The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ដែក​ថែប​ដ៏​ធំ​របស់​ចិន ​នឹង​មក​កម្ពុជា

ក្រុមហ៊ុន​ដែក​ថែប​ដ៏​ធំ​របស់​ចិន ​នឹង​មក​កម្ពុជា

Content image - Phnom Penh Post
អគារ​ដែល​កំពុង​ដំណើរការ​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ខែ​មេសា។ កំណើន​វិស័យ​សំណង់​ធ្វើ​ឲ្យ​កម្ពុជា​មាន​តម្រូវការ​ដែក​ថែប​កាន់​តែ​ច្រើន។ ហេង ជីវ័ន

ក្រុមហ៊ុន​ដែក​ថែប​ដ៏​ធំ​របស់​ចិន ​នឹង​មក​កម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​ដែក​ថែប​​​ចិន​ Baowu ​Group​ បាន​បង្ហាញ​ផែនការ​ក្នុង​ការ​រើ​រោងចក្រ​ចម្រាញ់​ដែក​របស់​ខ្លួន​ពី​​តំបន់ ​Xinjiang របស់​ចិន ​​មក​​កម្ពុជា​ ដែល​នឹង​ក្លាយ​ជា​គម្រោង​ផលិតកម្ម​នៅ​ក្រៅ​ប្រទេស​ដំបូង​គេ​​របស់​​ក្រុមហ៊ុន Baowu​។​ នេះ​​បើ​​តាម​សេចក្តី​រាយការណ៍​របស់ Reuters។ គម្រោង​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្រ្តី​ពាណិជ្ជកម្ម​ និង​តំណាង​វិស័យ​ឯកជន​កម្ពុជា ជា​អ្វី​ដែល​គេ​រំ​ពឹង​ថា​ផលិតកម្ម​ដែក​ថែប​នេះ​នឹង​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​ដែក​នៅ​ក្នុង​ស្រុក​ដែល​កំពុង​កើន​ឡើង​។​ កំណើន​វិស័យ​សំណង់​នៅ​កម្ពុជា​ បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​ដែក​កើន​ឡើង​យ៉ាង​ខ្លាំង ​តែ​កន្លង​មក​សម្ភារ​នេះ​ត្រូវ​បាន​ពឹង​ផ្អែក​លើ​​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​។

សេចក្តី​រាយការណ៍​បាន​​​ដក​ស្រង់​សម្តី​ប្រធាន​ផ្នែក​​ផលិតកម្ម​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ Baowu បាន​ឲ្យ​ដឹង​​ថា​​ ​ក្រុមហ៊ុន Baowu កំពុង​ស្វែងរក​លទ្ធភាព​នៃ​ការ​ដឹក​ជញ្ជូន​ឡ​ចម្រាញ់​ដែក ​២​ ដោយ​មាន​សមត្ថភាព​រួម​បញ្ចូល​គ្នា​ស្មើ​នឹង ៣,១ ​លាន​តោន រួម​ជាមួយ​នឹង​ឧបករណ៍​បំប្លែង​ដែក​ទៅ​ជា​ដែក​ថែប​ ​មក​ប្រទេស ​កម្ពុជា ​​នៅ​ចុង​ឆ្នាំ ​២០១៩។ ​ប្រធាន​ផ្នែក​រូប​នេះ សូម​មិន​​បង្ហាញ​​​ឈ្មោះ​ ដោយសារ​តែ​លោក​​មិន​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ព័ត៌មាន​។

របាយ​ការណ៍​នេះ​បន្ត​ថា ​គ្រឿង​ម៉ាស៊ីន​នេះ​ នឹង​យក​មក​ពី​រោងចក្រ​​ Xinjiang Bayi Nanjiang Steel Baicheng Co Ltd ​ដែល​ជា​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​​ក្រុមហ៊ុន Baowu មាន​មូលដ្ឋាន​នៅ​តំបន់​ Aksu នៅ​ភាគ​ពាយព្យ​របស់​​ប្រទេស ​ចិន​។​ រោងចក្រ​នេះ​ត្រូវ​បាន​បិទ​ទ្វារ​​កាល​ពី​ឆ្នាំ ​២០១៧។​ លោក​ថ្លែង​ថា​៖ «ឧបករណ៍​នេះ​អាច​ត្រូវ​បាន​មើល​ឃើញ​ថា​ ហួស​សម័យ​នៅ​ក្នុង​ប្រទេស ​ចិន ​ប៉ុន្តែ​វា​នៅ​តែ​ទំនើប​​មួយ​សម្រាប់​​ផលិតកម្ម​នៅ​​ក្នុង​ប្រទេស​ ​កម្ពុជា​»។

វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា​ កំពុង​រីក​ចម្រើន​យ៉ាង​រហ័ស​ដែល​ធ្វើ​ឲ្យ​តម្រូវ​ការ​ដែក​ថែប​កើន​ឡើង​យ៉ាង​ខ្លាំង​ដែរ។ ​ប្រទេស ​កម្ពុជា ​បាន​ក្លាយ​ជា​​ប្រទេស​នាំចូល​ដែក​ថែប​ពី​វៀតណាម​​ឈាន​មុខ​គេ​ ដែល​ស្រូប​យក​ជិត​ ៤០ ​ភាគរយ ​​នៃ​អ្វី​ដែល​​វៀតណាម​​បាន​នាំចេញ​​ក្នុង​រយៈពេល ​៧ ​ខែ​ដំបូង​នា​ឆ្នាំ ​២០១៨ ​កន្លង​ទៅ​។​ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​អាជ្ញាធរ​គយ​របស់​ប្រទេស ​វៀតណាម។​

