ភ្នំពេញៈ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ ​JT ​Capital​ បាន​បើក​ប្រតិបត្តិ​ការ​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​ ដែល​វា​បាន​ក្លាយ​ជា​ ក្រុមហ៊ុន​ជួញដូរ​ក្នុង​ទីផ្សារ​ឧបករណ៍​ និស្សន្ទ​ថ្មី​មួយ​​ទៀត​​នៅ​ក្នុង​ទីផ្សារ​ដ៏​ក្មេង​ខ្ចី​របស់​កម្ពុជា​បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​រួច​មក​​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា ​(SECC)​។

ថ្លែង​ក្នុង​ពិធី​បើក​ដំណើរការ​សេវា​នេះ​របស់​ក្រុមហ៊ុន​ លោក​ ស៊ូ ​សុជាតិ ​អគ្គនាយក​ SECC បាន​និយាយ​ថា សកម្មភាព​ជួញដូរ​នៅ​ក្នុង​វិស័យ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ ​២០១៨។

លោក ​សុជាតិ​ មិន​បាន​បញ្ជាក់​ពី​ចំនួន​ពិត​នៃ​ប្រតិបត្តិការ​ក្នុង​ការ​ជួញដូរ​ឧបករណ៍​និស្សន្ទ​នេះ​ទេ​ ប៉ុន្តែ​លោក​និយាយ​ថា​ ប្រតិបត្តិការ​តែ​ក្នុង​ឆ្នាំ ​២០១៨ ​មាន​រហូត​ដល់ ​២ ០០០ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៧​។​

បើ​យោង​តាម​លោក ​ស៊ូ ​សុជាតិ ​ការ​កើន​ឡើង​ដ៏​ធំ​នៅ​ក្នុង​ប្រតិបត្តិការ​ជួញដូរ​នេះ​គឺ​ដោយសារ​តែ ​SECC​ មាន​បទ​ប្បញ្ញត្តិ​ល្អ ​ និង​កំណើន​ទំនុក​ចិត្ត​ក្នុង​ចំណោម​វិនិយោគិន។​

ការ​ជួញដូរ​ឧបករណ៍​និស្សន្ទ​មាន​ភាគី ​២ សំខាន់ៗ ​រួម​មាន​ឈ្មួញ​កណ្តាល ​និង​សមភាគី​កណ្តាល​ ដែល​ដើរ​តួ​ជា​ទីផ្សារ​ជួញដូរ​។​

យោងតាម ​បទប្បញ្ញត្តិ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​​ចុង​ឆ្នាំ ​២០១៥​ រាល់​ក្រុមហ៊ុន​ឈ្មួញ​កណ្តាល​ទាំង​អស់​នៅ​ក្នុង​វិស័យ​នេះ​ត្រូវ​មាន​ទុន​ចុះបញ្ជី​ ២៥០ ​០០០ ​ដុល្លារ ​ខណៈ​ក្រុមហ៊ុន​សមភាគី​ត្រូវ​មាន ​៥ ​លាន​ដុល្លារ​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ ១០ ​នៅ​ក្នុង​វិស័យ​នេះ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ហើយ​ក្រុមហ៊ុន​សមភាគី​កណ្តាល​មាន​ ៤។​ កាល​ពី​ខែ​ មីនា​ ឆ្នាំ ២០១៧ ​SECC ​បាន​កំណត់​ឲ្យ​មាន​ក្រុមហ៊ុន​សមភាគី​កណ្តាល​ក្នុង​វិស័យ​នេះ​តែ ​៤ ​ប៉ុណ្ណោះ ​ដោយ​លើក​ឡើង​ថា ​គ្រប់គ្រាន់​សម្រាប់​វិស័យ​នេះ៕