្ម័ន និងធនធានធម្មជាតិ។
ក្រុមហ៊ុនដែលទទួលបានការលើកទឹកចិត្តរួចហើយពីរដ្ឋាភិបាល ដូចជាការវិនិយោគទ្រង់ទ្រាយធំ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការលើកលែងពន្ធប្រាក់ចំណេញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងមិនទទួលបានការលើកទឹកចិត្តពន្ធ ៥០ ភាគរយថ្មីនេះទេ។ ពន្ធមិនផ្ទាល់ដូចជាពន្ធលើតម្លៃបន្ថែម ១០ ភាគរយក៏មិនបានទទួលការបញ្ចុះតម្លៃពន្ធនេះដែរ។
ប៉ុន្តែការកាត់បន្ថយពន្ធនេះមិនបញ្ឈប់ត្រឹមក្រុមហ៊ុនជួញដូរក្នុងផ្សារហ៊ុនទេ។ វិនិយោគិនក្នុងក្រុមហ៊ុនចុះបញ្ជីក៏នឹងទទួលបានការកាត់បន្ថយពន្ធកាត់ទុក ៥០ ភាគរយ លើការប្រាក់ (យកពន្ធ ១៤ ភាគរយ) ភាគលាភ (យកពន្ធ១៤ ភាគរយ) ដែលបានកាន់កាប់ឬការទិញលក់មូលបត្ររដ្ឋ មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលរយៈពេល ៣ ឆ្នាំគិតចាប់ពីអនុក្រឹត្យនេះចូលជាធរមាន។
អនុក្រឹត្យបានព្រមានថា៖ «GDT នឹងស្នើសុំឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈ SECC បញ្ចប់ការលើកទឹកចិត្តពន្ធដារ និងការលើកលែងពន្ធផ្សេងទៀតនៅក្នុងករណីដែលក្រុមហ៊ុន/សហគ្រាសសាធារណៈណាមួយមិនដាក់ជូនលិខិតប្រកាសពន្ធរបស់ខ្លួនប្រចាំខែ និងបង់ពន្ធរបស់ខ្លួនប្រចាំខែ»។
លោក Douglas Clayton អគ្គនាយកក្រុមហ៊ុន Leopard Capital ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេ បានថ្លែងថា ការកាត់បន្ថយពន្ធជារឿងធម្មតានៅក្នុងទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀត។ លោកបន្តថា៖ «ប៉ុន្តែការកាត់បន្ថយពន្ធ ៥០ ភាគរយគឺច្រើនបំផុតហើយ»។
លោក Clayton បន្ថែមថា តម្លៃពន្ធលើប្រាក់ចំណេញ ២០ ភាគរយរបស់កម្ពុជាបើប្រៀបធៀបជាមួយបណ្ដាប្រទេសផ្សេងទៀតគឺទាប រាល់ការកាត់បន្ថយពន្ធត្រូវតែធ្វើឲ្យបានច្រើនដើម្បីទាក់ទាញក្រុមហ៊ុនថ្មីៗមកចុះបញ្ជីលើផ្សារហ៊ុន ដែលបច្ចុប្បន្នមានតែក្រុមហ៊ុនពីរប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «នេះគឺជាវិធានការទទួលបានការស្វាគមន៍ប៉ុន្តែថា តើវាបញ្ជាក់ពីភាពគ្រប់គ្រាន់ក្នុងការជំរុញឲ្យក្រុមហ៊ុនឯកជនចូលក្នុង CSX ឬយ៉ាងណានោះត្រូវតែចាំមើលសិន»។
នៅចន្លោះ ឆ្នាំ២០០៤ និង ឆ្នាំ២០០៦ ប្រទេសវៀតណាម បានអនុវត្តការកាត់បន្ថយពន្ធ ៥០ ភាគរយលើពន្ធលើប្រាក់ចំណេញ (CIT)។ នេះបើយោងទៅតាមក្រុមហ៊ុនច្បាប់ពន្ធ ពិភពលោក DFDL។ ទន្ទឹមនឹងនេះ ថ្មីៗប្រទេសថៃ ក៏ផ្ដល់ក្រុមហ៊ុនចុះបញ្ជីនូវការកាត់បន្ថយ CIT រយៈពេល ៣ឆ្នាំ ផងដែរ។
លោក Luke អនុប្រធានគ្រប់គ្រងទូទៅផ្នែកជើងសាររបស់ក្រុមហ៊ុនមូលបត្រភ្នំពេញ (PPS) បានថ្លែងថា៖ «វានឹងផ្លាស់ប្តូរចិត្តគំនិតរបស់ទីផ្សារហ៊ុនជាបណ្ដើរ។ វិនិយោគិននឹងមានសុទិដ្ឋិនិយមកាន់តែខ្លាំង»។
លោក ស្វាយ ហៃ អគ្គនាយកក្រុមហ៊ុនមូលបត្រអេស៊ីលីដា បានថ្លែងថា វិធានការរបស់រដ្ឋាភិបាលគឺមានបំណងធំក្នុងការទាក់ទាញក្រុមហ៊ុនក្នុងស្រុកកាន់តែច្រើនដើម្បីចាប់ផ្ដើមដំណើរការ IPO។
លោកបញ្ជាក់ថា៖ «វាផ្ដល់ឲ្យក្រុមហ៊ុនទាំងនេះនូវឱកាសដ៏មានសក្ដានុពលកាន់តែច្រើនដើម្បីចាប់ផ្ដើមដំណើរការ IPO»។ លោកលើកឡើងថា៖ «ការលើកលែងពន្ធអាចទាក់ទាញវិនិយោគិនកាន់តែច្រើននៅរយៈពេលខ្លី ប៉ុន្តែចាប់ពីអ្វីដែលយើងបានឮក្រុមហ៊ុនជាច្រើននៅតែមានបំណងចង់រង់ចាំការធ្វើពិពិធកម្មទីផ្សារ IPO ថ្មីនេះ»៕