ភ្នំពេញៈ ​ក្រុមហ៊ុន​ Meal ​Temple Group ជា​កម្មវិធី​ ដឹក​ជញ្ជូន​អាហារ​ដំបូង​គេ​នៅ​កម្ពុជា​បាន​​ប្រកាស​ថា ក្រុមហ៊ុន​បាន​​ទិញ​ភាគហ៊ុន​សេវា​ដឹក​ជញ្ជូន​អាហារ​​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស ​ឡាវ MyDelivery.la ​ដែល​ជា​ផ្នែក​​មួយ​របស់​ក្រុមហ៊ុន Kiwi​ Group។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន Meal Temple Group បាន​ប្រើប្រាស់​មូលនិធិ​នៅ​របស់​ខ្លួន​ដែល​​រក​​បាន​​ពី​​រៃ​អង្គាស​ពី​ក្រុម​វិនិយោគិន​​អន្តរជាតិ ​កាល​ពី​ចុង​ឆ្នាំ ​២០១​៨ ​ដើម្បី​រៀបចំ​ការ​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ។​​

ជា​មួយ​នឹង​ការ​ដឹក​ជញ្ជូន​ប្រចាំ​ថ្ងៃ​ជាង ​៣០០ ​ដង​ពី​ភោជនីយដ្ឋាន​ជាង ​២០០ ​នៅ​ទីក្រុង​វៀងចន្ទន៍ ​ក្រុមហ៊ុន​ Meal Temple Group នឹង​បន្ត​ប្រតិបត្តិការ​របស់​ MyDelivery.la ​ដែល​មាន​ស្រាប់ និង​បន្ថែម​កាន់​តែ​ច្រើន​​លើ​តម្រូវ​ការ​​ដឹក​ជញ្ជូន​ និង​​សេវា​ឡូជីស្ទិក ​ដូច​ជា​​ការ​ដឹក​ជញ្ជូន​អាហារ​ជា​ដើម​។​

លោក ​Maxime ​Rosburge​r ​អគ្គ​នាយក ​និង​ស្ថាបនិក​ក្រុមហ៊ុន Meal Temple Group បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា ៖ «​យើង​ពិត​ជា​​រីករាយ​ជា​មួយ​នឹង​​ការ​ទិញ​ភាគហ៊ុន​លើក​ដំបូង​​នេះ ដែល​ជា​សសរស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរស្ដម្ភ​ជា​ច្រើន​នៃ​យុទ្ធសាស្ដ្រ​របស់​យើង​​ក្នុង​ការ​គ្រប​ដណ្ដប់​ទីផ្សារ​ជួរ​មុខ​របស់​អាស៊ី ​និង​ពង្រីក​ការ​បង្កើត​ជំនាញ​របស់​យើង ​និង​បច្ចេក​វិទ្យា​ក្នុង​តំបន់​»។

លោក​បន្តថា MyDelivery.la នឹង​បន្ត​ប្រតិបត្តិ​ការ​ស្ថិត​ក្រោម​ឈ្មោះ​ផ្ទាល់​របស់​ខ្លួន​។​

ក្រុមហ៊ុន Meal Temple Group យល់​ព្រម​លើ​ភាព​ជា​ដៃគូ​ផ្ដាច់​មុខ​ជា​មួយ​​ក្រុមហ៊ុន Kiwi Group និង​​ Kiwi Pay ជា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​​បង្កើត​ថ្មី​​របស់​ខ្លួន​ដើម្បី​ប្រើប្រាស់​​សេវា​របស់​ពួក​គេ​​​ដើម្បី​ដោះ​​ស្រាយ​ការ​ទូទាត់​ប្រកប​ដោយ​សុវត្ថិភាព​តាម​អនឡាញ​។ នេះ​បើ​​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​។

លោក Gregory Schmidt អគ្គ​នាយក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Kiwi Group​ និង​ក្រុមហ៊ុន​ Kiwi Pay បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​នេះ​នៅ​ពេល​នេះ​កំពុង​ផ្ដោត​លើ​ផលិតផល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស ​ឡាវ។​​

លោក​ថ្លែង​ថា៖ «​នេះ​គឺ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​ពិត​ប្រាកដ​មួយ ដើម្បី​នាំយក​ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​នីមួយៗ​សម្រាប់​សក្ដានុពល​ពាណិជ្ជកម្ម​ដែល​​មិន​ទាន់​ប្រើប្រាស់​ក្នុង​ប្រទេស​ ឡាវ​»​។​

ក្រុមហ៊ុន Meal Temple ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​កាល​​ពី​ឆ្នាំ ២០១៣ ដោយ​សហគ្រិន​ជនជាតិ​បារាំង​វ័យ​ក្មេង​ ៣ ​នាក់ និង​ជា​សេវា​នាំមុខ​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​អាហារ​នៅ​កម្ពុជា​។​

បច្ចុប្បន្ន​សេវា​បែប​​នេះ​បាន​នឹង​​​កំពុង​​​ក្លាយ​ជា​អាជីវកម្ម​ ដឹក​ជញ្ជូន​នៅ​ក្នុង​វិស័យ​អាហារ​​ ដែល​រីក​ចម្រើន​រហ័ស​របស់​​ប្រទេស ​កម្ពុជា​។​

ដោយ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ​២០១៦ Nham24 សេវា​ដឹក​​ជញ្ជូន​អាហារ​ផ្សេង​ទៀត​ ដែល​បច្ចុប្បន្ន​ប្រតិបត្តិការ​​នៅ​ភ្នំពេញ​ និង​សៀមរាប ​និង​សហការ​ជា​មួយ​ភោជនីយដ្ឋាន​​ជាង ​៥៥០​។ សេវា​​ដឹក​ជញ្ជូន​អាហារ​ទី៣​ នៅ​​ក្នុង​​ឧស្សាហកម្ម​នេះ​ គឺ Muuve Delivery ដែល​ទើប​នឹង​ចាប់​ផ្ដើម​​ដំណើរការ​រយៈ​ពេល ​៤ ខែ​​កន្លង​មក​នេះ៕​LA