ក្នុង​អំឡុង​ពេល​នេះ​ ប្រទេស ​កម្ពុជា ​នាំចូល​ដែក​ថែប​​មក​ពី​ប្រទេស ​វៀតណាម ​ចំនួន​ ៧១៧ ៥៧២​ តោន​ កើន​ឡើង ​៤៩ ​ភាគរយ​ ធៀប​នឹង​រយៈពេល ​៧ ខែ ​ដំបូង​កាល​ពី​ឆ្នាំ ​២០១៧​។​ ទាក់ទង​នឹង​តម្លៃ​វិញ​ ការ​នាំចូល​នេះ​មាន​​តម្លៃ​ ៤៦២,​៧៣​ លាន​ដុល្លារ​ កើន​ឡើង ​៧៧,​៩​ ភាគរយ។​

លោក ​ស៊ាង ​ថៃ​ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​មាន​ការ​ផលិត​ដែក​ថែប​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​គឺ​ជា​អ្វី​ដែល​​ប្រទេស​នេះ​កំពុង​ស្វែងរក​ ហើយ​អាជ្ញាធរ​នឹង​ស្វាគមន៍​រោងចក្រ​នេះ​។ ​លោក​បន្ថែម​ថា ​ខណៈ​តម្រូវ​ការ​សម្ភារ​សំណង់​កំពុង​កើន​ឡើង មាន​តែ​ស៊ីម៉ងត៍​ប៉ុណ្ណោះ ត្រូវ​បាន​ផ្គត់ផ្គង់​ភាគ​ច្រើន​ដោយ​​ក្រុមហ៊ុន​ក្នុង​ស្រុក ខណៈ​សម្ភារ​ជា​ច្រើន​ពឹង​ផ្អែក​លើ​ការ​នាំចូល​មក​ពី​បរទេស​។​

លោក​ថ្លែង​ថា​៖ «​​​បើ​​ក្រុមហ៊ុន​នេះ​នឹង​ចូល​មក​មែន​​​ គឺ​នឹង​មាន​​​ប្រយោជន៍​ច្រើន​​សម្រាប់​​យើង។​ យើង​ចង់​មាន​ឧស្សាហកម្ម​នេះ​​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​វិស័យ​សំណង់​ដែល​កំពុង​កើន​ឡើង​» ។​

លោក​ លឹម​ ហេង ​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​​កម្ពុជា​ (CCC) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កំណើន​វិស័យ​​សំណង់​នៅ​ក្នុង​​ប្រទេស ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​​វិនិយោគិន​​ចិន ។ ដូច្នេះ​ វា​ជា​ការ​ល្អ​ដែល​វិនិយោគិន​ចិន បង្កើន​រោងចក្រ​ផលិត​ដែក​នៅ​ទី​នេះ​​​។​ លោក​លើក​ឡើង​ថា៖ «​ខ្ញុំ​គិត​ថា ជាង ​៩០ ​ភាគរយ ​នៃ​ការ​ប្រើប្រាស់​​ដែក​ថែប​នៅ​ក្នុង​វិស័យ​សំណង់​របស់​​កម្ពុជា ត្រូវ​បាន​នាំចូល​»។

លោក​បន្ថែម​ថា៖ «​​ប្រសិន​បើ​គម្រោង​នេះ​​ចេញ​ជា​រូបរាង​មែន​ វា​ល្អ​​ក្នុង​ការ​ផ្គត់ផ្គង់​ដែក​ថែប​ដល់​ទីផ្សារ​ក្នុង​ស្រុក​ ហើយ​វា​នឹង​ជួយ​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​កម្ពុជា​»។

យ៉ាង​ណា​ក៏​ដោយ​ ​​អ្នក​វិភាគ​មួយ​រូប​​នៅ​ប្រទេស ​ចិន​ បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ឧស្សាហកម្ម​ដែក​ថែប​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ទាំង​ការ​ដឹក​ជញ្ជូន ឬ​ការ​ផលិត​ថ្មី ​​មាន​បញ្ហា​ប្រឈម​ច្រើន​។​

ទោះបី​យ៉ាង​នេះ​ក្តី​លោក ​Ming He អ្នក​វិភាគ​នៅ​ក្រុមហ៊ុន​ Wood Mackenzie មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​បាន​ប្រាប់​ទីភ្នាក់ងារ​ Reuters ថា​៖ «​​វា​នឹង​មាន​ការ​ពិបាក​ខ្លាំង​ ក្នុង​ការ​​បង្កើត​រោងចក្រ​ដែក​ថែប​​នៅ​ក្នុង​ប្រទេស​ ​កម្ពុជា ដោយសារ​តែ​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូច​ជា ​ផ្លូវដែក​ និង​ឧបករណ៍​ប្រើប្រាស់​ និង​បរិយាកាស​​វិនិយោគ​​ដែល​មិន​សូវ​ល្អ​​»៕ ​LA

អត្ថបទគួរចាប់អារម្មណ៍