ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ការ​ពិន័យ​ជា​ប្រាក់​ចាប់​ពី ២ សែន​រៀល ដល់ ១០ លាន​រៀល​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់​នានា​ស្តីពី​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​បណ្តា​អាជីវកម្ម​ទាំង​នោះ​មិន​បាន​អនុលោម​តាម។

យោងតាម​ប្រកាស​អន្តរ​ក្រសួង ស្តីពី​ការ​ពិន័យ​ជា​ប្រាក់​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ទី​ ១២ និង​ត្រូវ​បាន​ចេញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ការ​ពិន័យ​ជា​ប្រាក់​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​បាន​អនុវត្ត​ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង បញ្ជី​ពាណិជ្ជកម្ម ច្បាប់​ស្តី​ពីម៉ាក ពាណិជ្ជនាម និង​អំពើ​នៃ​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់ ច្បាប់​ស្តី​ពី​សហគ្រាស​ពាណិជ្ជកម្ម និង ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រម​ទាំង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ជា​ធរមាន។

សម្រាប់​ការ​ផាក​ពិន័យ​ត្រូវ​បាន​កំណត់​ជា ៧ ប្រភេទ​ដែល​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ខុស​គ្នា​ទៅ​តាម​កម្រិត​នៃ​បទ​ល្មើស​នីមួយៗ​មាន​ដូចជា៖ ការ​មិន​បាន​ចុះ​បញ្ជី​កែប្រែ ការ​ផ្លាស់​ប្តូរ​ផ្សេងៗ នៅ​ក្រសួង​ពាណិជ្ជកម្ម ១ លាន​រៀល; ការ​មិន​តម្កល់​ទុក​ប្រតិវេទន៍​ប្រចាំ​ឆ្នាំ ២ លាន​រៀល; ការ​ផ្តល់​ព័ត៌មាន​មិន​ពិត និង​ការ​ក្លែង​បន្លំ​ឯកសារ​តម្រូវ សម្រាប់​ការ​ចុះ​បញ្ជី ១ លាន​រៀល; ការ​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជ កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ដោយ​គ្មាន​ការ​អនុញ្ញាត ១០ លាន​រៀល; ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​លើ​របាយការណ៍ កំណត់​ហេតុ ឬ ឯកសារ​ផ្សេង​ទៀត​របស់ ក្រុមហ៊ុន ដែលត្រូវ​ផ្ញើ​មក​តម្កល់​ទុក​នៅ​ក្រសួង ពាណិជ្ជកម្ម ២ លាន​រៀល; ការ​មិន​បាន​បញ្ជូន​ច្បាប់​ចម្លង របាយការណ៍​ហិរញ្ញ​វត្ថុ​មក​តម្កល់​នៅ​ក្រសួង ពាណិជ្ជកម្ម ២ លាន​រៀល; និង ការ​ស្នើ​សុំ​ចុះ​បញ្ជី​ម៉ាក​សាជាថ្មី ហួសរយៈពេល​កំណត់​លើស​ពី ៦​ខែ ២ សែន​រៀល។

ប្រកាស​ដដែល​អះអាង​ថា៖ ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​រៀប​ចំ​គម្រោង​ចំណូល​ពី​ការ​ពិន័យ​ទៅ​តាម​ប្រភេទ​បទល្មើស​នីមួយៗ នៃ​ប្រកាស​អន្តរ​ក្រសួង​នេះ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ប្រចាំ​ឆ្នាំ»។

កាល​ពីថ្ងៃ​ទី ២៤ ឧសភា ក្រសួង​ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី TESLA របស់​អាមេរិក​ដែល​កំពុង​សាងសង់​ការិយាល័យ​តាំង​បង្ហាញ​នៅ​ខណ្ឌ ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ទៅ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង ម៉ាក​រថយន្ត​នៅ​ក្រសួង។

ការជំរុញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីលោក លី គង់ អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម រាជធានី​ភ្នំពេញ និង​ក្រុម​ការងារ​បាន​សហការ​ជាមួយ​នឹង​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​ថ្ងៃទី ២៤ ឧសភា បាន​ចុះ​ត្រួត​ពិនិត្យ​លើ​ទីតាំង​ក្រុមហ៊ុន​ដែល​មាន​ស្លាក​យីហោ TESLA នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី សង្កាត់​កាកាបទី​១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

លោក លី គង់ ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ក្នុង​គោល​បំណង ដើម្បី​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​ខាង​លើ​ធ្វើ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ម៉ាក​រថយន្ត​របស់​ក្រុមហ៊ុន TESLA នៅ​ក្រសួង​ពាណិជ្ជកម្ម ហើយ​ស្នើសុំ​ការ​អនុញ្ញាត​លើក​ស្លាក​យីហោ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោកប្រាប់​ភ្នំពេញ ប៉ុស្តិ៍ថា៖«យើង​គ្រាន់​តែ​ចុះ​ទៅ​មើល​គាត់​ឲ្យ​ធ្វើ​តាម​ច្បាប់ ប៉ុន្តែ​វា​មិន​ទាន់​មាន​លទ្ធផល​ទេ ចាំ​មើល​ចុះ​ទៅ​មួយ​លើក​ពីរ​លើក​ទៀត ព្រោះ​មិន​ទាន់​បាន​ជួប​ថៅកែ​ផង គេ​កំពុង​ជួស​ជួល»។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ខែ​មេសា ឆ្នាំ​នេះថា​ ក្រសួង​ពុំ​ទាន់​បាន​ទទួល​ការ​ស្នើសុំ​ណា​មួយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី TESLA របស់​អាមេរិក​បោះ​ទី​តាំង​នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ចំនួន​ក្រុមហ៊ុន​និង​សហគ្រាស​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ថ្មី​នៅ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ ២០២០ មាន​ចំនួន ៧ ៨៦០ ធ្លាក់ចុះ ៤០,៧២ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន ១៣ ២៥៩។

ទិន្នន័យ​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​នោះ ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មាន ៥ ៦៧៧ ក្រុមហ៊ុន​ធ្លាក់​ចុះ ៣៩,២៤ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩ មាន​ចំនួន ៩ ៣៤៤។ ចំណែក​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ដល់​សហគ្រាស​ឯកបុគ្គល​ថ្មី​មាន ២ ១៨៣ ធ្លាក់ ៤៤,២៤ ភាគរយ​ពី​ចំនួន ៣ ៩១៥។

ជាមួយគ្នានេះដែរ មាន​ក្រុមហ៊ុន​សហគ្រាស​ចំនួន ៥០០ ត្រូវ​បាន​ស្នើសុំ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ពាណិជ្ជកម្ម​ដែល​ចំនួន​នេះ​កើន​ឡើង ១៨៧ ភាគរយ​ពី ១៧៤ កាល​ពី​ឆ្នាំ ២០១៩៕

វីដេអូ៖